ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តកែប​ ប្រកាសទទួលយករាល់មតិរិះគន់ពីពលរដ្ឋ និងភ្ញៀវទេសចរ​ នឹងមាន​ចំណាត់​ការ​ទៅ​លើ​អាជីវករ​ឆ្លៀតឱកាស ខណៈកន្លងមកមានបាតុភាពមួយ​ចំនួន​តូច​ពាក់ព័ន្ធ​នឹង​តម្លៃ​សេវា​កម្ម​ទេសចរណ៍

ចែករំលែក៖

ខេត្ត​កែប៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប​ កាលពីយប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥​ បានប្រកាស​​ទទួលយករាល់មតិរិះគន់ពីពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ខណៈកន្លងមក​នេះ​មាន​បាតុ​ភាព​មួយចំនួនតូចពាក់ព័ន្ធនឹងតម្លៃសេវាកម្មទេសចរណ៍ក្នុងភូមិសាស្រ្ដខេត្តកែប។

ជាមួ​យ​គ្នានេះ លោកអភិបាលខេត្ត បានសរសេរ​នៅ​លើប​ណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ដោយ​បាន​ថ្លែង​អំណរ​គុណយ៉ាងជ្រាលជ្រៅចំពោះ បងប្អូនប្រជាពលរដ្ឋ និងអាជីវករខេត្តកែប​នូវ​ការ​ទទួល​បដិ​សណ្ឋារកិច្ច ពិសេសភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានមកទស្សនាស​ម្រាក​លម្ហែ​កម្សាន្ត​យ៉ាង​ច្រើន​កុះករនៅខេត្តកែបក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះខែ អកអំបុកមានចំនួន ១៥៥,៤៥៨ នាក់ កើនឡើង ៥៦,៥៨% បើប្រៀបធៀប​នឹង​ឆ្នាំ​២០២៤​។

អភិបាល​ខេត្ត​រូបនេះ​ បានថ្លែងថា ទោះបីជាការខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​គ្រប់​លំដាប់​ថ្នាក់​ឲ្យ​ល្អឥ​តខ្ចោះ​យ៉ាងណាក៏ដោយយើងក៏នៅមានចន្លោះប្រហោង និងភាពខ្វះខាតខ្លះៗផងដែរ ដូច​ជា​រយៈ​ពេលកន្លងមកនេះមានការិះគន់ផ្សេងៗ និងបាតុភាព​មួយ​ចំនួន​តូច​ពាក់​ព័ន្ធ​ទៅនឹង​តម្លៃ​សេវា​កម្ម​ទេសចរណ៍នៅខេត្តកែប ។

បន្ថែមពីនេះ​ លោកអភិបាលខេត្ត​ ក៏បានបញ្ជាក់ថា៖«រដ្ឋបាលខេត្តសូមទទួលយកនូវរាល់មតិរិះគន់ក្នុងន័យស្ថាបនារបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ដើម្បីជាមូលដ្ឋានក្នុងការកែលម្អ និងដោះស្រាយ​នូវ​រាល់​ចំណុច​ខ្វះខា​តមួយចំនួនតូចដែលជាបញ្ហាកង្វល់របស់បងប្អូន ហើយក៏ជាចំណុចដែល​រដ្ឋបាល​ខេត្ត​បាន​យក​ចិត្តទុកដាក់ជាប្រចាំឲ្យកាន់​តែ​ល្អប្រ​សើរ​សំ​ដៅ​ធ្វើ​យ៉ាង​ណា​ឲ្យ​ខេត្ត​កែប​កាន់​តែ​មាន​ភាព​ទាក់​ទាញ និងខិតខំបង្កើនការអភិវឌ្ឍបន្ថែមនូវតំបន់សក្ដានុពលទេសចរណ៍នានា សម្រាប់​ទទួល​ស្វាគមន៍​ដំណើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ទាំង​អស់​ជា​បន្ត​បន្ទាប់​ទៀត​»​។

រដ្ឋបាលខេត្តបានជម្រាបជូនថា ក្នុងករណីដែលបងប្អូន​ជួប​ប្រទះនូ​វ​ភាព​មិន​ប្រក្រ​តី​ណាមួ​យ​លើ​ការ​ផ្ដល់​សេវាកម្មនានា ពិសេសពាក់ព័ន្ធនឹ​ង​តម្លៃ​សេវា​កម្មទេសចរណ៍​អាច​ទំនាក់​ទំនង​ទៅកាន់លេ​ខ​ទូរសព្ទដូចខាងក្រោម ៖ 096 298 9867, 017 704 444, 017 861 444, 077 445 342, 012 821 411, 088 432 0034, 099 549 789។

ជាមួយគ្នានេះ​ លោក​ សោម​ ពិសិដ្ឋ​ អភិបាលខេត្តកែប​ បានបញ្ជាក់ដែរថា៖«រដ្ឋបាលខេត្តនឹងមានចំណាត់ការទៅលើអាជីវករដែលឆ្លៀត​ឱកាស​មួយចំនួន​តូច​ហើយ​នឹង​ជូន​ដំណឹង​ដ​ល់​សាធារណ​ជន​ជ្រាប​ជា​ព័ត៌មាន​ក្រោយ​បញ្ចប់​នីតិ​វិធី​»​៕ដោយ​៖តារា​


ចែករំលែក៖