សារព័ត៌មាន AFP បានដកស្រង់ ប្រភពពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា បានឱ្យដឹងថាកូរ៉េខាងជើងបានបញ្ជូនកងទ័ពរបស់ខ្លួនបន្ថែមជាង ៣០០០នាក់ទៀតទៅកាន់រុស្ស៉ី នៅក្នុង ឆ្នាំ២០២៥នេះ ហើយនៅតែបន្តផ្គត់ផ្គង់មីស៊ីល កាំភ្លើងធំ និងគ្រាប់រំសេវដើម្បីជួយទីក្រុងមូស្គូ ក្នុងសង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន។
រុស្ស៉ី និងកូរ៉េខាងជើង បានពង្រឹងទំនាក់ទំនងនឹងគ្នាកាន់តែជិតស្និទ្ធ ចាប់តាំងរុស្ស៉ីបើកការឈ្លានពានប្រឆាំងអ៊ុយក្រែនកាលពីឆ្នាំ២០២២មក។ ទីក្រុងសេអ៊ូលវិញចោទប្រកាន់លោក គីម ជុនអ៊ុនថា បានបញ្ជូនកងទ័ពជាង ១១០០០នាក់ និងអាវុធរាប់កុងតឺន័រទៅឱ្យទីក្រុងមូស្គូ។ មកទល់នឹងពេលនេះ ទាំងរុស្ស៉ី និងកូរ៉េខាងជើងមិនបានទទួលស្គាល់ជាផ្លូវការ ពីការដាក់ពង្រាយកងទ័ព ឬការផ្គត់ផ្គង់អាវុធនោះទេ។ ប៉ុន្តែប្រទេសទាំង២ បានចុះហត្ថលេខាលើសន្ធិសញ្ញាយោធាមួយកាលពីឆ្នាំ២០២៤ ដែលក្នុងនោះរួមមានបញ្ចូលទាំងលក្ខខណ្ឌការពារគ្នាទៅវិញទៅមក អំឡុងដំណើរ ទស្សនកិច្ចរបស់លោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ទៅកាន់កូរ៉េខាងជើង។
តាមអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង កូរ៉េខាងជើងបានបញ្ជូនកងទ័ពបន្ថែម ៣០០០នាក់ ទៅជួយរុស្ស៉ីចន្លោះពីខែមករា ដល់ខែកុម្ភៈ។ តាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងដំបូងឡើយបានបញ្ជូន កងទ័ព ១១០០០នាក់ ទៅជួយរុស្ស៉ី ក្នុងនោះមាន ៤០០០នាក់ ត្រូវបានជឿជាក់ថាបានស្លាប់ ឬរងរបួស។
បើតាមយោធាកូរ៉េខាងត្បូង ក្រៅពីការបញ្ជូនកងទ័ពបន្ថែម កូរ៉េខាងជើងក៏នៅតែបន្តផ្គត់ផ្គង់ មីស៊ីល បរិក្ខារកាំភ្លើងធំ និងគ្រាប់រំសេវឱ្យរុស្ស៉ីផងដែរ៕ ដោយ៖ ធីរីណា

រូបថត៖ TTXVN
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច