ព័ត៌មានទាន់ហេតុការណ៍៖

សមាជិកសភាបារាំងចង់ឱ្យអាមេរិកប្រគល់សងរូបសំណាកសេរីភាព

ចែករំលែក៖

តំណាងរាស្ត្របារាំងនៅសភាអឺរ៉ុប លោក Raphael Glucksmann បានអំពាវនាវឱ្យអាមេរិកប្រគល់រូបសំណាកសេរីភាពមកវិញ ដោយលើកឡើងពីការផ្លាស់ប្តូរគោលនយោបាយថ្មីៗក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិក Donald Trump ។
លោក Raphael Glucksmann សមាជិកសភាជនជាតិបារាំងបានប្រាប់ហ្វូងមនុស្សកាលពីថ្ងៃទី 16 ខែមីនាថា “ផ្តល់ឱ្យយើងមកវិញនូវរូបសំណាកសេរីភាព…។
លោក Glucksmann គឺជា សមាជិកសភាអឺរ៉ុប ដែលមានទស្សនៈកណ្តាលឆ្វេង និងគាំទ្រអ៊ុយក្រែន។ អ្នកនយោបាយរូបនេះមិនយល់ព្រមចំពោះគោលនយោបាយរបស់ប្រធានាធិបតីអាមេរិក Donald Trump រួមទាំងកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាពអន្តរការីរវាងរុស្ស៊ី និងអ៊ុយក្រែន។
រូបសំណាកសេរីភាពត្រូវបានរចនាឡើងដោយជាងចម្លាក់ជនជាតិបារាំង Frederic Auguste Bartholdi និងសាងសង់ដោយ Gustave Eiffel ។ រូបសំណាកនេះត្រូវបានប្រគល់ឱ្យសហរដ្ឋអាមេរិកដើម្បីរំលឹកខួបលើកទី 100 នៃឯករាជ្យភាពរបស់ខ្លួន។ ចាប់តាំងពីឆ្នាំ 1886 រូបសំណាកនេះបានឈរនៅកំពង់ផែញូវយ៉កជានិមិត្តរូបនៃសេរីភាព និងជាភ្លើងសញ្ញាសម្រាប់ជនអន្តោប្រវេសន៍ដែលស្វែងរកជីវិតប្រសើរជាងមុន។
ទោះជាយ៉ាងណាក៏ដោយ លោក Glucksmann បាននិយាយថា ការផ្លាស់ប្តូរគោលនយោបាយថ្មីៗក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump គឺផ្ទុយទៅនឹងតម្លៃជាមូលដ្ឋានដែលមានរូបសំណាក់តំណាង។
ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករាមក លោក Trump បានធ្វើការផ្លាស់ប្តូរយ៉ាងខ្លាំង ដើម្បីធ្វើកំណែទម្រង់ទីភ្នាក់ងាររដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីជៀសវាងការខ្ជះខ្ជាយថវិកា។ បន្ថែមពីលើការរឹតបន្តឹងការគ្រប់គ្រងជនអន្តោប្រវេសន៍ រដ្ឋបាល Trump ក៏បានបង្កកកម្មវិធីជំនួយបរទេសដែលត្រូវបានចាត់ទុកថាមិនសមស្របនឹងគោលនយោបាយ “America First” របស់គាត់៕ ដោយ៖ ធីរីណា

រូបថត​៖ Reuters


ចែករំលែក៖