ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ លោកនាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងដោយបានការ អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ចាប់ពីថ្ងៃទី២៤ ដល់ ២៦ ខែមីនា ឆ្នាំ២០២៥ ។
ដំណើរទស្សនកិច្ចនេះ គឺជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្តូរវេនប្រចាំឆ្នាំ រវាង ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ ដោយ លោកអភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញធ្វើជាសហប្រធានដឹកនាំ កិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ និងចុះហត្ថលេខាលើកំណត់ហេតុស្តីពី កិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ សម្រាប់អនុវត្តបន្តក្នុងក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ៕
ដោយ ៖ សិលា