ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី៣រូប និងជា រដ្ឋមន្ត្រី នៃក្រសួងពាក់ព័ន្ធ រួមមាន លោក អូន ព័ន្ធមុនីរ័ត្ន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក ប្រាក់ សុខុន នៃក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ និង លោក ហ៊ុន ម៉ានី នៃក្រសួងមុខ ងារសាធារណៈ បាន ដាក់សំណើ ទៅប្រមុខ រដ្ឋាភិបាលដើម្បីចុះហត្ថលេខា លើអនុក្រឹត្យសំដៅដល់ការកែប្រែ និងដំឡើងបៀវត្សប្រចាំខែ និងការឧបត្ថម្ភផ្សេងៗសម្រាប់មន្ត្រីរាជការ និងបុគ្គលិកបំពេញភារកិច្ចតាមស្ថានតំណាងកម្ពុជានៅបរទេស។
ប្រភេទចំណាត់ថ្នាក់ប្រទេសដែលមានស្ថាន តំណាងកម្ពុជា ក៏ត្រូវបានកែប្រែផងដែរ ដោយមានត្រឹមប្រភេទប្រទេស «ក» និង «ខ» ប៉ុណ្ណោះ ខណៈអនុក្រឹត្យ កាលពីឆ្នាំ២០១៧ និងអនុក្រឹត្យ ឆ្នាំ២០២០ មាន ដល់ ប្រទេសប្រភេទ «គ»។ គឺសម្តេចធិបតីនាយករដ្ឋមន្ត្រី នៃកម្ពុជា ហ៊ុន ម៉ាណែត បានចុះហត្ថលេខា លើ អនុក្រឹត្យ ស្តីពី ការកែប្រែ និងដំឡើង បៀវត្សប្រចាំខែ និងការឧបត្ថម្ភ ផ្សេងៗ សម្រាប់មន្ត្រីរាជការ និងបុគ្គលិក បំពេញភារកិច្ច តាមស្ថានតំណាងកម្ពុជានៅបរទេស។
អនុក្រឹត្យដែលចុះហត្ថលេខាកាលពីថ្ងៃទី ១ ខែមេសា បង្ហាញថា ប្រភេទចំណាត់ថ្នាក់ ប្រទេស «ក» ដែលមានស្ថាន តំណាងកម្ពុជា រួមមាន អូស្ត្រាលី និងនូវែលសេឡង់ (ក្រុងកង់បេរ៉ា), បែលហ្ស៊ិក (ក្រុងព្រុចសែល រួមទាំងបេសកកម្មអចិន្ត្រយ៍អមសហគមន៍អឺរ៉ុប), ប្រេស៊ីល (ក្រុងប្រាស៊ីលីយ៉ា), កាណាដា (ក្រុងអូតាវ៉ា), ចិន (ទូតនៅប៉េកាំង, អគ្គកុងស៊ុលនៅ ហុងកុង និងម៉ាកាវ, សៀងហៃ), បារាំង (ប៉ារីស រួមទាំង ស្ថានគណៈប្រតិភូអចិន្ត្រៃយ៍ប្រចាំអង្គការយូណេស្កូ), អាល្លឺម៉ង់ (បែរឡាំង), ជប៉ុន (តូក្យូ), កូរ៉េខាងត្បូង (សេអ៊ូល), រុស្ស៊ី (ក្រុងមូស្គូ), ស្វីស (ស្ថានបេសកកម្ម អចិន្ត្រៃយ៍ ប្រចាំអង្គការសហប្រជាជាតិ, អង្គការពាណិជ្ជកម្ម ពិភពលោក និងអង្គការអន្តរជាតិនានានៅ ហ្សឺណែវ), ចក្រភពអង់គ្លេស (ក្រុងឡុងដ៍), សហរដ្ឋអាម៉េរិក (ក្រុងវ៉ាស៊ីនតោន និង ស្ថានបេសកកម្ម អចិន្ត្រៃយ៍ប្រចាំ អង្គការ សហប្រជាជាតិ នៅញូវយ៉ក), អេហ្ស៊ីប (ក្រុងគែរ), កូវ៉ែត, សិង្ហបុរី, ប៊ុលហ្គារី (ក្រុងសូហ្វីយ៉ា), ស៊ែប៊ី (ក្រុង ប៊ែលក្រាត), តួកគី (ក្រុងអង់ការ៉ា), ឆែក (ក្រុង ប្រាក), ហុងគ្រី (ក្រុងប៊ុយដាប៉ែស)។
រីឯ ប្រភេទប្រទេស «ខ» មាន ឥណ្ឌា (ក្រុងញូវដែលី), ព្រុយណេ (ក្រុងបានដាស៊េរីបេហ្គាវ៉ាន់), គុយបា (ក្រុងឡាហាវ៉ាន), ឥណ្ឌូណេស៊ី ( ក្រុងហ្សាការតា រួមទាំង ស្ថាន តំណាងអចិន្ត្រៃយ៍អម លេខាធិការដ្ឋាន អាស៊ាន), ចិន (អគ្គ កុងស៊ុល ប្រចាំក្រុងឆុងឈីង, គុនមិញ, ណាននីង, ស៊ីអាន, ហៃគូ, ជីណាន, ក្វាងចូវ), កូរ៉េខាងជើង (ព្យុងយ៉ាង), ឡាវ (ក្រុងវៀងចន្ទន៍ និងស្ថានអគ្គ កុងស៊ុល ប្រចាំ ក្រុងប៉ាក់សេ), ម៉ាឡេស៊ី (គូឡាឡាំពួ), មីយ៉ាន់ម៉ា (យ៉ាងហ្គូន), ទីម័រឡេស្តេ (ក្រុងឌីលី), ថៃ (ក្រុងបាងកក, ស្ថានអគ្គកុងស៊ុល ប្រចាំខេត្ត ស្រះកែវ និង ក្រុងសុងក្លា), សេណេហ្គាល់ ( ក្រុងដាកា), វៀតណាម (ក្រុងហាណូយ និងស្ថានអគ្គ កុងស៊ុល ប្រចាំក្រុងហូជីមិញ), ហ្វីលីពីន (ម៉ានីល)។
តំណាងអចិន្ត្រៃយ៍រង (ឋានៈជាឯកអគ្គរាជ ទូត) បានបៀវត្ស ៣៦០០ដុល្លារ (ប្រទេសប្រភទ «ក») និង ៣២០០ដុល្លារ (ប្រទេស ប្រភេទ «ខ»)។ មុខតំណែងផ្សេងទៀតរួមមាន អគ្គរាជទូត («ក» ៣៣០០ដុល្លារ, «ខ» ២៨០០ដុល្លារ), អគ្គទីប្រឹក្សា («ក» ៣៣០០ដុល្លារ, «ខ» ២៦០០ដុល្លារ), ទីប្រឹក្សា, អគ្គកុងស៊ុល («ក» ២៨០០ដុល្លារ, «ខ» ២៤០០ដុល្លារ)។
ប្រៀបធៀបទៅនឹងអនុក្រឹត្យ ចុះកាលពីថ្ងៃទី ៤ ខែមិនា ឆ្នាំ២០២០ មន្ត្រីរាជការ និងបុគ្គលិកបំពេញភារកិច្ចតាម ស្ថាន តំណាងកម្ពុជា នៅ ប្រទេសទាំងអស់ សុទ្ធតែទទួលបាននូវការ ដំឡើងបន្ថែមទៀតនៅ ឆ្នាំ២០២៥នេះ។ មុខតំណែងជាឯកអគ្គ រាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៅ ប្រទេស ប្រភេទ «ក» ទទួលបាន ៣៨០០ដុល្លារក្នុង១ខែ រីឯប្រទេសប្រភេទ «ខ» បាន ៣២០០ដុល្លារ។
លេខាធិការទី១ និងអនុព័ន្ធជំនាញ («ក» ២៧០០ដុល្លារ, «ខ» ២២០០ដុល្លារ), លេខាធិការទី២, កុងស៊ុល, អនុព័ន្ធ ជំនាញរង («ក» ២៥០០ដុល្លារ, «ខ» ២០០០ដុល្លារ), លេខាធិការទី៣, អនុព័ន្ធ, អនុកុងស៊ុល/ភ្នាក់ងារកុងស៊ុល («ក» ២៤០០ដុល្លារ, «ខ» ១៩០០ដុល្លារ)។
គណនេយ្យករ , បុគ្គលិក រដ្ឋបាល និងបច្ចេកទេស («ក» ១៨០០ដុល្លារ, «ខ» ១៥០០ដុល្លារ)។ ជាមួយគ្នានេះ បុគ្គលិក សេវា ដែលរួមមាន អ្នក បើកបរ និងអ្នក ដាំស្ល ក៏បានឡើង បៀវត្សដល់ ១៦០០ដុល្លារសម្រាប់ប្រទេសប្រភេទ «ក» និង ១៣០០ដុល្លារ សម្រាប់ប្រទេសប្រភេទ «ខ» ផងដែរ។
ចំពោះប្រាក់ឈ្នួលផ្ទះ មន្ត្រី មុខតំណែង ចាប់ពីថ្នាក់ តំណាងអចិន្ត្រៃយ៍ រងដល់ថ្នាក់ លេខាធិការទី១ និងថ្នាក់ ប្រហាក់ប្រហែល ទទួល ១៩០០ដុល្លារ សម្រាប់ប្រទេសប្រភេទ «ក» និង ១៤០០ដុល្លារ សម្រាប់ ប្រទេស ប្រភេទ «ខ»។ ចាប់ពីថ្នាក់ លេខាធិការ ទី២ ដល់ថ្នាក់អនុព័ន្ធ និង ថ្នាក់ប្រហាក់ប្រហែល «ក» បាន ១៦០០ដុល្លារ និង «ខ» បាន ១៣០០ដុល្លារ រីឯបុគ្គ លិក រដ្ឋបាល និង បច្ចេកទេស និង ថ្នាក់ប្រហាក់ប្រហែល បាន១៥០០ដុល្លារសម្រាប់ប្រភេទ «ក» និង ១២០០ដុល្លារសម្រាប់ «ខ»៕
ដោយ ៖ សិលា