អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោក Han Zheng អនុប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Gitoko ប្រធានសភាហ្វីជី នៅទីក្រុងប៉េកាំងកាលពីថ្ងៃទី២១ ខែមីនា ។
លោក Han Zheng បានលើកឡើងថា ប្រទេសហ្វីជី គឺជាប្រទេសកោះប៉ាស៊ីហ្វិកដំបូងគេដែលបង្កើតទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋប្រជាមានិតចិន ។ ក្នុងរយៈពេល ៥០ ឆ្នាំចាប់តាំងពី បង្កើតទំនាក់ទំនងការទូតមក ទំនាក់ទំនងចិន-ហ្វីជីបានឆ្លងកាត់ការសាកល្បងនៃការផ្លាស់ប្តូរនៃស្ថានភាពអន្តរជាតិ ហើយទទួលបានលទ្ធផលជាផ្លែផ្កាជាច្រើន ប្រទេសទាំងពីរបានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលគោរពគ្នាទៅវិញទៅមក និងការអភិវឌ្ឍ ជាមួយគ្នា។ ប្រទេសចិនមានឆន្ទៈធ្វើការជាមួយហ្វីជីដើម្បីអនុវត្តយ៉ាងម៉ត់ចត់នូវគំនិតឯកភាពរួមសំខាន់ៗរបស់មេដឹកនាំនៃប្រទេសទាំងពីរ បន្តពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងរួមគ្នាអបអរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ គាំទ្រយ៉ាងមុតមាំនូវផលប្រយោជន៍ជាស្នូល និងកង្វល់សំខាន់ៗរបស់គ្នាទៅវិញទៅមក បង្កើតលទ្ធផលកិច្ចសហប្រតិបត្តិការបន្ថែមទៀត ពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី សំដៅជំរុញទំនាក់ទំនងចិន-ហ្វីជីឱ្យវិវឌ្ឍទៅមុខប្រកបដោយនិរន្តរភាព។
គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប លោក Gitoko បានថ្លែងថា ការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ គឺជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងហ្វីជី-ចិន ។ ហ្វីជីសូមវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងគំនិតសំខាន់ៗដែលលើកឡើងដោយលោកប្រធានរដ្ឋចិនXi Jinping ហើយមានឆន្ទៈក្នុងការ បន្តពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយជាមួយប្រទេសចិន ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដូចជា ហេដ្ឋារចនាសម្ព័ន្ធ ការកាត់បន្ថយភាពក្រីក្រ និងទេសចរណ៍ជាដើម ធ្វើឱ្យ ស៊ីជម្រៅនូវការផ្លាស់ប្តូររវាងស្ថាប័ននីតិប្បញ្ញត្តិ និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ៕
ដោយ ៖ សិលា