ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្ត្រី ស៊ុន​ ចាន់ថុល​៖ កម្ពុជា-ឥណ្ឌា នៅមានវិស័យសក្ដានុពលជាច្រើនទៀត ដែលជាឱកាសនៃការពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជាផលប្រយោជន៍ដល់ប្រទេសទាំងពីរ

ចែករំលែក៖

ភ្នំពេញ​៖​ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូន លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបទទួលបានការតែងតាំង និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ។ 

ក្នុងឱកាសនៃជំនួបនាព្រឹកនេះ លោកឯកអគ្គរដ្ឋទូត បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា។ លោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងយូរអង្វែងរវាងឥណ្ឌា និងកម្ពុជា ព្រមទាំងបានធ្វើការកត់សម្គាល់អំពីវឌ្ឍនភាពថ្មីៗ នៃការរីកចម្រើនទាំងសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ តាមរយៈទំនាក់ទំនងការទូតជាច្រើនទសវត្សរ៍ និងភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា លោកឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា ទំនាក់ទំនងឥណ្ឌា-កម្ពុជា គួរត្រូវបានលើកកម្រិតកាន់ឱ្យតែខ្ពស់ថែមទៀត។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍ និងសាទរចំពោះការអញ្ជើញមកបំពេញបេសកកម្មការទូតនៅកម្ពុជារបស់ លោក Vanlalvawna Bawitlung ក្នុងមានជាឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី បានយកឱកាសនេះគូសបញ្ជាក់ថា កម្ពុជា-ឥណ្ឌា នៅមានវិស័យសក្ដានុពលជាច្រើនទៀត ដែលជាឱកាសនៃការពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជាផលប្រយោជន៍ដល់ប្រទេសទាំងពីរ ជាអាទិ៍រួមមាន៖ វិស័យព័ត៌មានវិទ្យា, បច្ចេកវិទ្យាឌីជីថល, អេឡិចត្រូនិក និងការកែច្នៃចំណីអាហារ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញនូវជំនឿជាក់ថាបេសកកម្មការទូតរបស់ លោកឯកអគ្គរដ្ឋទូត នឹងរួមចំណែកថែមមួយកម្រិតទៀតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

តាមរយៈជំនួបប្រកបដោយភាពស្និទ្ធស្នាលនាព្រឹកនេះ លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានធ្វើការចែករំលែកនូវបទពិសោធន៍ការងារកន្លងមក ជាពិសេសពាក់ព័ន្ធនឹងការទាក់ទាញជំរុញវិនិយោគ និងការលើកកម្ពស់សេដ្ឋកិច្ចជាតិ។ បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការពិនិត្យលទ្ធភាពនិងឱកាស ក្នុងការរៀបចំបេសកកម្មទាក់ទាញ និងជំរុញវិនិយោគ (Investment Roadshow) ទៅកាន់ប្រទេសឥណ្ឌានាពេលអនាគត ដើម្បីជាការបន្ថែមគោលដៅគោះទ្វារទាក់ទាញវិនិយោគដោយផ្ទាល់មួយទៀតពីបរទេសផងដែរ៕

ដោយ​៖ តារា​


ចែករំលែក៖