ខេត្តតាកែវ ៖ ទំនាស់ដ៍រាំរ៉ៃរវាងឈ្មួញទិញដី និងបងប្អូនប្រជាពលរដ្ឋ ៤៥គ្រូសារ នៅភូមិឬស្សីមួយគុម្ព ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ខេត្តតាកែវ ដែលអូសបន្លាយរយៈពេលជាង ២ឆ្នាំមកហើយនោះ ត្រូវបាន លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និង មន្រ្តីខុទ្ទកាល័យ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានចុះទៅដឹកនាំកិច្ចប្រជុំ សម្របសម្រួលនិងដោះស្រាយបញ្ចប់ករណីនេះនៅព្រឹកថ្ងៃ អង្គារ ទី១ ខែមេសា ឆ្នាំ ២០២៥នេះ នៅសាលា ឃុំអូសារ៉ាយ។
ថ្លែងនៅក្នុងឱកាសនោះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹក នាំរាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធនិងអាជ្ញាធមូលដ្ឋាន ក្នុងការដោះស្រាយរាល់ទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបញ្ហាពាក់ព័ន្ធទៅនិងករណីយ៍ទំនាស់ដីធ្លី ដោយធ្វើយ៉ាងណាស្វែងរកដំណោះស្រាយ អោយបានឆាប់រហ័ស ជូនបងប្អូនប្រជាពលរដ្ឋ។
លោកអភិបាលខេត្តតាកែវបានលើកឡើងបន្តថា ករណីយ៍សំណើរអន្តរាគមន៍ របស់បងប្អូនប្រជាពលរដ្ឋទាំង ៤៥គ្រួសារ នៅពេលនេះ ត្រូវបានថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី និងអាជ្ញាធរខេត្តតាកែវ បានសម្របសម្រួល ធ្វើការដោះ ស្រាយបញ្ចប់ទំនាស់ ដោយភាគីអ្នកទិញប្រគល់ថវិកា ដែលបានពញរមព្រៀងគ្នា ទៅអោយបងប្អូនប្រជាពលរដ្ឋ ជា ម្ចាស់ដីទៅតាមទំហំដីដែលមន្រ្តីសូរិយោដីចុះទៅវាស់វែងនៅទីតាំងដោយផ្ទាល់និងដោយចូលរួមពីប្រជាពលរដ្ឋម្ចាស់ដី។
នៅក្នុងឱកាសនោះលោក វ៉ី សំណាង ក៏បានធ្វើការណែនាំដល់មន្រ្តីសូរិយោដី ដែលចុះទៅធ្វើការវាស់វែងដី របស់បងប្អូនប្រជាពលរដ្ឋត្រូវ ធ្វើការប្រកបដោយការទទួលខុសត្រូវខ្ពស់ មានតម្លាភាព និងជៀសវាងដាច់ខាត ការចុះ វាស់វែងដោយលម្អៀងហើយបើមានបញ្ហាខុសប្រក្រតីកើតឡើង មន្រ្តីដែលប្រព្រឹត្តិខុស នឹងទទួលខុសត្រូវ ចំពោះមុខច្បាប់៕
ដោយ ៖ សិលា