ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នា ដើម្បីចូលរួមបញ្ចេញសិទ្ធិក្នុងនាមជាប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងទាន់ពេលកំណត់ អនុវត្ដសិទ្ធិ និងកាតព្វកិច្ចជាពលរដ្ឋតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដាក់សម្ពោធឱ្យប្រើប្រាស់ស្ពានមរតកតេជោ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាការទៅចូលរួមបោះឆ្នោតគឺជាការចូលរួមបំពេញកាតព្វកិច្ចនិងសិទ្ធិរបស់យើងជាប្រជាពលរដ្ឋ។

ក្នុងនោះសម្ដេចធិបតី ក៏បានគូសបញ្ជាក់ថា ការផ្លាស់ប្ដូររាជរដ្ឋាភិបាលគឺធ្វើឡើងតាមរយៈរឿងបីប្រភេទ៖ ទី១, ការធ្វើរដ្ឋប្រហារ ទី២, ការប្រមូលប្រជាជនធ្វើបដិវត្ដពណ៌ផ្ដួលរំលំរាជរដ្ឋាភិបាល និងទី៣, លទ្ធិប្រជាធិបតេយ្យ ពោលគឺការបោះឆ្នោត។

សម្ដេចធិបតីសង្កត់ធ្ងន់ថា នៅកម្ពុជាការផ្លាស់ប្ដូររដ្ឋាភិបាលគឺធ្វើឡើងតាមរយៈការបោះឆ្នោត ដែលតំណាងឱ្យប្រជាពលរដ្ឋទូទាំងប្រទេស ដែលមានសិទ្ធិ១០០%ក្នុងការបោះឆ្នោត ដែលការណ៍នេះជាការស្ទង់មតិពិតប្រាកដ មិនមែនស្ទង់មតិតាមហ្វេសប៊ុក។ ដូច្នេះប្រជាពលរដ្ឋត្រូវអនុវត្ដសិទ្ធិតាមប្រជាធិបតេយ្យ ដើម្បីការជ្រើសរើសមេដឹកនាំតាមគោលការណ៍ប្រជាធិបតេយ្យ ដើម្បីធានាបាននូវសន្ដិភាព និងស្ថេរភាពនៅក្នុងប្រទេសរបស់យើង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំ ឱ្យទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ចំពោះការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនេះ រៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «ខ្ញុំសូមរំលឹកផងដែរថា ដោយផ្អែកតាមប្រតិទិន គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ការបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតផ្លូវការឆ្នាំ២០២៤ នឹងបង្ហោះលើវេបសាយផ្លូវការ របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥នេះទៅ។ ចំពោះការពិនិត្របញ្ជីឈ្មោះបោះឆ្នោត ចុះបញ្ជីតាមសាលាឃុំ សង្កាត់ នឹងត្រូវចាប់ផ្ដើមចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ក្រោយចូលឆ្នាំខ្មែរនេះ»។

សម្ដេចមហាបវរធិបតីបានថ្លែងបន្ដថា «ហេតុដូច្នេះខ្ញុំសូមអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់សូមអញ្ជើញ សូមទៅពិនិត្របញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលាកំណត់ អនុវត្តសិទ្ធិ កតព្វកិច្ច ចំពោះរដ្ឋតាមរដ្ឋធម្មនុញ្ញារបស់យើង»។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ថែមថា ការចូលរួមបោះឆ្នោត ដើម្បីចូលរួមបញ្ចេញសិទ្ធិរបស់ពលរដ្ឋ ចំពោះការផ្លាស់ប្ដូរដ្ឋាភិបាល ក្នុងរបបប្រជាធិបតេយ្យមានតែ៣ប្រភេទប៉ុណ្ណោះ ទី១, ការធ្វើរដ្ឋប្រហារ, ទី២, ប្រមូលប្រជាជនមកធ្វើបដិវត្តពណ៌ និងផ្ដួលរលំរាជរដ្ឋាភិបាល ទី៣ , លិទ្ធិប្រជាធិបតេយ្យ គឺការបោះឆ្នោត [……] ចំពោះការផ្លាស់ប្ដូរមេដឹកនាំ គឺត្រូវធ្វើតាមការបោះឆ្នោត ដែលតំណាងឲ្យប្រពលរដ្ឋទូទាំងប្រទេស ពេលនោះគឺជាការស្ទង់មតិធំបំផុត៥ឆ្នាំម្ដង ដែលប្រជាជនមានសិទ្ធិបោះឆ្នោត ហើយប្រជាជនដែលមានសិទ្ធិបោះឆ្នោះ១០០ភាគរយ គឺសូមទៅបោះឆ្នោត៕

ដោយ ៖ សិលា


ចែករំលែក៖