ខេត្តកំពង់ស្ពឺ៖ កាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានរៀបចំពិធីបំពាក់កន្សែង ជូនយុវជនកាកបាទក្រហមកម្ពុជា មកពីវិទ្យាល័យទាំង ២៥ ក្នុងខេត្តកំពង់ស្ពឺ ចំនួន ១.២៥០នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានកិត្តិយសាខាកាកបាទក្រហមកម្ពុជាខេត្ត,លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាក បាទក្រហមកម្ពុជា។ ពិធីនេះក៏មានការអញ្ញើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ក្នុងជួរគណៈកិត្តិយសាខា លោក លោកស្រី ក្នុងជួរគណៈកម្មាធិការសាខា ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ទីប្រឹក្សាយុវជន ក្មួយៗយុវជនកាកបាទក្រហមសរុបប្រមាណជា១.៣០០នាក់។
របាយការណ៍បណ្ឌិត ជាម ច័ន្ទសោភ័ណ បានឱ្យដឹងថា ពិធីបំពាក់កន្សែងនាព្រឹកនេះ ជាពិធីបំពាក់ទ្រង់ទ្រាយធំលើកទី១ហើយ រាប់ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៤ នៅ ពេលកាកបាទក្រហមកម្ពុជា សម្រេចបានការចាប់ផ្តើមពង្រីកបណ្តាញយុវជនដល់កម្រិតវិទ្យាល័យ។ លោកបណ្ឌិត បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមគណៈគ្រប់គ្រង សង្ឃឹមយ៉ាងមុតមាំថា ការបំពាក់កន្សែងជូន យុវជនកាកបាទក្រហមកម្ពុជាថ្មី ចំនួន១.២៥០នាក់ នាឱកាសនេះ គឺជាចំណែកថ្មីមួយទៀត ក្នុងការពង្រឹង និងពង្រីកបណ្ដាញយុវជន ដើម្បីលើកកម្ពស់គោលការណ៍គ្រឹះទាំង៧ និងគុណតម្លៃមនុស្សធម៌របស់ចលនា ស្រប តាមវិស័យស្នូលទាំង៤ របស់កាកបាទក្រហមកម្ពុជា» ក៏ជាការបំពេញបន្ថែមនៅតាមវិទ្យាល័យគោលដៅ របស់សាខាផងដែរ។
បន្ទាប់ពីត្រូវបានបំពាក់កន្សែងរួចហើយតំណាងយុវជនកាកបាទក្រហមកម្ពុជា មកពីវិទ្យាល័យទាំង ២៥ក្នុងខេត្តកំពង់ស្ពឺ បានប្តេជ្ញាចិត្ត ដូចខាងក្រោម៖
-ប្រកាន់ភ្ជាប់នៃវប្បធម៌ចែករំលែក ដោយដើរស្របតាមគំនិតដ៏ខ្ពង់ខ្ពស់ប្រកប ដោយព្រហ្មវិហារធម៌ បេះដូងមនុស្សធម៌របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា
-ខិតខំបំពេញកាតព្វកិច្ច និងអនុវត្តការងារមនុស្សធម៌បន្តពីយុវជនជំនាន់មុន ដោយគោរពតាមគោលការណ៍គ្រឹះទាំង៧ និងចក្ខុវិស័យទាំង៤ របស់កាកបាទក្រហមកម្ពុជា
-ពង្រឹងចំណងសាមគ្គីភាពរវាងក្លឹបយុវជនកាកបាទក្រហមកម្ពុជា ក្នុងសាលា។
មានប្រសាសន៍សំណេះសំណាលជាមួយក្មួយៗ យុវជនកាកបាទក្រហមកម្ពុជា និងទីប្រឹក្សាយុវជននាឱកាសនោះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានកិត្តិយសាខា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹក រលឹកបំផុតពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ អង្គ ពិធីទាំងមូល និងបានពាំនាំអនុសាសន៍ទាំង ៧ចំណុច របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន ជូនគណ:អធិបតី និងអង្គពិធី ពិសេស ក្រើនរំលឹកដល់ក្មួយៗ ជាយុវជនកាកបាទក្រហមថ្មី ទាំងអស់ ត្រូវតែខិតខំប្រឹងប្រែងរៀន សូត្រ លត់ដំខ្លួន ក្លាយជា កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ហើយ ពង្រឹង និង ពង្រីកសមត្ថភាពឱ្យក្លាយ ជា ធនធានមនុស្ស ដែលមានគុណភាព ប្រកបដោយទឹកចិត្តមនុស្សធម៌ ស្ម័គ្រចិត្តលះបង់កម្លាំងកាយ ចិត្ត និង ពេលវេលា ដើម្បីធ្វើជាកម្លាំងចលករ និងជាប្រតិបត្តិករដ៏ពិតប្រាកដ របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ស្របតាមទិសស្លោក ” ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា ” និង “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោលឡើយ”៕
ដោយ៖ សូរិយា