ព័ត៌មានទាន់ហេតុការណ៍៖

ក្លឹបបាល់ទាត់នារីវៀតណាមទទួលបាន ប្រាក់៤០ម៉ឺន ដុល្លារ បន្ទាប់ពីទទួលបានកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Champions League

ចែករំលែក៖

ក្លឹបបាល់ទាត់នារី Ho Chi Minh City I (HCMC I WFC) បានទទួលប្រាក់រង្វាន់ ដែលមានតម្លៃប្រហែល 400,000 ដុល្លារអាមេរិកក្រោយពួកគេបានជ័យជម្នះឆ្លងទៅលេងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFC Women’s Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រខ្លួន។

នៅថ្ងៃទី 22 ខែមីនា HCMC បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយនឹងជ័យជម្នះ 5-4 ដ៏រំភើបលើ Abu Dhabi Country Club បើទោះបីជាតាមពីក្រោយ 0-3 នៅតង់ទីមួយក៏ដោយ។ ការប្រកួតនេះគឺជ័យជម្នះដ៏ធំធេងមួយសម្រាប់គ្រូបង្វឹក Doan Thi Kim Chi និងកីឡាការិនីរបស់នាង ខណៈដែលពួកគេបានក្លាយជាក្លឹបវៀតណាមដំបូងគេដែលបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់ក្លឹបនារីដ៏ល្បីបំផុតនៅអាស៊ី។

ដើម្បីអបអរសមិទ្ធផលរបស់ពួកគេ ក្រុមHo Chi Minh City I ត្រូវបានផ្តល់រង្វាន់ភ្លាមៗដោយសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) 200 លានដុងដោយសហព័ន្ធបាល់ទាត់ទីក្រុងហូជីមិញ (HFF) 200 លានដុង ដោយគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ, នាយកដ្ឋានវប្បធម៌ និងកីឡាចំនួន 100 លានដុង (100 លានដុង = 3,905 ដុល្លារ) ។

បន្ថែមពីលើរង្វាន់ក្នុងស្រុក សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានផ្តល់ប្រាក់ចំនួន 120,000 ដុល្លារដល់ក្លឹបសម្រាប់ការឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

កាលពីក្នុងវគ្គចែកពូលក្នុងខែតុលា ឆ្នាំ 2024 ក្រុមHo Chi Minh City I បានទទួលរង្វាន់ 100,000 ដុល្លារពី AFC រួមទាំង 20,000 ដុល្លារក្នុងការឈ្នះមួយប្រកួត ជាមួយនឹងជ័យជម្នះលើ Taichung Blue Whale (តៃវ៉ាន់) និង Odisha FC (ឥណ្ឌា) 300 លានដុងពី VFF និង 100 លានដុងពី HFF ។ សរុបមក ក្រុមនេះទទួលបានរង្វាន់អន្តរជាតិចំនួន ៨,៨ ពាន់លានដុង និងប្រាក់រង្វាន់ក្នុងស្រុកប្រមាណ ១,៤ ពាន់លានដុង។ ប្រាក់រង្វាន់ពីវគ្គចែកពូលត្រូវបានចែកចាយឱ្យកីឡាការិនីម្នាក់ៗក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី 2025 ក្នុងខែមករា។

នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលនឹងមកដល់នៅថ្ងៃទី 21 ខែឧសភា ក្រុមរបស់វៀតណាមនឹងត្រូវជួបជាមួយ Wuhan Jiangda របស់ប្រទេសចិន ដែលបានឈានទៅវគ្គបន្តបន្ទាប់ពីការស៊ុតបាល់ប៉េណាល់ទី 6-5 យកឈ្នះលើ Urawa Red របស់ជប៉ុន។

វគ្គពាក់កណ្តាលផ្តាច់ព្រ័តផ្សេងទៀតមាន Incheon Red Angels (កូរ៉េខាងត្បូង) ប៉ះ Melbourne City FC (អូស្ត្រាលី)។ ប្រសិនបើ ក្រុមHo Chi Minh City I បាន ឈានទៅវគ្គផ្តាច់ព្រ័ត្រ ក្លឹបនឹងទទួលបានប្រាក់បន្ថែមចំនួន 500,000 ដុល្លារ ខណៈដែលជើងឯកនឹងទទួលបាន 1 លានដុល្លារ នេះបើយោងតាមបទប្បញ្ញត្តិរបស់ AFC ៕

ដោយ៖ ភារៈ


ចែករំលែក៖