ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋនឹងបើកប្រាក់ខែឌុប និងប្រាក់ឧបត្ថម ៥ម៉ឺនរៀលជូនមន្រ្តីរាជការ មុនបុណ្យចូលឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ៖ រដ្ឋនឹងបើកប្រាក់ខែឌុប និងប្រាក់ឧបត្ថម ៥ម៉ឺនរៀលជូនមន្រ្តីរាជការ មុនបុណ្យចូលឆ្នាំ ដោយមិនឱ្យក្រោយថ្ងៃ១១ ខែមេសា ឆ្នាំ២០២៥ឡើយ ។ សម្ដេចធិបតី ក៏បានច្រានចោលការចោទប្រកាន់ ពីមជ្ឈដ្ឋានមួយចំនួនថា រាជរដ្ឋាភិបាល អស់លុយបើកប្រាក់ខែឱ្យមន្ត្រីរាជការហើយ ទើបបោះពុម្ពក្រដាសប្រាក់ ២០ម៉ឺនរៀល ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថែ្លងដូច្នេះ ក្នុងឱកាសអញ្ជើញសម្ពោធ ដាក់ឱ្យប្រើប្រាស់អគារសិក្សា ខ្លោងទ្វារ និងសមិទ្ធផលដទៃទៀតនៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ។

សម្ដេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាល បានគ្រប់គ្រងថវិកាបានត្រឹមត្រូវ និងមិនខ្វះថវិកា សម្រាប់បើកជូនមន្ត្រីរាជការឡើយ ។ សម្ដេច បញ្ជាក់ថា ខែ៤នេះ គឺយើងបើកប្រាក់ខែឌុបតែម្ដង ជូនលោកគ្រួអ្នក គ្រូមន្ត្រីរាជការទាំងអស់ បូកទាំងប្រាក់ ៥ម៉ឺនរៀលថែមទៀត មិនឱ្យយឺតជាងថ្ងៃទី១១ ខែមេសា ទេ បើកទាំងពីរ តែម្ដង ដើម្បីលោកគ្រូអ្នកគ្រូ អាចចូលឆ្នាំ ព្រោះរាល់ដង យើងបើកប្រាក់ខែ ពីរដងក្នុង ១ខែ ចឹងដល់ខែ៤ នេះ គឺបើកសរុប បូកជាមួយប្រាក់ឧបត្ថម្ភរបស់ រាជរដ្ឋាភិបាល ដែលអ្នកខ្លះគេថា រដ្ឋាភិបាល ដាច់យ៉ៃហើយ អស់លុយហើយ បានទៅបោះពុម្ពក្រដាស ២០ម៉ឺន ។ ក្រដាស់ ២០ម៉ឺន ដើម្បីអបអរសាទរ ពិធីឡើងគ្រងរាជគ្រប់ ២០វស្សារបស់ព្រះមហាក្សត្រដែលធនាគារជាតិបោះ។

សម្ដេចធិបតី បានបន្តថា ឥឡូវបើសិនយើងបោះ ដោយសារដាច់យ៉ៃមែន បោះ ២០ម៉ឺនយកមក ប្រាកដ ជាឃើញក្រដាស ២០ម៉ឺន ចរាចរណ៍ពេញក្រុង ហើយវាអត់មាន បើគេចង់បោះអាហ្នឹង គេមិនបោះ ២០ម៉ឺន ពិបាកចាយធ្វើអី គេបោះអាតូច ដែលមិនមានការចាំបាច់ទេ ហើយបើរដ្ឋ អស់សាច់ប្រាក់ក្នុងរតនាគារ គ្មានលទ្ធភាពណា បើកឌុបក្នុងខែ៤ ហើយបើកទាន់ពេលវេលា បើកឌុបហើយថែមទាំងបើកប្រាក់ឧបត្ថម្ភ មិនឱ្យដាច់នោះទេ ទាំងមន្ត្រី ទាំងមន្ត្រីចូលនិវត្តន៍ បើកឱ្យ អត់មានដាច់ទេ លុយយើងនៅធានាបាន យើងមិនកញ្ជើធ្លុះទេ គ្រប់គ្រងប្រព័ន្ធថវិកាហិរញ្ញវត្ថុ របស់យើងបានច្បាស់លាស់ ៕

ដោយ ៖ សិលា


ចែករំលែក៖