ព័ត៌មានទាន់ហេតុការណ៍៖

ទំហំពាណិជ្ជកម្មនាំចេញ-នាំចូលរបស់កម្ពុជាឡើងដល់តម្លៃទឹកប្រាក់ជាង ១៤ពាន់លានដុល្លារ កើនឡើងជាង ១៥% ក្នុងត្រីមាសទី ១ឆ្នាំនេះ

ចែករំលែក៖

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មនាំចេញ-នាំចូលរបស់ប្រទេសកម្ពុជា ឈានដល់តម្លៃទឹកប្រាក់ ១៤,៤៤ពាន់លានដុល្លារអាម៉េរិក ក្នុងត្រីមាសទី ១ឆ្នាំ ២០២៥ កើនឡើង ១៥,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ស្ថិតិដដែលនេះបង្ហាញថា ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំនេះ ប្រទេសកម្ពុជា បាននាំចេញក្នុងទំហំទឹកប្រាក់ ៦,៨៧ពាន់លានដុល្លារអាម៉េរិក កើនឡើង ៩,៨% ខណៈទំហំនាំចូលមានតម្លៃទឹកប្រាក់ ៧,៥៧ពាន់លានដុល្លារអាម៉េរិក កើនឡើង ២១,៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៤។

ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា រួមមាន ចិន សហរដ្ឋអាម៉េរិក, សហភាពអឺរ៉ុប, វៀតណាម, ថៃ, ជប៉ុន, កាណាដា, ឥណ្ឌូនេស៊ី និងចក្រភពអង់គ្លេស ជាដើម។ ទោះជាយ៉ាងណាសហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញទំនិញធំបំផុតរបស់កម្ពុជា ដែលតាមពីក្រោយដោយសហភាពអឺរ៉ុប, វៀតណាម និងចិន។

កំណើនពាណិជ្ជកម្មនេះ កើតចេញពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការធ្វើពិពិធកម្មទីផ្សារនាំចេញ និងជំរុញការវិនិយោគ។ យ៉ាងណាមិញ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយពាណិជ្ជកម្មជាយុទ្ធសាស្ត្រ និងការធ្វើសមាហរណកម្មរបស់កម្ពុជាទៅក្នុងបណ្តាញពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក។

លើសពីនេះ កម្ពុជាទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗ រួមទាំងភាពជាដៃគូសេដ្ឋកិច្ចគ្រប់គ្រុងជ្រោយក្នុងតំបន់ (RCEP), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ដែលបានសម្រួលដល់ការទទួលបានទីផ្សារកាន់តែធំ និងកាត់បន្ថយពន្ធគយ។

ម៉្យាងវិញទៀត កំណើនពាណិជ្ជកម្មនេះ ក៏ឆ្លុះបញ្ចាំងកាន់តែប្រសើរឡើងនៃសង្វាក់ផលិតកម្មក្នុងស្រុក និងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ព្រមទំាងកំណើនតម្រូវការសកល។ ទោះបីជាយ៉ាងណា ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសកម្ពុជា នៅតែប្រឈមហានិភ័យ ខណៈដែលស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងភាពមិនប្រាដកប្រជា ដោយសារការលេចចេញសង្គ្រាមពាណិជ្ជកម្មជាថ្មី បន្ទាប់ពីរដ្ឋបាលលោក ដូណាល់ ត្រាំ បានដាក់ចេញគោលនយោ បាយដំឡើងពន្ធគយជាសកល ជាពិសេសទៅលើប្រទេសចិន, ភាពតានតឹងភូមិសាស្ត្រនយោបាយ និងការអូសបន្លាយសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

មុខទំនិញសំខាន់ៗរបស់កម្ពុជា ដែលនាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមមាន៖ ផលិតផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ, ផលិតផលកសិកម្ម ដែលមានដូចជា ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី និងដំឡូងមី និងកៅស៊ូ, គ្រឿងសង្ហារឹម, សំបកកង់រថយន្ត, បន្ទះសូឡា, កង់, សម្ភារអគ្គិសនី, គ្រឿងបង្គុំអេឡិចត្រូនិក និងគ្រឿងបង្គុំយានយន្ត ជាដើម។

ចំណែកទំនិញសំខាន់ៗ ដែលកម្ពុជា នាំចូលវិញ មានដូចជា វត្ថុធាតុដើមវាយនភណ្ឌកាត់ដេរ, ប្រេងឥន្ធនៈ, គ្រឿងអេឡិចត្រូនិក, យានយន្ត និងគ្រឿងចក្រ, សម្ភារសំណង់, គ្រឿងឧបភោគបរិភោគ,គ្រឿង សម្អាង,ឱសថ និងបរិក្ខាពេទ្យ ជាដើម៕

ដោយ៖ សូរិយា


ចែករំលែក៖