អន្តរជាតិ ៖ ថ្ងៃទី ២៨ ខែមីនា មីយ៉ាន់ម៉ាកើតមានគ្រោះរញ្ជួយដីយ៉ាងខ្លាំងក្លា ក្រុងម៉ាន់ដាលេដែលស្ថិតនៅជិតចំណុចកណ្តាលនៃការរញ្ជួយដីជាតំបន់រងគ្រោះ ធ្ងន់ធ្ងរ។ ប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមភ្នាក់ងារ ជួយ សង្គ្រោះចិន បាន ធ្វើការ ជួយ សង្គ្រោះជាច្រើនលើកនៅខុនដូSky Villa ។ ករណីដោយឡែក យោធាមីយ៉ាន់ម៉ា បានបាញ់ប្រហារទៅលើក្បួនរថយន្តចំនួន ៩គ្រឿង ដោយប្រើកាំភ្លើងយន្តធុនធ្ងន់ ខណៈកំពុងធ្វើដំណើរឆ្លងកាត់ទីប្រជុំជន Naung Cho ក្នុងរដ្ឋ Shan ភាគខាងជើង ទៅកាន់ទីក្រុង Mandalay ជាក្រុងធំទីពីររបស់ប្រទេសមីយ៉ាន់ម៉ា ដែលរងគ្រោះដោយការរញ្ជួយដីខ្លាំងជាងគេ។
យោងតាមការចុះផ្សាយដោយសារព័ត៌មានBBCឱ្យដឹងថា ៖ កងទ័ពរំដោះជាតិ Ta’ang (TNLA) ដែលជាក្រុមឧទ្ទាមប្រដាប់អាវុធបាននិយាយថា ទាហានយោធាបានបាញ់ទៅលើក្បួនរថយន្តចំនួន ៩គ្រឿង ដោយប្រើកាំភ្លើងយន្តធុនធ្ងន់ ខណៈកំពុងធ្វើដំណើរឆ្លងកាត់ទីប្រជុំជន Naung Cho ក្នុងរដ្ឋ Shan ភាគខាងជើង ទៅកាន់ទីក្រុង Mandalay ជាក្រុងធំទីពីររបស់ប្រទេសមីយ៉ាន់ម៉ា ដែលរងគ្រោះដោយការរញ្ជួយដីខ្លាំងជាងគេ។
TNLA បាននិយាយថា ក្បួនរថយន្តបានជូនដំណឹងដល់រដ្ឋាភិបាលយោធា អំពី ផ្លូវដែលត្រូវធ្វើដំណើរឆ្លងកាត់ និងផែនការផ្តល់ជំនួយរបស់ខ្លួន។ ប៉ុន្តែយោធាបាននិយាយថា មិនទទួលបានដំណឹងថាក្បួនរថយន្តនឹងឆ្លងកាត់នោះទេ ហើយថាខ្លួនបានបាញ់ប្រហារ ព្រោះតែរថយន្តទាំងនោះមិនព្រមឈប់។ យ៉ាងណា គ្មាននរណាម្នាក់រងរបួសនោះទេ ហើយរបបយោធាអះអាងថា ខ្លួនកំពុងស៊ើបអង្កេតឧប្បត្តិហេតុនេះ។
សូមជម្រាបជូនថា មីយ៉ាន់ម៉ាដែលញាំញីដោយសង្រ្គាមស៊ីវិល តាំងពីមេដឹកនាំយោធា បានធ្វើរដ្ឋប្រហារដណ្តើមអំណាចនៅក្នុងឆ្នាំ២០២១ កំពុងដោះស្រាយបញ្ហាក្រោយរញ្ជួយដីដ៏ខ្លាំងក្លា កម្រិត៧.៧រ៉ិចទ័រកាលពីថ្ងៃទី២៨ខែមីនា ដែលបន្សល់ទុកគំនរបាក់បែកនៃអគារជាច្រើន និងមនុស្សម្នាមួយចំនួនគ្មានផ្ទះសម្បែងជ្រកកោន និងកង្វះអាហារហូបចុកជាដើម។ ប្រមុខយោធាលោក Min Aung Hlaing បាននិយាយនៅក្នុងសុន្ទរកថា តាមទូរទស្សន៍រដ្ឋកាលពីថ្ងៃអង្គារថា មនុស្សស្លាប់ដោយសារការរញ្ជួយដីនៅមីយ៉ាន់ម៉ា មានចំនួន ២,៧១៩នាក់ របួសមានចំនួន ៤,៥២១ នាក់ និងបាត់ខ្លួនចំនួន៤៤១ នាក់។ លោក Min Aung Hlaing បានបន្ថែមថា ចំនួនអ្នកស្លាប់អាចលើសពី ៣,០០០ នាក់៕
ដោយ ៖ សិលា