ព័ត៌មានទាន់ហេតុការណ៍៖

ទូតចិនប្រចាំកម្ពុជា ៖ កិច្ចសហប្រតិបត្តិការយោធារវាងចិននិងកម្ពុជា គឺជាសសរស្តម្ភដ៏រឹងមាំនៃចំណងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ

ចែករំលែក៖

ភ្នំពេញ ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ បានបង្ហោះលើផេកផ្លូវការថា ៖ លោក Cao Qingfeng នាយរងសេនាធិការចម្រុះ នៃគណៈកម្មការយោធាមជ្ឈឹម បានលើកឡើងថា ៖ កិច្ចសហប្រតិបត្តិការយោធារវាងចិននិងកម្ពុជា គឺជាសសរស្តម្ភដ៏រឹងមាំនៃចំណងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ។ ចាប់តាំងពីបណ្តុះបណ្តាលធនធានមនុស្ស ដល់សមយុទ្ធយោធារួមគ្នា ចាប់ពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ រហូតដល់កិច្ចសហប្រតិបត្តិការផ្នែកបរិក្ខារនិងបច្ចេកវិទ្យា កងទ័ពចិនតែងតែរួមកម្លាំងគ្នាក្នុងការគាំទ្រវិស័យការពារជាតិនិងសំណង់យោធាដល់កម្ពុជា។

លោក វ៉ាង វិនពីន នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ បានបង្ហោះលើផេកផ្លូវការថា ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសម្រេចជាស្ថាពរនូវការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម និងការកសាងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម មិនត្រឹមតែបានឆ្លុះបញ្ចាំងពីកិច្ច- សហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកងទ័ពនៃប្រទេសទាំងពីរ (កម្ពុជា-ចិន) ប៉ុណ្ណោះទេ គឺថែមទាំងជាការលើកកម្ពស់សមត្ថភាពការពារជាតិរបស់កម្ពុជា ក៏ដូចជា ការគិតគូរដល់ ផលប្រយោជន៍ជាតិ, ធានាសន្តិសុខជាតិ, សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ស្រប- តាមបាវចនានៃគោលដៅជាយុទ្ធសាស្ត្រលើវិស័យការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា គឺ «សន្តិសុខ ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការអន្តរជាតិ»។

តំណាងកងទ័ពប្រជាជនចិន លោក Cao Qingfeng នាយរងសេនាធិការចម្រុះ នៃគណៈកម្មការយោធាមជ្ឈឹម បានបញ្ជាក់ថា ៖ ការកសាងមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ទរាម គឺជាផ្នែកមួយ នៃការកសាងលើកកម្ពស់គុណភាព និងសមត្ថភាពកងទ័ពកម្ពុជាឱ្យកាន់តែប្រសើរថែមទៀត។ លោកថា ៖  កងទ័ពចិន-កម្ពុជា នឹងធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៥ រួមគ្នានៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ទរាមនេះ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា កងទ័ពជើងទឹកកម្ពុជា នឹងទទួលបាននាវាចម្បាំង ចំនួន ២គ្រឿងឆាប់ៗនេះ ដើម្បីពង្រឹងសមត្ថភាពប្រតិបត្តិការកងទ័ពជើងទឹកកាន់តែល្អប្រសើរឡើង ក្នុងការការពារ រក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខ ការគាំទ្រទៅដល់ប្រតិបត្តិការស្វែងរក និងសង្គ្រោះ ព្រមទាំងសកម្មភាពមនុស្សធម៌នៅលើលម្ហសមុទ្រ ហើយកម្ពុជាតែងស្វាគមន៍គ្រប់ភាគីទាំងអស់ដែលមានបំណងជួយកម្ពុជាពិតប្រាកដ មិនមែនមានតែភាគីចិននោះទេ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងយ៉ាងដូច្នេះថា៖ «កងទ័ពជើងទឹក ទៅថ្ងៃខាងមុខយើងនឹងមាននាវាចម្បាំង ២គ្រឿង ដើម្បីអាចល្បាត ការពាររាប់គីឡូដីពីនេះ ផ្តល់ព័ត៌មាន ខ្ញុំជឿជាក់ថា កងទ័ពជើងទឹក នាយនាវី នាយនាវីរង ពលនាវីទាំងអស់ ប្រាកដជាមានមោទនភាព ក្នុងការបង្កើនទំនើបកម្ម និងសមត្ថភាពកងទ័ពជើងទឹកយើងហើយ ខ្ញុំក៏មានមោទនភាពដែរ»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បើខ្មែរពិតប្រាកដ ជាអ្នកស្នេហាជាតិពិតប្រាកដ យើងគួរតែរួមគ្នាអបអរសាទរនូវបង្កើតសមត្ថភាពខឿនការពារជាតិ សមត្ថភាពកងទ័ព ការបង្កើនទំនើបកម្មវិស័យការពារជាតិ ដើម្បីការពារអធិបតេយ្យជាតិ បូរណភាពទឹកដី នៅក្នុងរយៈពេលវែង ។

ជាមួយនឹងការការធ្វើទំនើបកម្មវិស័យការពារជាតិកម្ពុជា ឱ្យកាន់ខ្លាំងក្លានោះ, សម្តេច នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនបញ្ឈប់ជាដាច់ខាតការពង្រឹងសមត្ថភាពកងទ័ព ដោយនឹងបន្តពង្រីកឱ្យកាន់តែទំនើបបន្ថែមទៀត ទាំងធនធានមនុស្សក្នុងវិស័យការពារជាតិ សម្ភារៈ បច្ចេកវិទ្យារបស់កងទ័ពជើងទឹកកម្ពុជាបន្ថែមទៀត។ ចំណុចនេះ គឺជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា៕

ដោយ ៖ សិលា


ចែករំលែក៖