ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទ សិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូលលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល។ ពិធីបិទសិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសនៃក្រសួងមុខងារសាធារណៈ និងក្រសួង សុខាភិបាល ព្រមទាំងប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ប្រធានមន្ទីរសុខាភិបាលរាជធានី ខេត្ត នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគ ប្រធានការិយាល័យរដ្ឋបាលនិងបុគ្គលិកនៃមន្ទីរសុខាភិបាលរាជធានី ខេត្ត ប្រធានមន្ទីរពេទ្យរាជធានី ខេត្ត សរុបប្រមាណ ២៥០នាក់។
ក្នុងរបាយការណ៍បូកសរុបលទ្ធផលនៃសិក្ខាសាលារយៈពេល ១ថ្ងៃពេញ ដែលបានបញ្ចប់ដោយជោគជ័យ លោកយក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់លទ្ធផលនៃសិក្ខា សាលានេះថា បានផ្តល់ជាវេទិកាសម្រាប់ការពិភាក្សា ការកែលម្អ និងបំពេញបន្ថែមនូវចំណុចខ្វះខាត ដើម្បីឱ្យសេចក្តីព្រាងព្រះរាជក្រឹត្យ កាន់តែមានលក្ខណៈគ្រប់ ជ្រុងជ្រោយ ហើយធាតុចូលដែលទទួលបានពីកិច្ច ពិភាក្សានេះ នឹងត្រូវប្រើប្រាស់ជាប្រយោជន៍ ក្នុងការបំពេញ ចន្លោះខ្វះខាត នៃសេចក្តីព្រាងព្រះរាជក្រឹត្យ ឱ្យកាន់តែមានលក្ខណៈល្អប្រសើរ ឆ្លើយតបទៅនឹងតម្រូវ ការ និងការវិវត្តនៃវិស័យសុខាភិបាល។ លោករដ្ឋលេខា ធិការប្រចាំការក៏បានរាយការណ៍បន្ថែមផងដែរថា សិក្ខាសាលានេះ ក៏មានរៀបចំកិច្ចពិភាក្សា ដោយមានការចូលរួមយ៉ាងផុលផុសពីសិក្ខាកាម ការសាកសួរសំណួរ ដោយមានការបកស្រាយបំភ្លឺពីវាគ្មិន ព្រមទាំងសំណូមពរផ្សេងៗ ពាក់ព័ន្ធនឹងការរៀបចំសេចក្តីព្រាងព្រះរាជក្រឹត្យនេះ។
ថ្លែងក្នុងពិធីបិទសិក្ខាសាលានារសៀលថ្ងៃទី៧ខែមេសានេះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងអំពីកិច្ចសហការដ៏ស្អិតរមួតរវាងក្រសួងទាំង២ ក្នុងការ អនុវត្តការងារកន្លងមក ជាពិសេសការរៀបចំការប្រឡង ប្រជែង បូករួមទាំងការអនុវត្តការកែទម្រង់រដ្ឋបាលសាធារណៈជាមួយគ្នា។ ឧបនាយករដ្ឋមន្ត្រី បានបន្តថា បន្ថែមលើកិច្ចសហក្នុងក្របខណ្ឌអភិបាលកិច្ច វិស័យសុខាភិបាល ក្រសួងទាំងពីរ បាន និងកំពុងសិក្សា ស្រាវ ជ្រាវលើស្ថានភាពសង្គមបច្ចុប្បន្ន ក៏ដូចជាបទពិសោធអន្តរជាតិ ដើម្បីរៀបចំជាសេចក្តីព្រាងព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល ដូចដែលយើងកំពុងពិគ្រោះយោបល់នេះឡើង ដើម្បីជាមូលដ្ឋានគតិយុត្ត ដល់ការគ្រប់គ្រងបុគ្គលិកសុខាភិបាលឱ្យស្រប តាមបរិបទសង្គមជាក់ស្ដែង។
លោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ការរៀបចំដោយជោគជ័យនៃព្រះរាជក្រឹត្យនេះ អាចនឹងផ្តល់ជាផលរំពឹងទុកមួយចំនួន៖ ១) ការលើកកម្ពស់គុណតម្លៃបុគ្គលិកសុខាភិបាល តាមរយៈការពង្រឹង ការបណ្តុះ បណ្តាល ការបន្តអភិវឌ្ឍសមត្ថភាពមន្ត្រី ដើម្បីធានាប្រសិទ្ធភាពក្នុងការអនុវត្តការងារ រួមជាមួយការលើក ទឹកចិត្ត ឱកាស និងការវិវឌ្ឍអាជីពជាមន្ត្រីសុខាភិបាល ២) ការអភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យកាន់តែល្អប្រសើរ ដើម្បីអាចពង្រឹងគុណភាពក្នុងការផ្ដល់សេវាសុខាភិបាល ឱ្យកាន់ តែល្អ និងខិតជិតប្រជាពលរដ្ឋ ស្របតាមការវិវត្តថ្មីៗចំពោះមុខ និង ៣) ការបង្កើនប្រសិទ្ធភាពនៃការគ្រប់ គ្រងមន្ត្រីរាជការស៊ីវិលក្នុងវិស័យសុខាភិបាល ប្រកប ដោយផលិតភាព វិន័យ និងសីលធម៌វិជ្ជាជីវៈ ដើម្បីធានាឱ្យបាននូវការបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋលើវិស័យសុខាភិបាលកម្ពុជា៕
ដោយ៖ សូរិយា