ព័ត៌មានទាន់ហេតុការណ៍៖

Starbucks បានបញ្ជាឱ្យសងសំណង 50 លានដុល្លារ ដោយសារតែការកំពប់តែក្តៅលើអតិថិជន

ចែករំលែក៖

តុលាការមួយក្នុងរដ្ឋកាលីហ្វ័រញ៉ា (សហរដ្ឋអាមេរិក) បានសម្រេចថា ក្រុមហ៊ុន Starbucks ត្រូវតែបង់ប្រាក់សំណងចំនួន 50 លានដុល្លារដល់អតិថិជនដែលបានទទួលរងនូវការរលាកធ្ងន់ធ្ងរ បន្ទាប់ពីតែក្តៅត្រូវបានកំពប់មកលើគាត់នៅក្នុងហាងមួយរបស់ខ្លួន។
យោងតាមដើមបណ្តឹងរបស់មេធាវី Michael Garcia ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ 2020 នៅទីតាំង Starbucks ក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែលផ្តល់សេវាកម្មបើកបរឆ្លងកាត់ ដែលអតិថិជនអាចបញ្ជាទិញ និងទទួលអាហារដោយផ្ទាល់នៅក្នុងរថយន្តរបស់ពួកគេ។ ពេលនោះ អ្នកបម្រើបានឲ្យលោក Garcia ភេសជ្ជៈធំបីកែវ ប៉ុន្តែមិនបានដាក់វាឲ្យបានត្រឹមត្រូវលើថាសក្រដាសកាតុង។ នៅពេលដែលលោក Garcia កាន់ថាសនោះ ភេសជ្ជៈក្តៅមួយពែងបានកំពប់ បណ្តាលឲ្យរលាកកម្រិតទី 3 ដល់ភ្លៅ ក្រលៀន និងប្រដាប់ភេទ។
ក្រោយពេលកើតហេតុ លោក Garcia ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ទទួលការវះកាត់ស្បែកជាច្រើនកន្លែង និងបានរងនូវរបួសផ្លូវកាយ និងផ្លូវចិត្ត ដែលមានរយៈពេលប្រាំឆ្នាំ។
ក្រុមហ៊ុន Starbucks បានបដិសេធការទទួលខុសត្រូវ និងបានស្នើឱ្យដោះស្រាយបណ្តឹងនេះក្នុងតម្លៃ 30 លានដុល្លារ ប៉ុន្តែក្រុមហ៊ុនបានបដិសេធមិនចេញការសុំទោសជាសាធារណៈ ឬផ្លាស់ប្តូរគោលការណ៍របស់ខ្លួនដើម្បីធានាសុវត្ថិភាពអតិថិជន។ ដូច្នេះហើយ លោក Garcia បានច្រានចោលការដោះស្រាយ ហើយសំណុំរឿងនេះត្រូវទៅកាត់ក្តី។
នៅថ្ងៃទី 14 ខែមីនា គណៈវិនិច្ឆ័យនៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា បានសម្រេចថា Starbucks គួរតែបង់ប្រាក់សំណងចំនួន 50 លានដុល្លារដល់លោក Garcia ។ តួលេខនេះអាចកើនឡើងដល់ជាង 60 លានដុល្លារ នៅពេលដែលការប្រាក់ ថ្លៃច្បាប់ និងថ្លៃសេវាផ្សេងទៀតត្រូវបានបន្ថែម។
មេធាវីរបស់លោក Garcia បានចោទប្រកាន់ក្រុមហ៊ុន Starbucks ពីបទ “បដិសេធការទទួលខុសត្រូវរយៈពេលប្រាំឆ្នាំ និងព្យាយាមជៀសវាងការទទួលខុសត្រូវ” ។
នាយកផ្នែកទំនាក់ទំនងរបស់ Starbucks លោក Jaci Anderson បានបញ្ជាក់ថា Starbucks តែងតែប្តេជ្ញាចិត្តក្នុងការរក្សាស្តង់ដារសុវត្ថិភាពខ្ពស់បំផុតនៅក្នុងហាងរបស់ខ្លួន រួមទាំងការគ្រប់គ្រងភេសជ្ជៈក្តៅផងដែរ។ Starbucks បានសម្តែងការអាណិតអាសូរចំពោះឧបទ្ទវហេតុនេះទៅកាន់អតិថិជន Garcia ប៉ុន្តែមិនយល់ស្របនឹងការសម្រេចចិត្តរបស់គណៈវិនិច្ឆ័យដែលថាក្រុមហ៊ុនមានកំហុសតែមួយគត់សម្រាប់ឧបទ្ទវហេតុនេះ ហើយថាសំណងខ្ពស់ពេក។ ក្រុមហ៊ុន Starbucks បាននិយាយថា ក្រុមហ៊ុននឹងប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនេះ។
ក្នុងឆ្នាំ 1994 បណ្តឹងស្រដៀងគ្នានេះបានកើតឡើងនៅក្នុងរដ្ឋ New Mexico សហរដ្ឋអាមេរិក ដែលដើមបណ្តឹងគឺលោកស្រី Stella Liebeck បានទទួលសំណងជាង 2.8 លានដុល្លារសម្រាប់ការរលាកដែលបណ្តាកែរួច,លមកពីពែងកាហ្វេ McDonald’s ក្តៅបានហៀរមកលើនាង បន្ទាប់ពីនាងព្យាយាមបើកគម្របខណៈពេលកំពុងកាន់ពែងនៅចន្លោះជង្គង់របស់នាង៕ដោយ៖ ធីរីណា

រូបថត​៖ TTXVN


ចែករំលែក៖