ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនជីប ម៉ុង និង រ៉ូយ៉ាល់ គ្រុប ដែលជាក្រុមហ៊ុនឯកជនធំទាំង២បានរៀបចំការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ

ចែករំលែក៖

ភ្នំពេញ ៖ ស្របតាមគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការធ្វើឱ្យមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ក្រុមហ៊ុនជីប ម៉ុង និង រ៉ូយ៉ាល់ គ្រុប ដែលជាក្រុមហ៊ុនឯកជនធំទាំង២បានរៀបចំការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ នាថ្ងៃទី៧ មេសា ២០២៥ ។ 

អនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុនទាំងពីរ បានផ្ដោតសំខាន់ទៅលើ ៖ ១-ការលើកកម្ពស់ភាពស៊ីសង្វាក់គ្នានៃធុរកិច្ច៖ រួមបញ្ចូលគ្នានូវជំនាញបន្ថែមនិងការប្រកួតប្រជែងខ្ពស់ក្នុងទីផ្សារ ដើម្បីជំរុញភាពរីកចម្រើន និងការអភិវឌ្ឍសេដ្ឋកិច្ចរួមរបស់សេដ្ឋកិច្ចជាតិ។ ២-ការជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ៖ ការចាប់ផ្តើមបណ្តាក់ទុនរួមគ្នា ដើម្បីគាំទ្រដល់ការ អភិវឌ្ឍប្រកបដោយនិរន្តរភាព។ ៣-ការបង្កើតឱកាសការងារ៖ ការចូលរួមកសាងធនធានមនុស្ស បង្កើតឱកាសការងារ និងបណ្តុះជំនាញជូនប្រជាពលរដ្ឋ។

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមោះមុត របស់ក្រុម ហ៊ុន ជីប ម៉ុង និង ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ចំពោះការច្នៃប្រឌិត ឧត្តមភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា។ ក្រុមហ៊ុនខ្មែរទាំងពីរ មានម្ចាស់ជាសហគ្រិនខ្មែរ មានប្រវត្តិដ៏ល្បីល្បាញនៃការវិនិយោគ លើការរីកចម្រើនរបស់ប្រទេសកម្ពុជា ៕

ដោយ ៖ សិលា


ចែករំលែក៖