សារព័ត៌មាន Reuters បានផ្សាយថា នៅថ្ងៃពុធ ទី២៦ ខែមីនា នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានឆ្លងផុតការបោះឆ្នោតដកសេចក្ដីទុកចិត្តនៅក្នុងរដ្ឋសភាយ៉ាងងាយស្រួល ហើយដែលនេះក៏បានបង្ហាញផងដែរពីស្ថិរភាពនៃរដ្ឋាភិបាលចម្រុះរបស់លោកស្រី។
លោកស្រី Paetongtarn បានទទួលជ័យជម្នះដោយឆ្លងផុតការបោះឆ្នោតដកសេចក្ដីទុកចិត្តស្នើឡើងដោយគណបក្សប្រឆាំង ជាមួយសំឡេងគាំទ្រពីសមាជិករដ្ឋសភា ៣១៩ ក្នុងចំណោម ៤៨៨រូប ដែលមានវត្តមានក្នុងពេលបោះឆ្នោត។ គណបក្សប្រឆាំងបានអំពាវនាវឱ្យមានការបោះឆ្នោតដកសេចក្ដីទុកចិត្តនេះឡើង ដោយចោទប្រកាន់លោកស្រី Paetongtarn ថាខ្វះចំណេះដឹងខាងសេដ្ឋកិច្ច គេចវេះបង់ពន្ធ គ្មានសមត្ថភាព ហើយធ្វើតាមការបង្គាប់បញ្ជាពីឪពុក គឺលោក Thaksin Shinawatra។
ប៉ុន្តែ លោកស្រី Paetongtarn មានអាយុ៣៨ឆ្នាំ បាននិយាយថា លោកស្រីកំពុងប្រឹងប្រែងដឹកនាំប្រទេស ហើយថាលោកស្រីគួរតែត្រូវបានវិនិច្ឆ័យដោយការធ្វើការរបស់លោកស្រី មិនមែនដោយសារតែទំនាក់ទំនងគ្រួសាររបស់លោកស្រីនោះទេ។
គួរបញ្ជាក់ថា ការបោះឆ្នោតនៅថ្ងៃពុធនេះ បានបង្ហាញថា ក្រុមចម្រុះរបស់លោកស្រី Paetongtarn នៅតែមានភាពរឹងមាំ និងមានស្ថិរភាព ដែលនេះអាចនិយាយបានថា ក្នុងរយៈពេលខ្លី វាមានលទ្ធភាពទាបដែលក្រុមចម្រុះអាចនឹងរង្គោះរង្គើរ ឬកើតមានវិបត្តិនយោបាយណាមួយ៕
ដោយ៖ ធីរីណា(រូបថត៖ Bangkok Post)