ព័ត៌មានទាន់ហេតុការណ៍៖

កន្លែងបូជាសពកកកុញ ខណៈអ្នកស្លាប់បន្តកើនដល់ជិត៣ពាន់នាក់ និងរបួស៤៦៣៩នាក់ ក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា

ចែករំលែក៖

កន្លែងបូជាសពនៅជិតទីក្រុង Mandalay ត្រូវបានកកកុញ ខណៈអាជ្ញាធរបានអូសថង់ដាក់សាកសពរួមជាមួយនឹងសម្ភារចាំបាច់ផ្សេងទៀត មានទាំងអាហារ និងទឹកផងដែរ។ ប្រទេសជាច្រើនបានបញ្ជូនកងកម្លាំង និងជំនួយទៅប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែប្រតិបត្តិការសង្គ្រោះនៅតែយឺតយ៉ាវ។ អ្នកស្រុកបានចែករំលែកថា “ក្រុមជួយសង្គ្រោះបានធ្វើការមិនឈប់អស់រយៈពេល 4 ថ្ងៃហើយ ហើយខ្ញុំគិតថាពួកគាត់ហត់នឿយ ពួកគេក៏ត្រូវការសម្រាកដែរ។ ប៉ុន្តែដោយសារតែការខូចខាតខ្លាំង យើងមានធនធានមានកម្រិតនៅទីនេះ ដូច្នេះវាពិតជាលំបាកសម្រាប់ក្រុមជួយសង្គ្រោះក្នុងការដោះស្រាយការបំផ្លិចបំផ្លាញដ៏ធំធេងបែបនេះ” ។
នៅថ្ងៃពុធ ទី២ ខែមេសា របបសឹកនៃប្រទេសមីយ៉ាន់ម៉ា បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី បានបន្តកើនដល់ជិត២៩០០នាក់។ នេះបើតាមការចេញផ្សាយដោយរបបនេះ ។
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បាននិយាយថា តួលេខអ្នកបាត់បង់ជីវិត បានឡើងដល់២៨៨៦នាក់ ខណៈតួលេខនេះ ត្រូវបានរំពឹងថា នឹងបន្តកើនដល់លើស៣០០០នាក់។ ជាមួយគ្នានេះដែរ អ្នករងរបួស ក៏បានបន្តកើនដូចគ្នា ដល់ចំនួន៤៦៣៩នាក់ រីឯ៣៧៣នាក់ នៅបន្តបាត់ខ្លួន។ នាថ្ងៃពុធនេះ បុរសម្នាក់អាយុ២៦ឆ្នាំ ទើបតែត្រូវបានទាញចេញដោយនៅមានជីវិត ពីខាងក្រោមគំនរបាក់បាក់នៃសណ្ឋាគារមួយ ដែលបានដួលរលំនៅរដ្ឋធានីណៃពិដោ។
គ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ បានវាយប្រហារមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ ទី២៨ ខែមីនា ខណៈវាគឺជារញ្ជួយដីធំបំផុត មិនធ្លាប់មានឡើយក្នុងរយៈពេលជាង១សតវត្សរ៍ នៅប្រទេសអាស៊ានមួយនេះ។ ស្របពេលដែល៥ថ្ងៃ បានកន្លងផុតទៅក៏ដោយ ក្រុមអ្នកសង្រ្គោះមីយ៉ាន់ម៉ា និងមកពីអន្តរជាតិ កំពុងតែប្រឹងប្រែងបន្តប្រតិបត្តិការសង្រ្គោះយ៉ាងស្វាហាប់ ដើម្បីស្វែងរកនិងជួយសង្រ្គោះជនរងគ្រោះ ដែលអាចនៅមានជីវិត៕ ដោយ៖ ធីរីណា

រូបថត​៖ Reuters


ចែករំលែក៖