ខេត្តតាកែវ ៖ ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ នៅខេត្តតាកែវ ក្រោមប្រធានបទ គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃសុក្រទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់តម្លៃនៃផលិតផលក្នុងស្រុក ជំរុញសេវាកម្មទេសចរណ៍ និងផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍នៅខេត្តជាប់ដងទន្លេក្នុងព្រះរាជាណាចក្រកម្ពុជា។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ស្ដី បានឲ្យដឹងផងដែរថា នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីបើកជាផ្លូវការព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ ផងដែរ។ នៅក្នុងព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ នៅលើទឹកដីនៃខេត្តតាកែវ ក៏នឹងមានរៀបចំកម្មវិធីសំខាន់ៗដូចជា៖
– ការសម្ដែងផ្ទាល់នូវទស្សនីយភាពសិល្បៈ ការប្រគំតន្ត្រីដោយមានការចូលរួមពីក្រុមសិល្បករ សិល្បការិនី និងតារាចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការឲ្យកាំជ្រួចអបអរព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥។
– ការតាំងពិព័រណ៍សមិទ្ធផលក្នុងវិស័យទេសចរណ៍មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ការតាំងពិព័រណ៍ពាណិជ្ជកម្ម ផលិតផលកសិ-ទេសចរណ៍ និងផលិតផលក្នុងស្រុក ព្រមទាំងការបង្ហាញសមិទ្ធផល និងគម្រោងអភិវឌ្ឍន៍នានារបស់ខេត្តតាកែវ។
– សកម្មភាពកីឡាទេសចរណ៍ ជាលក្ខណៈមហាជនដែលមានសកម្មភាពកីឡាជាច្រើនប្រភេទ រួមជាមួយកម្មវិធីបង្ហោះគោមនៅពេលរាត្រី និងកម្មវិធីកម្សាន្តជាច្រើនផ្សេងៗទៀតផងដែរ។
គួរបញ្ជាក់ថា ការចូលរួមសប្បាយរីករាយនៅក្នុងព្រឹត្តិការណ៍បុណ្យទន្លេទៅបាន ត្រូវបានគេមើលឃើញថា អាស្រ័យដោយប្រទេសជាតិយើងមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ធ្វើ ដំណើរងាយស្រួល លើសពីនេះប្រជាជនកម្ពុជា កាន់តែមានជីវភាពធូរធាពីមួយថ្ងៃទៅមួយថ្ងៃ ដែលកត្តាទាំងអស់នេះ ផ្តល់ឱកាសឱ្យប្រជាជនខ្មែរយើងសប្បាយរីករាយជួបជុំក្រុមគ្រួសារ៕
ដោយ ៖ សិលា