ព័ត៌មានទាន់ហេតុការណ៍៖

រំលឹក ! ស្ពាន ខ្ពស់ជាងគេនៅ កម្ពុជាបើកឱ្យប្រើប្រាស់បណ្តោះអាសន្នសម្រាប់រថយន្តធុនតូច (ប្រភេទទេសចរណ៍/គ្រួសារ) ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមេសា

ចែករំលែក៖

ខេត្តពោធិសាត់ ៖ ពិធីចាក់បេតុងតភ្ជាប់មុខ តំណក្បាល ស្ពាន ខ្ពស់ជាងគេនៅ កម្ពុជានៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ និងបើកឱ្យប្រើប្រាស់បណ្តោះអាសន្នសម្រាប់រថយន្តធុនតូច (ប្រភេទទេសចរណ៍/គ្រួសារ) ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមេសា។

កម្មវិធីនឹងប្រព្រឹត្តទៅនៅព្រឹក ថ្ងៃទី៨ ខែមេសា ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ស្ពានលេខ២៨ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០។ ស្ពាននេះ មានកម្ពស់ ៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង ១០ម៉ែត្រ សណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យដឹងថា ៖ គម្រោងសាងសង់ផ្លូវជាតិលេខ១០ ពីស្រុកសំឡូត ខេត្តបាត់ដំបង កាត់តាមស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អង្គភាពពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេស របស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ផងដែរ។

គម្រោងសាងសង់ផ្លូវជាតិលេខ១០នេះ មានប្រវែង ១៩៧,៦៩៧គីឡូម៉ែត្រ លាតសន្ធឹងពីស្រុកសំឡូត នៃខេត្តបាត់ដំបង ឆ្លងកាត់ស្រុកវាលវែង នៃខេត្តពោធិ៍សាត់ បន្តរហូតដល់ខេត្តកោះកុង ៕

ដោយ ៖ សិលា


ចែករំលែក៖