ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ី វាយប្រហារចូលស្រុកកំណើតលោក ហ្សេឡេនស្គី សម្លាប់មនុស្សយ៉ាងតិច ១៨នាក់ ក្នុងនោះមានកុមារ ៩ នាក់

ចែករំលែក៖

អន្តរជាតិ ៖ រុស្ស៊ី វាយប្រហារស្រុកកំណើតលោក ហ្សេលេនស្គី សម្លាប់មនុស្ស១៨នាក់ ក្នុងនោះមានកុមារ ៩នាក់ ។ 

ប្រភពព័ត៌មានបរទេស បានផ្សាយថា ៖ កងទ័ពរុស្ស៊ីនៅថ្ងៃទី៤ ខែមេសា បានវាយប្រហារចូលទីក្រុង Kryvyi Rih ដែលជាទីកន្លែងកំណើតរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី។ ការវាយប្រហារនេះ បានសម្លាប់មនុស្សយ៉ាងតិច១៨ នាក់។ លោក ហ្សេឡេនស្គី បានផ្ញើសាររំលែកទុក្ខទៅក្រុមគ្រួសារជនរងគ្រោះ ជាមួយការរន្ធត់ចិត្តពន់ពេក អាណិតជនជាតិរបស់ខ្លួនបាត់បង់ជីវិតនេះ។

លោក ហ្សេឡេនស្គី បានចេញសេចក្ដីប្រកាសភ្លាមៗពីស្ថានភាពនៃការវាយប្រហារ។ លោក បានអះអាងថា៖ «មនុស្សជាច្រើនបានរងរបួស ហើយផ្ទះជាច្រើនរងការខូចខាត។ គ្រាប់មីស៊ីល បានធ្លាក់ចំក្បែរកន្លែងប្រជាពលរដ្ឋរស់នៅដូចជាកន្លែងក្មេងកម្សាន្ត និងផ្លូវជាដើម។»។

លោក ហ្សេឡេនស្គី បានចេញសាររំលែកទុក្ខទៅកាន់គ្រួសារជនរងគ្រោះទាំងស្លាប់ និងរបួសទាំងយប់ បន្ទាប់ពីព្រឹត្តិការណ៍វាយប្រហារនេះ។

ទាហានរុស្ស៊ី បានវាយប្រហារចូលស្រុកកំណើតរបស់លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេឡេនស្គី នៅទីក្រុង Kryvyi Rih នៅថ្ងៃទី៤ ខែមេសា ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់។

បើតាមក្រសួងការពារជាតិរុស្ស៊ី ការវាយប្រហារចូលទីក្រុង Kryvyi Rih គឺសំដៅចូលទៅទីតាំងនៃកិច្ចប្រជុំរវាងមន្ត្រីអ៊ុយក្រែន និងមន្ត្រីប្រទេសលោកខាងលិច។ ការប្រកាសដដែលនេះ អះអាងថាបានសម្លាប់មន្ត្រីអ៊ុយក្រែន និងប្រទេសផ្សេង ដល់ទៅ៨៥នាក់ និងបំផ្លាញយានជំនិះ២០គ្រឿង។

ក្រៅពីនេះ រុស្ស៊ី ក៏បានវាយប្រហារដោយដ្រូនសំដៅទីតាំងរោងចក្រថាមពលក្នុងទីក្រុង Kherson ក្នុងថ្ងៃជាមួយគ្នា។ នេះជាការអះអាងរបស់ប្រធានាធិបតីអ៊ុយក្រែន ដោយមិនបានបញ្ជាក់ពីការខូចខាតនោះទេ។

ការបាញ់ប្រហារតែមួយលើករបស់រុស្ស៊ីចូលទៅក្នុងទីក្រុង Kryvyi Rih បានសម្លាប់មនុស្សយ៉ាងហោច១៨នាក់ដែលមានរួមទាំងកុមារ៩នាក់ ផងដែរ។ ក្រៅពីនេះ មានអ្នករបួសដល់ទៅជាង៥០នាក់ផ្សេងទៀត ។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរអ៊ុយក្រែន ៕

ដោយ ៖ សិលា


ចែករំលែក៖