ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងបរិស្ថានបញ្ជាឱ្យរោងចក្ររបស់ក្រុមហ៊ុនកាងស៊ីនឡុង ហ្វូត កែច្នៃដំណាប់ស្វាយនៅខេត្តប៉ៃលិនបញ្ឈប់បង្ហូរសំណល់រាវចូលតំបន់ទឹកសាធារណៈនិងស្តារបរិស្ថានប្រព័ន្ធអូរក្បាលឡានឡើងវិញ

ចែករំលែក៖

ខេត្តប៉ៃលិន៖ បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង បរិស្ថាន នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ បានបញ្ជាឱ្យ ក្រុមហ៊ុនកាងស៊ីនឡុង ហ្វូត (ខេមបូឌា) ឯ.ក (CANXINLONG FOOD, Cambodia Co., LTD) ដែលមានរោងចក្រកែច្នៃដំណាប់ស្វាយ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវបញ្ឈប់បង្ហូរសំណល់ រាវមិនត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ចូលទៅតំបន់ទឹកសាធារណៈ និងស្តារបរិស្ថានប្រព័ន្ធអូរក្បាលឡានឱ្យបានស្អាតឡើងវិញ។ លើសពីនេះ ក្រុមហ៊ុនត្រូវផ្តល់សំណងការខូចខាតប៉ះពាល់ផ្ទាល់មកលើ គុណភាពទឹក គុណភាពដី ប្រព័ន្ធ អេកូឡូស៊ីនៃប្រព័ន្ធទឹកសាធារណៈ។

បទបញ្ជារបស់រដ្ឋមន្រ្តី ធ្វើឡើងបន្ទាប់ពីមន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តប៉ៃលិន សហការជាមួយអាជ្ញាធរពាក់ ព័ន្ធ រកឃើញរោងចក្រកែច្នៃដំណាប់ស្វាយបានបញ្ចេញសំណល់រាវមិនត្រឹមត្រូវតាមច្បាប់ ប៉ះពាល់ដល់ប្រភពលូទឹកសាធារណៈ និងបង្កឱ្យត្រីងាប់ជាច្រើន ក្នុងអូរធម្មជាតិក្បាលឡាន នៅក្បែរតំបន់រោងចក្រនោះ។ ជា មួយគ្នានេះ លោករដ្ឋមន្រ្តីបានថ្លែងសង្កត់ធ្ងន់ថា ប្រសិន បើក្រុម ហ៊ុនមិនអនុវត្តច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុននឹងមិនអនុញ្ញាតឱ្យដំណើរការផលិតកម្មទៀតនោះទេ។ 

គួរបញ្ជាក់ថា តាមបទបញ្ជារបស់បណ្ឌិត អ៊ាង សុផល្លែត និងការអនុវត្តច្បាប់ បទដ្ឋានគតិយុត្តជាធរមានរបស់ព្រះ រាជាណាចកម្ពុជា ក្រុមការងារជំនាញក្រសួង បរិស្ថាន សហការជាមួយមន្ទីរបរិស្ថានខេត្តប៉ៃលិន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ព្រមទាំងអ្នកសារព័ត៌មាន បានកំពុងចុះដល់ទីតាំងផ្ទាល់ យកសំណាកទឹក នៅតាមទីតាំងមួយចំនួន និងអនុវត្តវិធានការច្បាប់ជាបន្ទាន់ ជៀសវាងបង្កផលប៉ះពាល់ដល់បរិស្ថាន សង្គម ជាពិសេសសុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ។ 

សូមបញ្ជាក់ថា នៅក្នុងក្រមបរិស្ថាននិងធនធានធម្មជាតិ ដែលបានអនុម័តឱ្យប្រើប្រាស់នៅឆ្នាំ២០២៣ ត្រង់មាត្រា៨២៤ តម្រូវឱ្យក្រុមហ៊ុនផ្អាកសកម្មភាពផលិតកម្មជាបណ្តោះអាសន្ន ដើម្បីជៀសវាងការបង្ហូរសំណល់រាវ ចេញពីទីតាំងក្រុមហ៊ុន បង្កឱ្យមានការបំពុលបរិស្ថានជាបន្តទៀត។ មាត្រា៨២៩ និងមាត្រា៨៤៥ បានកំណត់ទោសទណ្ឌ ដែលត្រូវអនុវត្តចំពោះការមិនបំពេញកាតព្វកិច្ច ក្នុងការគ្រប់គ្រងសំណល់រឹង រាវ ទឹកកខ្វក់ សារធាតុបំពុល ស្របតាមបទដ្ឋាន/ស្តង់ដារបញ្ចេញ។ វិធានការណ៍ទាំងនោះរួមមាន ការពិន័យជាប្រាក់ និងទោសជាប់ពន្ធធានាគារ៕

ដោយ៖ សូរិយា


ចែករំលែក៖