* ថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ :
ព្រះសុរិយានៅតែបន្តរះយ៉ាងត្រចះត្រចង់បាចសាចពន្លឺមកបំភ្លឺភពផែនដីដើម្បីជាសេចក្តីសង្ឃឹមដល់មនុស្សលោករស់នៅក្នុងព្រះរាជាណាចក្រ ដ៏តូចមួយនេះហាក់ដូចកំពុងរមៀលធ្លាក់ទៅក្នុងរណ្ដៅអន្ធការដែលបានបង្កើតឡើងដោយពពួកបិសាចអាវខ្មៅមួយក្រុម។ ទីក្រុងដែលប្រៀបបានទៅនឹងឧទ្យាននៃសន្តិភាព បានប្រែក្រឡាស់ទៅជាទីក្រុងជម្លៀសប្រជាជនប្រកបដោយភាពចលាចលក្រៃលែងគួរជាទីសង្វេគ។
នៅវេលាព្រឹកថ្ងៃនេះ នៅតាមដងវិថីហាក់ដូចជាស្ងប់ស្ងាត់បែបចង់ប្រកាសប្រាប់ដល់អ្នកទីក្រុងថា មហាព្យុះជិតមកដល់ហើយ។ ម៉ោង 9ព្រឹក លំហូរមហាជនបានចាប់កញ្ជ្រោលឡើងតាមដងផ្លូវក្រោមសំឡេងបញ្ជាពីកងទ័ពក្មេងៗស្លៀកសម្លៀកបំពាក់ខ្មៅប្រៀបដូចមរណៈសញ្ញារបស់ប្រជាជនខ្មែរ។ ពួកគេឈរសម្លុតប្រជាជនថា ” ទៅៗៗៗ ! អង្គការឲ្យមិត្តឯងចេញពីភ្នំពេញតែបីថ្ងៃទេ កងទ័ពអាមេរិកនិងមកទម្លាក់គ្រាប់បែកចេញឲ្យរហ័ស មិនបាច់យកអ្វីទៅជាមួយទេ។នៅទីនោះ មានអ្វីៗគ្រប់បែបយ៉ាងដែលមិត្តត្រូវការ។ផ្ទះសម្បែងរបស់មិត្តៗ អង្គការជាអ្នកមើលថែឲ្យ….ចេញ! ចេញទៅទៅតាមទិសណាទៅតាមទិសនោះកុំសេរី” ។
ពាក្យសម្ដីនិងកាយវិការប្រកបដោយភាពកំណាចហាក់គ្មាននរណាហ៊ានតវ៉ានិងបទបញ្ជាថ្មីនេះសោះ។ មនុស្សដើរពពាក់ពពូនគ្នាដូចក្បួនព្យុហយាត្រា។ អ្នកខ្លះទូល រែកបង្វិចរបស់ខ្លួន ដៃកាន់កូនតូចៗអ្នកខ្លះទៀតបណ្ដើរកង់ដឹកអីវ៉ាន់ក្រោមផ្សែងសូរិយាខែចេត្រហូរញើសរហាមជាមួយនឹងទឹកមុខស្រងូតស្រងាត់។ អ្នកជំងឺ អ្នករបួសក៏ត្រូវបង្ខំឲ្យចាកចេញពីក្រុងដែរ។ ក្នុងចំណោមមនុស្សដេរដាសនាគ្រានោះ បុរសវ័យកណ្ដាលម្នាក់អាយុប្រមាណហាសិបប្លាយឆ្នាំ មានមាឌធំក្រអញ សម្បុរខ្មៅស្រអែម ពុកចង្ការតិចៗ កែវភ្នែកល្អក់ ប្រកបដោយកង្វល់បានស្ដែងឡើងតាមរយៈទឹកមុខរបស់គាត់ដូចប្រជាជនខ្មែរឯទៀតដែរ។ គាត់ឈ្មោះ សំអុរ ជាគ្រូបង្រៀនកម្រិតវិទ្យាល័យនៅបឹងត្របែកកំពុងបណ្ដើរកង់ដឹកបាវអង្ករនិងស្ពាយអីវ៉ាន់មួយសម្ពាយធំពីក្រោយខ្នងជាមួយស្ត្រីម្នាក់មានវ័យចំណាស់ប្រហាក់ប្រហែលគ្នាដៃកាន់កន្ត្រកអីវ៉ាន់ ហើយមានបង្វេចធំល្មមមួយស្ពាយពីក្រោយ។ស្ត្រីនោះជាភរិយារបស់លោកគ្រូសំអុរ ដែលមានឈ្មោះថាធីតា។ នៅជាប់មីងធីតា មានយុវជនពេញកម្លាំងពីរនាក់ទៀតដែលជាកូនរបស់លោកគ្រូសំអុល។ សំអាតជាកូនស្រីច្បង។ នាងមានអាយុប្រមាណ ១៨ ឆ្នាំមានសម្រស់ផូរផង់ ដែលកំពុងតែស្ពាយផង ទូលផង។ ចំណែកសំអានជាកំលោះទើបនឹងពេញវ័យអាយុ ១៧ ឆ្នាំកំពុងពន់រែកដោយឥវ៉ាន់សំពោង ហើយដៃម្ខាងកាន់ប្អូនប្រុសម្នាក់ទៀតមានអាយុទើបតែ ៨ ឆ្នាំ យ៉ាងស្អិតខ្លាចរបូតឃ្លាតគ្នា។
មិនមែនចៃដន្យទេដែលក្រុមគ្រួសារលោកគ្រូសំអុរ បានរៀបចំបម្រុងរបស់របរផ្សេងៗជាច្រើនសម្រាប់ដំណើរមួយនេះ ព្រោះគាត់បានដឹងនយោបាយពួកខ្មែរក្រហមខ្លះៗពីតំបន់រំដោះដែលជាស្រុកកំណើតរបស់គាត់នៅខេត្តកំពង់ចាម។ ជាង ១០ ថ្ងៃក្រោយមក ពួកអ្នកទោសឥតកំហុសទាំងរាប់រយនាក់បានដើរទៅដល់ភូមិគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ហើយគេបានបញ្ឈប់ក្រុមមនុស្សនៅទីនោះសិន។ វត្តភូមិគគីរ ធ្លាប់តែជាទីសក្ការៈបូជាដ៏ឧត្តមរបស់ប្រជាជនក្នុងស្រុក បានប្រែក្លាយទៅជាជំរំសម្រាកបណ្ដោះអាសន្នរបស់ជនអ្នកថ្មើរជើងទៅវិញ។ វត្តអារាមដ៏ផូរផង់ដែលធ្លាប់តែឮសំឡេងព្រះសង្ឃសូត្រធម៌ និងផ្ដល់ដំបូន្មានឲ្យផងនោះ ឥឡូវបានក្លាយទៅជាកសិដ្ឋានចិញ្ចឹមជ្រូកនិងដាក់មនុស្សទៅវិញ។ ឱ!សាសនាដ៏ឧត្តមខ្មែរអើយ អ្នកត្រូវជាន់ឈ្លីដោយពួកបិសាចឥតសាសនាមួយក្រុមតូចនេះទៅវិញ។នៅជុំវិញវត្តអារាមដែលជាទីស្នាក់បណ្ដោះអាសន្នរបស់អ្នកដំណើរខាងលើ មានសពទាហាននិងប្រជាជនដេកស្លាប់រដូករណែល ដោយគ្មានចំណីអាហារហូបគ្រប់គ្រាន់។ ប្រជាជនខ្លះបានលួចយកគ្រឿងអលង្ការកំណាត់សំពត់ដែលនៅសល់ពីភ្នំពេញទៅដោះដូរយកអង្ករ ត្រីសាច់ ថ្នាំសង្កូវនានាមកដោះទុក្ខមួយគ្រានេះ។
លោកគ្រូ សំអុរ បានសម្រេចចិត្តយកនាឡិកាដៃ និងគ្រឿងអលង្ការខ្លះៗ ទៅប្ដូរយកអង្ករ និងស្បៀងខ្លះសម្រាប់ផ្គត់ផ្គង់ជីវិតគ្រួសាររបស់គាត់។ ម្ដងម្កាលនាង សំអាតសំអាន និងសំអាង បានចេញទៅលួចបេះបោចត្រកួន និងរកដំឡូងមកទុកបរិភោគបន្ថែមលើស្បៀងដែលអង្គការបានចែកឲ្យយ៉ាងលាក់លៀមបំផុត។ ប្រសិនបើខ្មែរក្រហមឃើញនោះ គេនឹងចោទថាយើងក្បត់អង្គការ និងបដិវត្តន៍។លោកគ្រូសំអុរ និងគ្រួសារបានសម្រាកនៅឃុំគគីជាងកន្លះខែដើម្បីរង់ចាំជើងកប៉ាល់មកដឹកចម្លងទៅខេត្តកំពង់ចាមជាមួយនឹងប្រជាជនជាច្រើនទៀតដោយក្តីអន្ទះសា និងអត់ឃ្លាន។ ពេលកប៉ាល់ទំនើបពីរជាន់ដែលសល់ពីសង្គមចាស់មកដល់មាត់កំពង់ហើយ ខ្មែរក្រហមបានឲ្យមនុស្សដែលបានរៀបបម្រុងទៅខេត្តកំពង់ចាមនោះឡើងទៅលើកប៉ាល់ជាបន្តៗ រហូតទាល់តែពេញកប៉ាល់ ទើបកប៉ាល់រោទិ៍បំពងសំឡេងចាកចេញទៅតាមដងទន្លេមេគង្គសំដៅទៅខេត្តកំពង់ចាម។ មិនបានប៉ុន្មានម៉ោងផង ក្រោយមកកប៉ាល់ដ៏ជរាបាននាំអ្នកដំណើរទាំងអស់មកដល់កំពង់ព្រែកពោធិ៍ដោយសុវត្ថិភាព។ អង្គការបានរៀបចំឲ្យប្រជាជនចំណាកស្រុកទាំងអស់សម្រាកនៅមាត់កំពង់មួយយប់សិន ដើម្បីរង់ចាំរៀបចំបែងចែកទៅតាមទិសដៅរបស់អង្គការចាត់តាំង។
(នៅមានត)