ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា សុខចិត្តយកពេលស្តាប់ពីកង្វល់និងដោះស្រាយបញ្ហាជូនពលរដ្ឋ ប្រសើរជាងស្តាប់ពួកប្រឆាំងជ្រុលនិយម

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានថ្លែងថា ខ្ញុំអត់មានពេលស្តាប់ពួកប្រឆាំងនោះទេ ខ្ញុំមានពេលស្តាប់កង្វល់របស់ប្រជាជនដែលមានតម្រូវការបន្ថែម ហើយដោះស្រាយ ដោយយកភាពស្និតស្នាលជាមួយប្រជាជនដែលជាអ្នកផ្តល់ឱកាសជូនសម្តេចធិបតី ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ឱ្យដឹកនាំរាជរដ្ឋាភិបាលបម្រើប្រជាពលរដ្ឋម្ចាស់ឆ្នោត។

សម្តេចធិបតី បានថ្លែងបែបនេះ នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅក្នុង១ថ្ងៃ មាន២៤ម៉ោង ហើយនៅក្នុងរយៈពេល៥ឆ្នាំ មានតែប៉ុន្មានម៉ោងទេ ដូចនេះ ខ្ញុំគ្មានពេលវេលាទៅស្តាប់ពួកក្រុមប្រឆាំងនិយាយប្រឌិតរឿង អត់ប្រយោជន៍នោះឡើយ។ មានតែពេលវេលាស្តាប់ប្រជាពលរដ្ឋ ហើយដោះស្រាយឱ្យបានច្រើនបន្តទៀតជូនប្រជាពលរដ្ឋ។ ជាក់ស្តែងថ្ងៃនេះ សម្ពោធសាលានៅវាលរេញ ហើយនៅសប្តាហ៍ក្រោយសម្ពោធកំពង់ផែទេសចរណ៍កំពតទៀត។ 

សម្តេចបានថ្លែងសង្កត់ធ្ងន់ថា “អ្នកចាំតែនិយាយខុសពីអ្នកធ្វើ” ដូចនេះពួកប្រឆាំងបន្តថាឥតប្រយោជន៍ឱ្យបានច្រើនចុះ ចាំរាជរដ្ឋាភិបាល ខិតខំប្រឹងប្រែងធ្វើឱ្យបានច្រើន ដើម្បីបង្កើនបានសមិទ្ធផលជូនប្រជាពលរដ្ឋឱ្យមានភាពរីកចម្រើនកាន់តែច្រើនឡើងថែមទៀត។ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ថ្លែងថា ៖ កុំខ្វល់ជាមួយអ្នកដែលនិយាយលាបពណ៌មកលើការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ប៉ុន្ដែយើងត្រូវខិតខំបន្តអភិវឌ្ឍន៍ និងផ្ដល់ប្រយោជន៍ទៅដល់ប្រជាពលរដ្ឋពិតប្រាកដ ដូចជាការសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការ នៅខេត្តព្រះសីហនុថ្ងៃនេះ គឺជាសមិទ្ធផលជាក់ស្ដែង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា មកដល់ម៉ោងនេះ ខេត្តព្រះសីហនុ តាមរយៈការប្រកាសដាក់ចេញនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» របស់រាជរដ្ឋាភិបាល និងការសម្រេចបន្តផ្តល់ «អត្ថប្រយោជន៍ពិសេស» ក្រោមវិសាលភាពនៃកម្មវិធីពិសេសនេះរហូតដល់ដំណាច់ឆ្នាំ២០២៥ ជាលទ្ធផលក្រុមការងារពិសេសជំរុញការវិនិយោគទទួលបានសំណើសុំលើកទឹកចិត្តចំនួន ៣០២ គម្រោង ក្នុងនោះគម្រោងដែលទទួលបាន «លិខិតអនុញ្ញាតជាគោលការណ៍» ចំនួន ២៦៩ គម្រោង។ ខណៈដើម្បីជំរុញសកម្មភាពអភិវឌ្ឍន៍ឡើងវិញ រាជរដ្ឋាភិបាលទើបបានអនុម័តគម្រោងអភិវឌ្ឍន៍ ខេត្តជាប់សមុទ្រ ក្នុងនោះយកខេត្តព្រះសីហនុជាគោលផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖