ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មការចម្រុះកិច្ចការព្រំដែន កម្ពុជា-ឡាវ បើកកិច្ចប្រជុំរួមគ្នាជាមួយភាគីឡាវ លើការសាងសង់ទីតាំងបង្គោលព្រំដែននៅភូមិសាស្ត្រខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៥ ម្សិលមិញនេះ គណៈកម្មការចម្រុះកិច្ចការព្រំដែន កម្ពុជា-ឡាវ – ឡាវ-កម្ពុជា បើកកិច្ចប្រជុំ និងចុះត្រួតពិនិត្យមើលលើការសាងសង់រួមគ្នាជាមួយភាគីឡាវនៅទីតាំងបង្គោលព្រំដែនលេខ 033 និងបន្តពិភាក្សាដោះស្រាយកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 032 ដល់បង្គោល ព្រំដែនលេខ 032/6 នៅភូមិសាស្ត្រខេត្តស្ទឹងត្រែង។ គណៈកម្មការចម្រុះកិច្ចការព្រំដែន កម្ពុជា_ឡាវ ដឹកនាំដោយ ឯកឧត្តម ឃុំ ប៉ុណ្ណាប័ន អគ្គនាយក អគ្គនាយកដ្ឋានបច្ចេកទេសកិច្ចការព្រំដែន រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និង ភាគី ឡាវ ដឹកនាំដោយ ឯកឧត្តម Anousine KHATTIYALATH អគ្គនាយកនៃការិយាល័យគណៈកម្មាធិការព្រំដែនជាតិ ក្រសួងការបរទេស សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ក្នុងជំនួបពិភាក្សា ទ្វេភាគី គណៈកម្មការចម្រុះកិច្ចការព្រំដែន ប្រទេសទាំង ២ បានវាយតំលៃខ្ពស់ចំពោះបេសកកម្មរបស់ គណៈកម្មការចម្រុះកិច្ចការព្រំដែន នៃភាគីទាំងសងខាង គឺបានប្រឹងប្រែងដោយឈរលើគោលការណ៍ស្មើភាពគ្នា ចំពោះប្រជាជនទាំង២ ។ បន្ថែមពីនោះទៀត ភាគី ទាំង២ បានចាត់ទុក បេសកកម្មនេះ គឺជាបេសកកម្មសន្តិភាព ជាប្រទេសដែលមានភូមិផងរបងជាមួយគ្នា ដែលយើងចង់កសាងសន្តិភាពសំរាប់ជាតិទាំងសងខាង គឺឱកាសឱ្យប្រជាជនរស់នៅសុខដុមរមនា។

ក្នុងនោះដែរពាក់ព័ន្ធនឹងកិច្ចការព្រំដែន ភាគី ទាំង២ មានការពេញចិត្តចំពោះវឌ្ឍនភាពរបស់គណៈកម្មការចម្រុះព្រំដែនកម្ពុជា-ឡាវ ដែលបានធ្វើការខណ្ឌសីមា និងបោះបង្គោលព្រំដែន ព្រមទាំង បានឯកភាពគ្នាដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ ដោយឈរលើមូលដ្ឋានយោគយល់គ្នាទៅវិញទៅមក និងដោយសន្តិវិធី៕

ដោយ ៖ សិលា


ចែករំលែក៖