ព័ត៌មានទាន់ហេតុការណ៍៖

ទីស្តីការគណៈរដ្ឋមន្រ្តី ជូនដំណឹងពីការដាក់តាំងបង្ហាញផលិតផលខ្មែរ ភូមិមួយផលិតផលមួយ ក្រោមប្រធានបទ «ចូលរួមប្រើប្រាស់ផលិតផលខ្មែរ»

ចែករំលែក៖

ភ្នំពេញ ៖ ទីស្តីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអ្នកដឹកនាំ និង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ជ្រាបថា គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ សហការ ជាមួយសហគ្រាសក្នុងស្រុកមកពីបណ្តារាជធានី ខេត្ត ចំនួន ៧១សហគ្រាស នឹងរៀបចំដាក់តាំងបង្ហាញ និងលក់ ផលិតផលខ្មែរ ក្នុងរយៈពេលពេញពីរថ្ងៃ នៅទីស្តីការគណៈរដ្ឋមន្ត្រី (អគារមិត្តភាព ជាន់ផ្ទាល់ដី ចូលពីច្រកផ្នែក ខាងត្បូង) ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ដើម្បី ចូលរួមអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៨ ឆ្នាំ២០២៥ ក្រោម ប្រធានបទ “ចូលរួមប្រើប្រាស់ផលិតផលខ្មែរ ។

អាស្រ័យហេតុនេះ សូមឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអ្នកដឹកនាំ និងមន្ត្រីរាជការគ្រប់ លំដាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី សូមអញ្ជើញចូលរួមទស្សនាការតាំងបង្ហាញផលិតផលខ្មែរ ភូមិមួយផលិតផលមួយ ខាងលើ ចាប់ពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង ១០ និង ០០ នាទីព្រឹក រហូតដល់ម៉ោង ១៧ និង ៣០ នាទីល្ងាច ដើម្បីរួមគ្នាប្រើប្រាស់ និងលើកស្ទួយផលិតផលខ្មែរយើង ៕

ដោយ ៖ សិលា


ចែករំលែក៖