ខេត្តត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាពិធីបញ្ចុះខណ្ឌសីមានិងសម្ពោធសមិទ្ធ ផលនានា ក្នុងវត្តអម្ពវ័ន ស្ថិតក្នុងភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ កម្មវិធីនេះមានការយាងចូលរួមពីសម្តេចព្រះឧត្តមបញ្ញា កិត្តិបណ្ឌិត ដួង ផង់ សម្តេចព្រះអគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមេគណខេត្តទាំងពីរគណៈ ឯកឧត្ដម លោកជំទាវសមាជិកព្រឹទ្ធសភា រដ្ឋសភា លោក លោកស្រី ក្រុម ការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត ក្រុង ស្រុក នៃខេត្តត្បូងឃ្មុំ ក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ក្រុង ស្រុក ខណ្ឌ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការចំណុះរដ្ឋបាលខេត្តគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ សរុបចំនួនប្រមាណ ២,៤០០នាក់។
ក្នុងរបាយការណ៍ស្វាគមន៍លោកប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានជម្រាបជូនអង្គពិធីថា វត្តអម្ពវ័ន មានទីតាំងនៅភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលត្រូវបាននឹងកំពុងប្រារព្ធពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លង សមិទ្ធផលនាថ្ងៃនេះ គឺបង្កើតឡើងកាលពីឆ្នាំ១៩៥២ មានអាយុ កាល ៧២ឆ្នាំ និងមានព្រះ គ្រូចៅអធិការវត្ត ចំនួន៣អង្គ ដែលមានព្រះគ្រូចៅអធិការវត្ដ ដំបូងបង្អស់ ព្រះនាម ដាំ ជុន ពីឆ្នាំ១៩៥២ ដល់ឆ្នាំ១៩៧៥ ព្រះចៅអធិការវត្ត ព្រះ នាម ប៉ាន ជេស ពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០២២ និងពីឆ្នាំ ២០២២ ដល់បច្ចុប្បន្ន ព្រះតេជគុណ ហេង សុខហឿន បានដឹកនាំគ្រប់គ្រង ដោយបានខិតខំយកព្រះទ័យទុក ដាក់ក្នុងការគ្រប់គ្រង ដឹកនាំ ភិក្ខុ សាមណេរ ឧបាសក ឧបាសិកា និងពុទ្ធបរិស័ទចំណុះជើងវត្ត ព្រមទាំងបានដឹកនាំ កសាងសមិទ្ធផលជាច្រើន រួមមាន៖ ព្រះវិហារថ្មី ចេតិយ ដងទង់ ធ្វើអំពីដែកចំនួន៤ដើម ចាក់សាបនិងផ្លូវបេតុងចូលវត្ត ព្រះពុទ្ធទ្រង់បិណ្ឌបាតចំនួន៤០អង្គ សាលាបុណ្យ កំផែងវត្តប្រវែង២៣០ម៉ែត្រ ប្រាសាទធ្វើអំពីថ្មទំហំ៥ម៉ែត្រ×៧ម៉ែត្រ ព្រះគោព្រះកែវ ព្រះអង្គចេក ព្រះអង្គចម បង្គន់អនាម័យចំនួន៧បន្ទប់ ក្លោងទ្វារធ្វើអំពីដែកចំនួន៣ និងទិញដីពង្រីកបរិវេណវត្តទំហំ ២៤០០ការ៉េ។
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផងដែរ។ ទន្ទឹមនឹងនេះឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសប្បាយរីករាយក្រៃលែង ដែលបានមកចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធធសមិទ្ធផលនានា ស្ថិតនៅវត្តអម្ពវ័ន នាឱកាសនេះ។ ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រាកដណាស់ សមិទ្ធផលទាំង ឡាយដែលយើងធ្វើការសម្ពោធនាពេលនេះ គឺកើតចេញដោយផ្ទាល់ពីកិច្ចខិតខំប្រឹងប្រែង និងការឧបត្ថម្ភជ្រោម ជ្រែង ពីសប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ប៉ុន្តែយើងទាំងអស់គ្នាក៏គួរចងចាំថា កត្តាដែលអនុញ្ញាត ឱ្យយើងទាំងអស់គ្នា អាចមានឱកាសពូនជ្រុំជាកម្លាំង កាយចិត្ត និងចូលរួមជួយសាងសង់សមិទ្ធផល ទាំង អស់នេះបាន គឺការណ៍ដែលយើងទាំងអស់គ្នារស់នៅក្រោម ដំបូលនៃសុខសន្តិភាព ជាមួយជំនឿសាសនាដ៏ពេញលេញ និងជីវភាពធូរធាររបស់ ប្រជាជនកម្ពុជាបច្ចុប្បន្ន។
ឧបនាយករដ្ឋមន្ត្រី បានបន្តថា សមិទ្ធផលនៅថ្ងៃនេះ មិនអាចកើតឡើងដោយឯកឯងបានទេ បើមិនមានការ ចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ ប៉ុន្តែយើងក៏មិនអាចមើលរំលងពីការខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាល ដែលបាននាំមកនូវសុខសន្តិភាព និងស្ថិរភាពនយោ បាយដូច ពេលនេះដែរ។ កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយនេះហើយ ដែលបានផ្តល់ ឱកាសឱ្យយើងបានជួបជុំគ្នា និងមានឱកាសធ្វើបុណ្យរួមគ្នា ដូចជាការប្រមូលបច្ច័យពី គ្រប់ទិសទីសម្រាប់កសាងសមិទ្ធផលនានាឱ្យចេញជារូបរាងនៅថ្ងៃនេះ៕
ដោយ៖ សូរិយា