ខេត្តសៀមរាប ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ បានបញ្ជាក់ថា ៖ សមរាត្រីអង្គរ ( Angkor Equinox ) គឺជាព្រឹត្តិការណ៍ដែលព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត បង្កេីតបានផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាត និងអស្ចារ្យរបស់ដូនតាខ្មែរ បន្សល់ទុកដល់មនុស្សជាតិបានឃេីញ និងយល់អំពីជំនឿ និងវិទ្យាសាស្ត្រពិត បង្កេីតបាននូវភាពទាក់ទាញដល់អ្នកទេសចរជាតិ និងអន្តរជាតិជាច្រើនកុះករមកទស្សនា និងផ្តិតយកអនុស្សាវរីយ៍ព្រះអាទិត្យរះចំកំពូលប្រាសាទព្រះបរមវិស្ណុលោក ឬប្រាសាទអង្គរវត្ត ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ព្រឹត្តិការណ៍សមរាត្រី នឹងកើតមានឡើងពីរដងក្នុងមួយឆ្នាំ ដោយនៅរដូវប្រាំង ( Vernal Equinox ) ចាប់ពីថ្ងៃទី២០-២២ ខែមីនា និងរដូវវស្សា ( Autumnal Equinox ) ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ជារៀងរាល់ឆ្នាំ ។
សូមបញ្ជាក់ថា៖ នៅថ្ងៃម្សិលមុិញ ទេសចរប្រមាណជាង២ម៉ឺននាក់ទស្សនា ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត ។
អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា អ្នកទេសចរយ៉ាងច្រើនកុះករមកពីគ្រប់ទិសទី នាំគ្នាមក ដើម្បីរង់ចាំទស្សនាថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត។
អាជ្ញាធរបានឱ្យដឹង នៅថ្ងៃទី២១ ខែ មីនា ឆ្នាំ ២០២៥នេះថា ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនៃ ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត នេះគេឃើញបណ្តាភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានស្កាត់មកពីទីជិតឆ្ងាយ ដោយ រូតរះក្រោកតាំងពីព្រលឹមស្រាងៗ ដើម្បីរង់ចាំទស្សនាទិដ្ឋភាពដ៏កម្រ នៃថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរ និងឆ្លៀតចូលទស្សនាសម្រស់ប្រាសាទអង្គរវត្ត នាពេលព្រឹកផងដែរ។
ប្រភពខាងលើនេះបានឱ្យដឹងដែរថាសម្រាប់នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ ចាប់តាំងពីម៉ោង៥ព្រឹកមកម្ល៉េះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួនប្រមាណជាង២០,០០០នាក់ បានមករង់ចាំទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតនេះ នៅខាងមុខប្រាសាទអង្គរវត្ត៕
ដោយ ៖ សិលា