ភ្នំពេញ ៖ ប្រជាពលរដ្ឋប្រទះឃើញស្រ្ដីម្នាក់ដេកស្លាប់ក្បែរចិញ្ចើមផ្លូវសង្ស័យ មានរថយន្ដបុក រួចក៏លើកសពដាក់ក្បែររបងផ្លូវបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកត្រួតពិនិត្យ កាលពីវេលាម៉ោង៦ និង០០នាទីព្រឹកថ្ងៃទី២៤ខែមីនា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ(ផ្លូវមាត់ទន្លេ) ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សពស្រ្ដីរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។
យោងតាមប្រភពពីពលរដ្ឋម្នាក់បានប្រាប់ឲ្យដឹងថា មុនពេលឃើញហេតុឃើញមានរថយន្ដស៊េរីទំនើបនិងកង់បី បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសុីសុវត្តិ ដោយឃើញសពស្រ្ដីខាងលើបានដេកស្លាប់តាមដងផ្លូវដោយមានស្ថានភាពបែកក្បាលហូរឈាមតាមដងផ្លូវ រួចក៏ឃើញមានមនុស្សប្រុសស្រី២ទៅ៣នាក់បានចុះពីលើកង់បីលើកសពជនរងគ្រោះដាក់ក្បែររបងផ្លូវ រួចក៏ជិះចេញពីកន្លែងហេតុបាត់ទៅ ។ ចំពោះហេតុការណ៍ខាងលើនេះមិនដឹងថាយានយន្ដណាមួយបុកនោះទេ។ ភ្លាមៗនោះពលរដ្ឋក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះត្រួតពិនិត្យ ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះពិនិត្យដោយបានសន្និដ្ឋានថា ស្លាប់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ ។ បច្ចុប្បន្នសពស្រ្ដីខាងលើសមត្ថកិច្ចបានធ្វើកំណត់ហេតុរួចក៏ប្រគល់ឲ្យក្រុមរថយន្ដសាមុយដឹកទៅតម្កល់ទុកនៅវត្តទួលសង្កែរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ