ព័ត៌មានទាន់ហេតុការណ៍៖

កំពង់ផែទេសចរណ៍អន្តរជាតិកំពត ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។

សូមបញ្ជាក់ថា ៖ នារសៀលថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ លោក អៀង វ៉េងស៊ុន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែលដឹកនាំដោយ លោកសន្ដិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជានាយករងខុទ្ទកាល័យសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី ដោយមានការចូលរួមផងដែរពីអាជ្ញាធរមានសមត្ថកិច្ច រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធក្នុងគម្រោង ក្នុងគោលបំណងធានាឱ្យដំណើរការកម្មវិធីខាងលើអាចប្រព្រឹត្តទៅបានយ៉ាងរលូនតាមផែនការ ដែលបានគ្រោងទុក។

បន្ទាប់ពីបានចុះពិនិត្យរួចរាល់ លោករដ្ឋមន្ត្រីប្រតិភូ បានសម្រេចជ្រើសរើសយកទីតាំងសម្រាប់រៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅទីតាំងភូមិសាស្ត្រស្ថិតនៅក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។ 

ថ្លែងក្នុងឱកាសចុះពិនិត្យនេះ លោករដ្ឋលេខាធិការ បានណែនាំឱ្យក្រុមការងារទទួលបន្ទុកគ្រប់ផ្នែកពាក់ព័ន្ធត្រៀមរៀបចំបំពេញភារកិច្ចរបស់ខ្លួននីមួយៗឱ្យបានច្បាស់លាស់ និងសហការគ្នាឱ្យបានជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីញ៉ាំងឱ្យថ្ងៃដំណើរការកម្មវិធីនាឱកាសនោះអាចប្រព្រឹត្តទៅបានដោយរលូន ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕

ដោយ ៖ សិលា


ចែករំលែក៖