ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំ ឃាត់ខ្លួនមុខសញ្ញាក្មេងទំនើងចំនួន២នាក់  ដើម្បីយកមកអប់រំ ណែនាំ ធ្វើកិច្ចសន្យា

ចែករំលែក៖

ខេត្តស្វាយរៀង:សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំ បានឃាត់ខ្លួនមុខសញ្ញា ជាក្មេងទំនើងចំនួន២នាក់  ដើម្បីយកមកអប់រំ ណែនាំ ធ្វើកិច្ចសន្យា និងអោយអាណាព្យាបាលធ្វើ លិខិតសុំធានាយកទៅអប់រំ កែប្រែនៅផ្ទះបន្ត។

យោងតាម លោកសោមសុភណ្ឌ័ អធិការនគរបាលស្រុកស្វាយជ្រំ បានអោយដឹងនារសៀលថ្ងៃទី២ខែមេសាឆ្នាំ២០២៥នេះថាក្រោមការដឹកនាំពីលោកស្នងការនគរបាលខេត្តដាក់បទបញ្ជារយ៉ាងម៉ឺងម៉ាត់និងធ្វើដូចភ្លៀងរលឹម ចំពោះក្រុមក្មេងទំនើងដែលបង្កអុកឡុកដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ជាក់ស្ដែងនៅថ្ងៃទី៣១ខែមីនាឆ្នាំ ២០២៥ វេលាម៉ោង១១និង៣០នាទី យប់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រោលគោ បានធ្វើការល្បាតចល័តតាមភូមិសាស្ត្រក្នុងមូលដ្ឋាន បានប្រទះឃើញ និងឃាត់ខ្លួនមុខសញ្ញាក្មេងទំនើងចំនួន២នាក់ នៅត្រង់ចំនុចខាងជើងក្លោងទ្វារវត្តបឹងរ៉ៃ ស្ថិតភូមិព្រៃខ្លា ឃុំក្រោលគោ ស្រុកស្វាយជ្រំ។

ប្រភពបន្តថា ដោយមុខសញ្ញាក្មេងទំនើងទាំងពីរមាន:ឈ្មោះ ផ.ម ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិត្បែង ឃុំព្រៃឈ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

និងឈ្មោះ ឈ.ស.ភ ភេទប្រុស អាយុ ២០ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិត្បែង ឃុំព្រៃឈ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

ក្រោយមក កម្លាំងជំនាញនៃអធិការដ្ឋានគរបាលស្រុកស្វាយជ្រំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រោលគោ បានធ្វើនាំខ្លួនមុខសញ្ញាក្មេងទំនើងទាំង២នាក់ មកកាន់អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីអប់រំ ណែនាំ ធ្វើកិច្ចសន្យា និងធ្វើតេស្តស្វែងរកសារធាតុញៀន ជាលទ្ធផលអវិជ្ជមាន(-) ព្រមទាំងអោយអាណាព្យាបាលធ្វើ លិខិតសុំធានាយកទៅអប់រំ កែប្រែនៅផ្ទះបន្ត៕

ដោយ៖សុថាន


ចែករំលែក៖