ខេត្តព្រះសីហនុ ៖ នារសៀលថ្ងៃអង្គារ៍ ទី០៨ ខែមេសា ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកម្មវិធីប្រជុំ ផ្សព្វផ្សាយអំពីសុវត្ថិភាពចំណីអាហារ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក ហែម ដារិទ្ធ អភិបាលរងខេត្តព្រះសីហនុ តំណាងដ៍ខ្ពង់ខ្ពស់លោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។
ដោយមានការចូលរួមពីមន្ទីរអង្គភាពចំណុះខេត្តព្រះសីហនុ និងបងប្អូនប្រជាពលរដ្ឋប្រកបរបរអាជីវកម្មលក់ដូរចំណីក្នុងខេត្តព្រះសីហនុ សរុបមានចំនួនជិត ២០០ នាក់។
មន្រ្តីសាខា ក ប ប ខេត្តព្រះសីហនុ បានធ្វើបទបង្ហាញអំពីសុវត្ថិភាព ម្ហូបអាហារ ព្រមទាំងផ្សព្វផ្សាយ និងណែនាំដល់អាជីវករលក់ដូរចំណីអាហារ ទំនិញ អំពីសុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ និងការដាក់តាំងលក់ផលិតផលម្ហូបអាហារ ទំនិញ អោយមានអនាម័យ សុវត្ថិភាព តាមបណ្តាម៉ាត លក់កញ្ចប់វត្ថុអនុស្សាវរីយ៍ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុន នៅខេត្តព្រះសីហនុ។
មន្រ្តីជំនាញ សាខា ក ប ប បានរៀបចំស្លាយបង្ហាញពី :
– ទិដ្ឋភាពរួមនៃច្បាប់ទាំង៤របស់ ក ប ប
– សុវត្ថិភាពម្ហូបអាហារ
– វិធានអនាម័យ តាមរយៈក្លិបវិដេអូ របស់អគ្គនាយកដ្ឋាន ក ប ប
– ផលប៉ះពាល់ នៃការប្រើប្រាស់សារធាតុគីមីទៅលើផលិតម្ហូបអាហារ
– សមិទ្ធផលរបស់មន្ទីរពិសោធន៍ខ្នាតតូច និងរថយន្តពិសោធន៍ចល័ត របស់សាខា ក ប ប ខេត្តព្រះសីហនុ
– កិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងស្ថាប័នពាក់ព័ន្ធ
– សកម្មភាពចុះផ្សព្វផ្សាយតាមគ្រឹះស្ថានសិក្សាអប់រំ ស្តីពីសុវត្ថិភាពម្ហូបអាហារ
– ផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន
– ផ្សព្វផ្សាយពីផលប៉ះពាល់នៃការពុលស្រា៕
ដោយ ៖ សិលា