ខេត្តមណ្ឌលគិរី៖ យ៉ាងហោចមនុស្សម្នាក់ក្នុងចំណោមមនុស្ស៩នាក់ បានស្លាប់ដោយសារតែដីបាក់សង្កត់ ក្នុងរណ្តៅរជីករ៉ែពុំមានច្បាប់អនុញ្ញាត ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នៅទីតាំងធ្វើរ៉ែអនាធិបតេយ្យមួយកន្លែង ស្ថិតនៅភូមិខ្ទង់ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
ជនរងគ្រោះដែលបាត់បង់អាយុជីវិតត្រូវជាកូនរបស់មេភូមិខ្ទង់ មាន ឈ្មោះ គឹមសាន ប្ល៉ូយ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិព្នងមានទីលំនៅភូមិខ្ទង់ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
យោងតាមកំណត់ហេតុរបស់នគបាលប៉ុស្តិ៍រដ្ឋបាលឃុំស្រែឈូក និងការផ្តល់ព័ត៌មានពីសាច់ញាតិរបស់សព បានឱ្យដឹងថា នៅវេលាម៉ោង៦និង៣០នាទីព្រឹក ជនរងគ្រោះ និងបងប្អូនរបស់គាត់មានគ្នាចំនួន ០៩នាក់ បានទៅជីកដីចាក់ទរដើម្បីរកមាសនៅចំណុចកោះពាមរោងអូរទេ ។ ជនរងគ្រោះឈ្មោះ គឹមសាន ប៉្លូយ បានទៅជីកដីនៅមាត់ច្រាំងអូរ លុះវេលាម៉ោង១០និ៣០នាទីព្រឹក ខណៈជនរងគ្រោះ និងបងប្អូនទាំង០៨នាក់ទៀតកំពុងជីកដី ស្រាប់តែច្រាំងដីអូរក៏បានបាក់មកសង្កត់លើពួកគាត់តែម្ដង អ្នកខ្លះ ត្រូវបានដីសង្កត់ត្រឹមពាក់កណ្ដាលខ្លួនចុះក្រោម ចំណែកជនរងគ្រោះត្រូវដីសង្កត់លើទាំងស្រុងបណ្តាលឱ្យស្លាប់តែម្តង។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីនៅក្នុងភូមិ៕
ដោយ៖ សូរិយា