ព័ត៌មានទាន់ហេតុការណ៍៖

ការប្រកួតប្រជែងសម្រាប់តំណែងប្រធានាធិបតីកូរ៉េខាងត្បូង

ចែករំលែក៖

ការបោះឆ្នោតពិសេសនេះ ធ្វើឡើងបន្ទាប់ពីតុលាការធម្មនុញ្ញកូរ៉េខាងត្បូងបានដកប្រធានាធិបតី Yoon Suk Yeol ចេញពីតំណែងកាលពីថ្ងៃទី 4 ខែមេសា ជុំវិញការសម្រេចចិត្តដ៏ចម្រូងចម្រាសរបស់លោកក្នុងការប្រកាសច្បាប់អាជ្ញាសឹក។
តើអ្នកណាជាបេក្ខជនដែលមានសក្តានុពល?
កាលពីថ្ងៃទី១០ ខែមេសា លោក Lee Jae Myung អតីតមេដឹកនាំគណបក្សប្រឆាំងប្រជាធិបតេយ្យ បានប្រកាសជាផ្លូវការនូវបេក្ខភាពរបស់លោក បន្ទាប់ពីបានលាលែងពីតំណែងជាប្រធានគណបក្សកាលពីមួយថ្ងៃមុន។
លោក Lee Jae Myung (អាយុ 61 ឆ្នាំ) បច្ចុប្បន្នកំពុងនាំមុខគេក្នុងការស្ទង់មតិសាធារណៈជាច្រើនជាមួយនឹងការវាយតម្លៃ 34% យោងទៅតាមការស្ទង់មតិរបស់ Gallup ដែលចេញផ្សាយនៅថ្ងៃទី 4 ខែមេសា។
អតីតមេដឹកនាំគណបក្សប្រឆាំងរូបនេះបានសន្យាថានឹងដោះស្រាយភាពលំអៀងសេដ្ឋកិច្ច ដែលលោកថាជាឫសគល់នៃជម្លោះសង្គម និងធ្វើឱ្យវិបត្តិនយោបាយរបស់កូរ៉េខាងត្បូងកាន់តែធ្ងន់ធ្ងរនាពេលថ្មីៗនេះ។
លោកក៏បានប្តេជ្ញាជំរុញការវិនិយោគទ្រង់ទ្រាយធំលើបច្ចេកវិទ្យានិងទេពកោសល្យ ដើម្បីស្តារកំណើនសេដ្ឋកិច្ចឡើងវិញ។ មកពីគ្រួសារក្រីក្រ លោក លី បានក្រោកឡើងក្លាយជាមេធាវីសិទ្ធិមនុស្ស និងអ្នកនយោបាយតំណាងឱ្យវណ្ណៈទាប ផ្ទុយពីលោក យុន ដែលជាកូនប្រុសរបស់សាស្ត្រាចារ្យ ដែលសិក្សានៅសាលាដ៏មានកិត្យានុភាព និងធ្លាប់ជាព្រះរាជអាជ្ញាដ៏ល្បីល្បាញ។ នៅក្នុងការបោះឆ្នោតឆ្នាំ 2022 លោក Yoon បានយកឈ្នះលោក Lee ដោយកម្រិតតូចចង្អៀត។
ប៉ុន្តែកាលពីឆ្នាំមុន ក្រោមការដឹកនាំរបស់លោក Lee គណបក្សប្រជាធិបតេយ្យសេរីបានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីលើគណបក្សអំណាចប្រជាជន (PPP) ដែលកំពុងកាន់អំណាចរបស់លោក Yoon ។ ជាមួយនឹងសំឡេងភាគច្រើននៅក្នុងរដ្ឋសភា គណបក្សប្រជាធិបតេយ្យបានរារាំងច្បាប់ និងផែនការថវិកាជាច្រើនរបស់លោក Yoon ហើយបានស្វែងរកការចោទប្រកាន់មន្ត្រីដែលត្រូវបានតែងតាំងដោយលោក។
គណបក្សអភិរក្សនៅតែគ្មានបេក្ខភាពលេចធ្លោណាដែលអាចយកឈ្នះលោក លី បាន។ អតីតរដ្ឋមន្ត្រីក្រសួងការងារ លោក Kim Moon Soo (អាយុ 73 ឆ្នាំ) ដែលជាបេក្ខជនអភិរក្សនាំមុខគេនាពេលបច្ចុប្បន្ន ទទួលបានការគាំទ្រត្រឹមតែ 9% ប៉ុណ្ណោះ។ គណបក្ស PPP គ្រោងនឹងជ្រើសរើសបេក្ខជនផ្លូវការរបស់ខ្លួនតាមរយៈការបោះឆ្នោតបឋមនៅខែឧសភាខាងមុខ។
កាលពីថ្ងៃទី 10 ខែមេសា លោក Han Dong Hoon ដែលជាអតីតមេដឹកនាំគណបក្ស PPP ក៏បានប្រកាសបេក្ខភាពរបស់លោកផងដែរ ដោយចូលរួមក្នុងបញ្ជីបេក្ខជនអភិរក្សនិយមផ្សេងទៀត ដូចជាអភិបាលក្រុងសេអ៊ូល លោក Oh Se Hoon និងសមាជិកបក្សកាន់អំណាច លោក Ahn Cheol Soo ។
បញ្ហាប្រឈមសម្រាប់អ្នកស្នងតំណែង
បន្ទាប់ពីតុលាការធម្មនុញ្ញដកលោក Yoon ចេញពីតំណែង កូរ៉េខាងត្បូងត្រូវតែរៀបចំការបោះឆ្នោតប្រធានាធិបតីថ្មីក្នុងរយៈពេល 60 ថ្ងៃ។
នៅប៉ុន្មានថ្ងៃខាងមុខនេះ គណបក្សនយោបាយនឹងកំណត់ពេលបោះឆ្នោតបឋមដើម្បីជ្រើសរើសបេក្ខជនរបស់ខ្លួនមុនថ្ងៃទី 12 ឧសភា នៅពេលដែលយុទ្ធនាការបោះឆ្នោតផ្លូវការចាប់ផ្តើម។ អ្នកឈ្នះនឹងចូលកាន់តំណែងភ្លាមៗ ដោយលុបចោលរយៈពេលផ្លាស់ប្តូរធម្មតាពីរខែ។
តើអ្នកណាដែល PPP ជ្រើសរើសនៅតែជាអាថ៌កំបាំងដ៏ធំមួយ។ អ្នកនយោបាយរាប់សិបនាក់បានបង្ហាញចំណាប់អារម្មណ៍ក្នុងការឈរឈ្មោះ ប៉ុន្តែគ្មានអ្នកនាំមុខដ៏ខ្លាំងណាម្នាក់បានលេចចេញមកទេ។ ហេតុផលមួយផ្នែកគឺថា រហូតមកដល់ពេលថ្មីៗនេះ គណបក្សបាននិងកំពុងព្យាយាមរកវិធីដើម្បីរក្សាលោក Yoon ឱ្យកាន់តំណែងជាប្រធានាធិបតី។ ការបណ្តេញលោក Yoon ចេញពីតំណែងគឺជាការវាយប្រហារដ៏ធំមួយដល់គណបក្ស PPP៕

ដោយ៖ ធីរីណា


ចែករំលែក៖