ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) ប៉ាន់ប្រមាណថាចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ាអាចលើសពី 10,000នាក់ ។តាមសារព័ត៌មាន CNN បានផ្សាយថា តាមរបាយការណ៍របស់ USGS បានប៉ាន់ប្រមាណថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៧.៧ រិចទ័រ ដែលបានវាយប្រហារភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា អាចលើសពី ១០,០០០ នាក់ ។ USGS បានចេញការប្រកាសអាសន្នពណ៌ក្រហមលើចំនួនអ្នកស្លាប់ដែលបានប៉ាន់ស្មានដោយការរញ្ជួយដី ដោយសង្កត់ធ្ងន់លើ “អ្នករងរបួសច្រើននាក់ និងការខូចខាតយ៉ាងច្រើន”។
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានប្រកាសថា រហូតមកដល់ពេលនេះ មនុស្សយ៉ាងតិច ១៤៤ នាក់បានស្លាប់នៅក្នុងការរញ្ជួយដីដ៏ខ្លាំងកាលពីថ្ងៃទី ២៨ ខែមីនា។ ទោះបីជាយ៉ាងណាក៏ដោយ ចំនួនអ្នកស្លាប់ទំនងជាកើនឡើង ខណៈដែលកម្ទេចថ្មកាន់តែច្រើនត្រូវបានសម្អាត ហើយសាកសពកាន់តែច្រើនត្រូវបានរកឃើញ។
នៅប្រទេសថៃ លោកស្រី Tavida Kamolvej អភិបាលរងក្រុងបាងកក បានជូនដំណឹងថា មនុស្សយ៉ាងតិច ១0 នាក់បានស្លាប់នៅក្នុងរដ្ឋធានីបាងកក បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៧ រិចទ័រ បានកើតឡើងនៅប្រទេសមីយ៉ាន់ម៉ា ដែលជាប្រទេសជិតខាង។ គិតត្រឹមម៉ោង ១០ យប់ថ្ងៃទី ២៨ ខែមីនា ក្រៅពីអ្នកស្លាប់ នៅមាន ១៦ នាក់ផ្សេងទៀតបានរងរបួស និង ១០១ នាក់កំពុងបាត់ខ្លួន នៅឯការដ្ឋានសំណង់ចំនួន ៣ ក្នុងស្រុក Din Daeng ស្រុក Bang Sue និង Chatuchak ។
ប្រតិបត្តិការជួយសង្គ្រោះបានបន្តនៅព្រឹកថ្ងៃទី២៩ មីនា ក្នុងរាជធានីបាងកក។ អាជ្ញាធរកំពុងស្វែងរកមនុស្សរាប់សិបនាក់ដែលគេជឿថាជាប់នៅក្រោមអគារបាក់រលំ។
រូបថតពីកន្លែងកើតហេតុនៅក្នុងតំបន់ Chatuchak បានបង្ហាញក្រុមអ្នកជួយសង្គ្រោះក្នុងឯកសណ្ឋានពណ៌ក្រហម និងពណ៌ទឹកក្រូចបានប្រមូលផ្តុំគ្នាជុំវិញមូលដ្ឋាននៃអគារ ខណៈដែលសត្វឆ្កែជួយសង្គ្រោះបានស្វែងរកតាមគំនរបាក់បែកសម្រាប់មនុស្សជាង 100 នាក់ដែលត្រូវបានគេជឿថាជាប់នៅខាងក្នុង៕ ដោយ៖ ធីរីណា
(រូបថត៖ AP/REUTERS)