ព័ត៌មានទាន់ហេតុការណ៍៖

ព្រះរាជពិធីបួងសួងចម្រើនសេចក្ដីសុខ មុខប្រាសាទអង្គរវត្ត លើកទៅថ្ងៃទី១៣-១៤មេសាវិញ

ចែករំលែក៖

ភ្នំពេញ ៖ បើតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាបានសព្វព្រះរាជឫទ័យ លើកថ្ងៃប្រារព្ធព្រះរាជពិធីបួងសួងចម្រើនសេចក្ដីសុខ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដែលគ្រោងប្រារព្ធនៅថ្ងៃទី ១១-១២ មេសា ទៅថ្ងៃទី១៣-១៤មេសាឆ្នាំ២០២៥វិញ។ 

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានបញ្ជាក់ថា ចំពោះកម្មវិធីក្រុងពាលី ព្រះរាជពិធីបួងសួង និងព្រះរាជដំណើរស្ដេចយាងទៅ និងយាងនិវត្តនៅរក្សាដដែល។ 

សម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ធ្លាប់បានគូសបញ្ជាក់ថា ការជ្រើសរើសមុខប្រាសាទអង្គរវត្ត ធ្វើជាទីតាំងសម្រាប់ប្រារព្ធព្រះរាជ ពិធីនេះ ដោយសារតែទីតាំងនោះមានទំនាក់ទំនងគ្នាយ៉ាង ជិតស្និទ្ធរវាងកេរដំណែលប្រវត្តិសាស្ត្រ និងព្រលឹងបុព្វបុរសខ្មែរ។

សម្ដេចមហាមន្ត្រី បន្តថា «អង្គរវត្ត ជាទឹកដីដ៏ស័ក្ដិសិទ្ធនៃព្រលឹងបុព្វបុរសខ្មែរ និងជាទីតាំងដ៏រុងរឿងនៃប្រទេសខ្មែរកាលពីសម័យបុរាណ។ ដូច្នេះទីតាំងនៅទីនោះមានអំណោយផលល្អសម្រាប់ការប្រារព្ធព្រះរាជពិធីនេះ បួងសួងចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជពិធីនេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់កម្ពុជាថែមទៀតផង»។

សម្ដេចមហាមន្ត្រី បានបន្តថា ព្រះរាជពិធីនេះមិនត្រឹមតែឆ្លុះបញ្ចាំងអំពីសីលធម៌របស់ប្រជាជនខ្មែរ ដែលមានការគោរពដឹងគុណចំពោះម្ចាស់ទឹកម្ចាស់ដី ទេវតារក្សាលោក និងបុព្វបុរសខ្មែរគ្រប់ជំនាន់ប៉ុណ្ណោះទេ ហើយវាក៏បានឆ្លុះ បញ្ចាំងពីទំនៀមទម្លាប់ និងប្រពៃណីដែលជាផ្នែកមួយនៃអត្តសញ្ញាណជាតិ និងវប្បធម៌ខ្មែរ ដែលប្រជាជនតែងតែប្រារព្ធធ្វើតាមស្រុកតាមភូមិនីមួយៗ។

សម្ដេចមហាមន្ត្រី ជឿជាក់ថា «ការប្រារព្ធព្រះរាជពិធីនេះនៅទីនេះ ក៏ជាការរួមចំណែកផ្សព្វផ្សាយពីវប្បធម៌ខ្មែរ និងសំណង់ស្ថាបត្យកម្មខ្មែរបុរាណទៅកាន់ពិភពលោក ក៏ដូចជា ការទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនានៅប្រទេសកម្ពុជាផងដែរ»៕

ដោយ ៖ សិលា


ចែករំលែក៖