ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងបានឆ្លើយតបនឹងអាមេរិកដោយបញ្ជាក់ថាខ្លួននឹងមិនបោះបង់គោលជំហរនុយក្លេអ៊ែររបស់ខ្លួនឡើយ

ចែករំលែក៖

លោកស្រី Kim Yo Jong ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង Kim Jong Un បានប្រកាសថា ទីក្រុងព្យុងយ៉ាងនឹងមិនបោះបង់ការកាន់កាប់អាវុធនុយក្លេអ៊ែររបស់ខ្លួនឡើយ។
យោងតាមកាសែត Korea Times កាលពីថ្ងៃទី៩ ខែមេសាបានដកស្រង់សំដី លោកស្រី Kim Yo Jong បានច្រានចោលសេចក្តីថ្លែងការណ៍រួមនាពេលថ្មីៗនេះ របស់ភាគីទាំងបី អាមេរិក-កូរ៉េខាងត្បូង-ជប៉ុន ស្តីពីគោលដៅលុបបំបាត់នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។
លោកស្រី Kim បានអះអាងថា “សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកំពុងស្រមើស្រមៃ។ គោលដៅនៃការពង្រីកអាវុធនុយក្លេអ៊ែរ ត្រូវបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញរបស់កូរ៉េខាងជើង។ ការពិភាក្សាខាងក្រៅណាមួយស្តីពីការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបនេះ គឺជាទង្វើអរិភាព ហើយនឹងមិនផ្លាស់ប្តូរជំហររបស់យើងទេ។
ប្អូនស្រីរបស់មេដឹកនាំគីមបានសង្កត់ធ្ងន់ថាស្ថានភាពរបស់កូរ៉េខាងជើងជា “រដ្ឋនុយក្លេអ៊ែរ” គឺជាជម្រើសមួយដើម្បីដោះស្រាយជាមួយនឹងការគំរាមកំហែងពីខាងក្រៅ និងការផ្លាស់ប្តូររចនាសម្ព័ន្ធសន្តិសុខរបស់ពិភពលោកក្នុងពេលបច្ចុប្បន្ន និងអនាគត។
ការអត្ថាធិប្បាយរបស់លោកស្រី គីម ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងបានជួបគ្នានៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសរបស់អង្គការណាតូកាលពីសប្តាហ៍មុន។ ក្នុងជំនួបនោះ ប្រទេសទាំងបីបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
នៅឆ្នាំ 2022 កូរ៉េខាងជើងបានអនុម័តច្បាប់ជាផ្លូវការដែលប្រកាសខ្លួនឯងជារដ្ឋនុយក្លេអ៊ែរ ដោយបញ្ជាក់ថា ខ្លួននឹងមិនពិភាក្សាអំពីការរំសាយអាវុធនុយក្លេអ៊ែរ និងអនុញ្ញាតឱ្យខ្លួនធ្វើការវាយប្រហារនុយក្លេអ៊ែរជាមុន។
ចាប់តាំងពីចូលកាន់តំណែងជាអាណត្តិទីពីរមក លោកប្រធានាធិបតីអាមេរិក Donald Trump បានហៅកូរ៉េខាងជើងម្តងហើយម្តងទៀតថាជា “មហាអំណាចនុយក្លេអ៊ែរ” ហើយបានបង្ហាញពីឆន្ទៈចង់ចរចាជាមួយលោក Kim ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅលើឧបទ្វីប៕

ដោយ៖ ធីរីណា(រូបថត៖ Yonhap)


ចែករំលែក៖