ក្រុមបងធំ Yamaguchi បានផ្ញើលិខិតមួយច្បាប់ទៅប៉ូលិសដោយសន្យាថាអង្គការនឹងបញ្ចប់សង្គ្រាមដណ្តើមទីតាំងរបស់ខ្លួន ហើយឈប់បង្កបញ្ហាចាប់ពីពេលនេះតទៅ។
មេបងធំរបស់ Yamaguchi ដែលជាអង្គការ yakuza ធំជាងគេរបស់ប្រទេសជប៉ុន បានទៅទីស្នាក់ការប៉ូលិសប្រចាំខេត្ត Hyogo ក្នុងទីក្រុង Kobe កាលពីថ្ងៃទី 7 ខែមេសា ដើម្បីដាក់លិខិតប្រកាសបញ្ចប់សង្រ្គាម ជាមួយគូប្រជែង ហើយសន្យាថានឹងមិនបង្កបញ្ហាណាមួយចាប់ពីពេលនេះតទៅ។
សង្រ្គាមរបស់ Yakuza នៅប្រទេសជប៉ុនបានផ្ទុះឡើងចាប់តាំងពីក្រុមក្មេងទំនើងតូចៗរាប់សិបនាក់បានបំបែកចេញពី Yamaguchi ដើម្បីបង្កើតអង្គការថ្មីមួយឈ្មោះ Kobe Yamaguchi នៅក្នុងឆ្នាំ 2015 ។
ប៉ូលិស Hyogo បានណែនាំឱ្យកងកម្លាំងបង្កើនការប្រុងប្រយ័ត្ននៅពេលនេះ ដោយតាមដានយ៉ាងដិតដល់នូវប្រតិកម្មរបស់ Kobe Yamaguchi ចំពោះសកម្មភាព “បទឈប់បាញ់” របស់ Yamaguchi ។
ប៉ូលិសជប៉ុនបានកត់ត្រាជម្លោះចំនួន 150 ដែលពាក់ព័ន្ធនឹងក្រុមទាំងពីរនៅទូទាំងប្រទេសរហូតដល់ឆ្នាំមុន។ ទំហំនៃក្រុមទាំងពីរបានរួមតូចក្នុងរយៈពេលជាច្រើនឆ្នាំចាប់តាំងពីសង្គ្រាម បានចាប់ផ្តើមដោយប៉ូលិសបានបង្ក្រាបយ៉ាងខ្លាំង។
សមាជិកភាពផ្លូវការ និងក្រៅផ្លូវការសរុបរបស់ Yamaguchi មានប្រហែល 6,900នាក់ នៅដំណាច់ឆ្នាំ 2024 ធ្លាក់ចុះពីប្រហែល 14,100 នៅដំណាច់ឆ្នាំ 2015។ ចំនួនរបស់ Kobe Yamaguchi បានធ្លាក់ចុះកាន់តែខ្លាំងគឺពី 6,100 ទៅប្រហែល 320។
មន្ត្រីជប៉ុនបានចេញផ្សាយទិន្នន័យថ្មីកាលពីសប្តាហ៍មុនដោយនិយាយថាចំនួនសមាជិកយ៉ាគូហ្សាទូទាំងប្រទេសក្នុងឆ្នាំ 2024 មានចំនួន 18,800 ធ្លាក់ចុះក្រោម 20,000 ជាលើកដំបូងបន្ទាប់ពីការធ្លាក់ចុះរយៈពេលពីរទសវត្សរ៍។
ប៉ូលិសជប៉ុនព្រមានថា ទោះបីជាមានការថយចុះក៏ដោយ យ៉ាគូហ្សាបានបង្កើនសកម្មភាពឧក្រិដ្ឋកម្មក្រោមដី ជាមួយនឹងប្រភពចំណូលចម្រុះកាន់តែច្រើន៕
ដោយ៖ ធីរីណា(រូបថត៖ JIJI)