ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីឃាតកម្មលើកុមារីអាយុ​១៣ឆ្នាំម្នាក់​នៅស្រុកអង្គរជុំ​

ចែករំលែក៖

   ខេត្តសៀមរាប៖​ មានករណីឃាតកម្មមួយ​នៅស្រុកអង្គរជុំ​ នៃខេត្តសៀមរាប​ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅចំណុចវាលស្រែអូរបាក់រនាស់ ស្ថិតក្នុងភូមិអន្ទិតសុខ ឃុំគោកដូង ស្រុកអង្គរជុំ​​។ ជនរងគ្រោះឈ្មោះ គុណ ស្រីលិម ហៅ ស្រីតយ ភេទស្រី អាយុ ១៣ឆ្នាំ។ មកដល់ពេលនេះសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ហើយ។

   តាមរបាយការណ៍របស់សមត្ថកិច្ច​ដែលទទួលបាននៅថ្ងៃទី២៩​ ខែមីនា​ ឆ្នាំ​២០២៥ បានឱ្យដឹងថា​ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានចុះសហការជាមួយនគរបាលស្រុកអង្គរជុំ ធ្វើការស្រាវជ្រាវប្រមូលសាក្សីនិងភស្តុតាងជាបន្តបន្ទាប់ជុំវិញករណីឃាតកម្មនេះ។

   នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដាក់ការសង្ស័យឈ្មោះ ស៊ាយ អាយប៉ឹម ហៅប៉ឹម ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិកើតហេតុ ដែលមានតម្រុយអំពីពិរុទ្ធភាព និងនាំខ្លួនមកសាកសួរជុំវិញរឿងហេតុខាងលើ។

    បន្ទាប់ពីសាកសួរតាមនីតិវិធី ជនសង្ស័យមិនអាចឆ្លើយប្រកែកបាន ក៏ឆ្លើយសារភាពថា​ នៅអំឡុងដើមខែមករា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ១៦:០០នាទី ខណៈពេលឪពុករបស់ខ្លួន ឈ្មោះ ហឿត ស៊ាយ ភេទប្រុស អាយុ ៤០ឆ្នាំ កំពុងផឹកស្រាជាមួយឈ្មោះ សែ ភឿយ ហៅពឿត ឬឈឿយ ភេទប្រុស អាយុប្រហែល ៤៧ឆ្នាំ ជាប្រជាការពារភូមិអន្ទិតសុខនិងឈ្មោះ សែ សោម ភេទ ប្រុស អាយុប្រហែល៣៨ឆ្នាំ មុខរបរកសិករ ស្រាប់តែឈ្មោះ គក់ គុណ ភេទប្រុស អាយុ ៤៥ឆ្នាំ (ឪពុកចុងជនរងគ្រោះ) ជាអ្នកភូមិឃុំជាមួយគ្នា បានដើរមកក្នុងសភាពស្រវឹងស្រែកជេរប្រមាថ ភ្លាមៗនោះឈ្មោះ គក់ គុណ បានចាប់យកដំបងឈើវាយទៅលើឪពុករបស់ខ្លួនចំនួន ២ដំបង ត្រូវចំស្មាផ្នែកខាងស្តាំ បណ្តាលឱ្យថ្លោះគ្រេចស្មា ហើយបន្តដើរទៅយកកាំបិតខ្វែវដងឈើរបស់ឈ្មោះ សែ ភឿយ ដែលទុកក្រោមផ្ទះ ហើយស្រែកថា “ អ្ហែងផឹកស្រាមិនដែលហៅអញ ចាំមើលអញយកខ្វែវកាប់ពួកអ្ហែងងាប់អស់“ ប៉ុន្តែពេលនោះត្រូវបានឈ្មោះ ម៉ៅ ដា ភេទស្រី អាយុប្រហែល ៣៧ឆ្នាំ ដែលនៅក្បែរនោះចាប់ជាប់ ហើយឈ្មោះ គក់ គុណ បានដើរទៅផ្ទះបាត់ទៅ។

   នៅថ្ងៃទី២២ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោងប្រហែល ១៥:០០នាទី ជីតារបស់ខ្លួនឈ្មោះ ឆេង (មិនស្គាល់ត្រកូល) អាយុប្រហែល ៧០ឆ្នាំ បានប្រើឱ្យខ្លួនទៅចងគោនៅចំណុចវាលស្រែអូរបាក់រនាស់ ស្ថិតនៅភូមិកើតហេតុ ពេលនោះក៏បានឃើញឈ្មោះ គុណ ស្រីលិម ហៅ តយ ភេទស្រី អាយុ ១៣ឆ្នាំ ត្រូវជាកូនស្រីចុងរបស់ឈ្មោះ គក់ គុណ ពាក់អាវយឺត មិនចាំពណ៌ និងមិនចាំថាដៃវែងឬដៃខ្លី មិនមានស្លៀកខោ កំពុងលេងទឹកម្នាក់ឯង ក្នុងចំណុចថ្លុកទឹកអូរបាក់រនាស់ ដោយនៅក្បែរឈ្មោះ គុណ ស្រីលិម មានសម្ភារដូចជា ធុងជ័រ ពណ៌សចំនួន១, ចបជីកចំនួន ១, ស្បែកជើងស៊ក ពណ៌ផ្កាឈូក ចំនួន ១គូនិងមានខោចំនួន ១ មិនចាំថា ពណ៌អ្វីនោះទេ ភ្លាមនោះដោយខ្លួនមានគំនុំរឿងឪពុកខ្លួនត្រូវបានឪពុករបស់ឈ្មោះ គុណ ស្រីលិម វាយកន្លងមកផង ខ្លួនបានដើរសំដៅទៅរកឈ្មោះ គុណ ស្រីលិម ពីខាងក្រោយ បន្ទាប់មកក៏ធ្វើសកម្មភាពប្រើដៃស្តាំច្របាច់ករបស់ឈ្មោះ គុណ ស្រីលិម ពីផ្នែកខាងក្រោយ រុញពន្លិចទៅក្នុងទឹកថ្លុក ពេលនោះឈ្មោះ គុណ ស្រីលិម បានរើបម្រះបានប្រហែល ២នាទី ក៏លែងមានសកម្មភាពរើ និងដឹងថា ឈ្មោះ គុណ ស្រីលិម បានស្លាប់ ក៏បានប្រើជើងខាងស្តាំជាន់ពន្លិចសពផ្កាប់មុខចូលទៅក្នុងដីភក់សភាពទន់ជ្រាយ លិចសពចូលទៅក្នុងដី ហើយដើរគេចខ្លួនទៅទិសខាងត្បូង ដល់ផ្លូវលំក៏ដើរទិសខាងកើត សំដៅទៅផ្ទះម្តាយមីងរបស់ខ្លួនឈ្មោះ ភាំង នេត ភេទស្រី អាយុប្រហែល ២០ឆ្នាំ នៅភូមិឃុំជាមួយគ្នា ដោយលាក់បាំងរឿងនេះមិនប្រាប់អ្នកណាឡើយ។

   បច្ចុប្បន្ន​ ជនសង្ស័យត្រូវបានកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕

ដោយ៖ សូរិយា


ចែករំលែក៖