ភ្នំពេញ៖ នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែនបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការ ប្រកួតជើងឯកកីឡាបាល់បោះជនពិការអាស៊ីលើកទី១ ដោយមានការចូលរួមពីសំណាក់លោក Shaharuddin Bin Onn ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ីលោកVanlalvawnaBawitlung ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា លោកស្រី Nimala Rawit ប្រធានសហព័ន្ធកីឡាបាល់បោះជនពិការពិភពលោក ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម លោកជំទាវ លោក លោកស្រី គ្រូបង្វឹក កីឡាករ កីឡាការិនី និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ។
ការប្រកួតជើងឯកកីឡាបាល់បោះជនពិការអាស៊ីលើកទី១ ឆ្នាំ២០២៥ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនេះ មានប្រទេសចំនួន៦ ចូលរួមប្រកួតចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ នៅទីលាននៃគណៈកម្មា ធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ក្នុងរាជធានីភ្នំពេញ។ ការ ប្រកួតនេះមាន២វិញ្ញាសាគឺ វិញ្ញាសាបាល់បោះជនពិការបុរស និងវិញ្ញាសាបាល់បោះជនពិការនារី។ សម្រាប់វិញ្ញាសាបាល់បោះជនពិការបុរស មាន៤ប្រទេសគឺ ក្រុមបុរសម្ចាស់ផ្ទះកម្ពុជា ម៉ាឡេស៊ី ស្រីលង្កា និងឥណ្ឌា ខណៈវិញ្ញាសាបាល់បោះជនពិការនារី មាន៤ប្រទេសគឺ ក្រុមនារីម្ចាស់ផ្ទះកម្ពុជា ថៃ ឥណ្ឌា និងនេប៉ាល់។ កម្ពុជា និងឥណ្ឌាបានដាក់កីឡាករ កីឡាការិនីជនពិការរបស់ខ្លួនចូលរួមប្រកួតទាំងពីរវិញ្ញាសា។
មានប្រសាសន៍ក្នុងឱកាសនេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងអង្គភាពជំនាញពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញការងារប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់រហូតទទួលបានលទ្ធផលជាមោទនភាពសម្រាប់ជាតិ ជាពិសេស សហព័ន្ធកីឡា បាល់បោះពិភពលោកដែលបានសហការយ៉ាងជិតស្និទ្ធ ជាមួយគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា ក្នុងការរៀបចំការប្រកួតជើងឯកកីឡាបាល់បោះជនពិការអាស៊ីលើកទី១ ដែលមានសមាសភាពចូលរួមពីកីឡាករ កីឡាការិនី ជនពិការ និងមន្ត្រីបច្ចេកទេសសរុបទាំងអស់ចំនួន ១២២នាក់ មកពីបណ្តាប្រទេសចំនួន៦ ក្នុងតំបន់ រួមមាន៖ ឥណ្ឌា នេប៉ាល់ ស្រីលង្កា ម៉ាឡេស៊ី ថៃ និងកម្ពុជា។
ក្នុងន័យនេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់កីឡាករ កីឡាការិនីដែលបានចូលរួមក្នុងការប្រកួតនេះឱ្យបន្តខិតខំប្រឹងប្រែង ដើម្បីបង្ហាញអំពីសមត្ថភាពរបស់ខ្លួន និងជាពិសេសដើម្បីលើកបកម្ពស់នូវសិទ្ធិសេរីភាពក្នុងការរស់នៅ ដោយទោះបីជាបងប្អូនមានពិការភាពក្តី ក៏ប៉ុន្តែស្មារតីកីឡានៅតែបង្ហាញឆន្ទៈដ៏មោះមុត និងភាពជាគំរូដ៏ល្អសម្រាប់ជនពិការដទៃទៀតនៅទូទាំងប្រទេសកម្ពុជាក៏ដូចជានៅក្នុងតំបន់អាស៊ីផងដែរ និងសូមលើកទឹកចិត្តដល់បងប្អូនជនរួមជាតិទាំងអស់ ឱ្យចូលរួមទស្សនាកម្សាន្ត និងគាំទ្រដល់កីឡាបាល់បោះជនពិការតាមគ្រប់មធ្យោបាយ និងនៅគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា ជាពិសេសសូមអញ្ជើញមកទស្សនានិងគាំទ្រកម្ពុជាឱ្យបានច្រើនកុះករ។
តាងនាមក្រសួងអប់រំ យុវជន និងកីឡាបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី កោតសរសើរ និងបង្ហាញការគាំទ្រយ៉ាងពេញទំហឹងនូវចលនាកីឡាជនមានពិការភាព ដែលជាកត្តាមួយជំរុញ ការបង្កើនកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសនិងប្រទេស រវាងបងប្អូនជនពិការនិងជនពិការ និងរវាងប្រជាជននិងប្រជាជន ព្រមទាំងសូមលើកទឹកចិត្តដល់អាជ្ញាកណ្តាល គណៈ កម្មការគ្រប់ផ្នែក កីឡាករ និងកីឡាការិនីទាំងអស់ ត្រូវប្រកាន់ខ្ជាប់វិន័យ គោរពឱ្យបានហ្មត់ចត់នូវច្បាប់ បទ បញ្ជាក្រមសីលធម៌ និងលក្ខន្តិកៈនៃការប្រកួត ដោយធ្វើយ៉ាងណាឱ្យការប្រកួតនេះប្រព្រឹត្តទៅដោយភាពយុត្តិធម៌ តម្លាភាព និងការពេញចិត្តពីគ្រប់ភាគីនៅក្នុងអំឡុងពេល និងក្រោយពេលនៃការប្រកួតទាំងអស់។
នាឱកាសនេះដែរ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបំពាក់គ្រឿងឥស្សរិយស ចំនួន២គ្រឿង ជូន Dr.V Albert Premkumar អគ្គលេខាធិការ និង Mrs. Nimala Rawat ប្រធានសហព័ន្ធកីឡាបាល់បោះជនពិការពិភពលោក ព្រមទាំងបានអញ្ជើញចូលរួមទស្សនាការប្រកួតបើកឆាកទី១ក្នុងវិញ្ញាសាបាល់បោះជនពិការបុរសរវាងកម្ពុជានិងម៉ាឡេស៊ី ដោយប្រទេសកម្ពុជាបានទទួលជ័យជំនះលើប្រទេសម៉ាឡេស៊ីក្នុងលទ្ធផល ៣-០ (Sets)៕
ដោយ៖ សូរិយា