ខេត្តកណ្ដាល៖ យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃសុក្រទី១១ ខែមេសាឆ្នាំ២០២៥នេះ មានកិត្តិយសសូមជម្រាបជូនសាធារណជនពាក់ព័ន្ធគេហទំព័រឈ្មោះ Veasna Newspaper ដែលបានផ្សព្វផ្សាយវីដេអូ កាំម៉េរ៉ាសុវត្ថិភាព ករណី បុរសពីរនាក់ជិះម៉ូតូធ្វើសកម្មភាពលួចស្រាបៀ ផ្ទះលក់ចាប់ហួយ នៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។
ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ស្នងការ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ បាន ០១នាក់ ៖
-ករណី អំពើលួច (ស្រាបៀ និងទូរស័ព្ទ)
-កើតហេតុ៖ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១៩និង៣០នាទី
-នៅចំណុច៖ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះ ០១នាក់៖ មិនស្គាល់ឈ្មោះ មិនបានមកដាក់ពាក្យបណ្តឹង មានទីលំនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សម្ភារបាត់បង់៖ ស្រាបៀ ABC ចំនួន០២កេស។
ជនសង្ស័យចំនួន០២នាក់៖
១-ឈ្មោះ មហាម៉ាត់ សេនណុល ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
-ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេល៦ខែ ករណីលួច។
-ជនសង្ស័យមានសារធាតុញៀនក្នុងទឹកនោម(+)។
២-ឈ្មោះ ហៅក្រៅ ញ៉ាញ់ ភេទប្រុស អាយុ២០ឆ្នាំ មិនស្គាល់ទីលំនៅ (គេចខ្លួន)។
វត្ថុតាងចាប់យក៖ ទូរសព្ទ័ចំនួន០២គ្រឿង (សាំងសុងមួយគ្រឿង និងអូប៉ូមួយគ្រឿង)។
តាមការសាកសួរជនសង្ស័យបានឆ្លើយថា ខ្លួននិងបក្ខពួកម្នាក់ទៀតឈ្មោះ ញ៉ាញ់ ពិតជាបាននាំគ្នាធ្វើសកម្មភាពលួចស្រាបៀ ABC របស់គេនៅចំណុចភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ប្រាកដមែន តែស្រាបៀនោះពួកគាត់បានយកទៅលក់បានមួយកេសតម្លៃ២០ដុល្លារ យកលុយស៊ីចាយអស់ហើយ។ ចំណែកទូរស័ព្ទម៉ាក oppo ពួកគាត់លួចនៅម្តុំគល់ស្ពាន់វត្តព្រែកសំរោង រីឯទូរស័ព្ទសាំសុង ពួកគាត់លួចនៅភូមិលេខ២ សង្កាត់ស្វាយរលំ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបតាមការគួរ៕
ដោយ៖ តារា