សំអាតមកដល់រង់ចាំ សុជាតិមិត្តសម្លាញ់បាត់យូរមិនឃើញវិលវិញសោះ ក៏កើតចិត្តមិនស្រួល។ សំអាត ចាំយូរពេកក៏ដេកលក់ក្នុងផ្ទះជាមួយមិត្តនារីឯទៀតៗ ទាំងក្តីមន្ទឹលក្នុងចិត្ត។ ថ្ងៃបន្ទាប់ ពេលសំអាតបានទៅធ្វើការនៅការដ្ឋានដូចសព្វដង នាងពុំឃើញសុជាតិទេ នាងខំសួរគេឯងដែរតែគ្មាននរណាបានដឹងសោះឡើយ។ ថ្ងៃត្រង់សម្រាក ជួងបានបន្លឺឡើងហៅមនុស្សម្នាទាំងអស់ឲ្យមកហូបបាយថ្ងៃត្រង់។ សំអាត បានប្រញាប់រួសរាន់មករោងអាហារ ដើម្បីទទួលរបបបាយថ្ងៃត្រង់ដោយក្តីស្រេកឃ្លាន។ មុនចាប់ហូបបាយ សំអាត បានទទួលដំណឹងមរណភាពរបស់មិត្តសម្លាញ់ពីមាត់មេកងកំណាចដែលបានស្រែកប្រកាសក្តែងៗពីបទវិន័យក្នុងរោងបាយនោះ។ទឹកនេត្រារបស់ សំអាត បានរមៀលធ្លាក់មកស្រោចផែនថ្ពាល់ទាំងសងខាង ជាសញ្ញាក្តីក្តុលក្តួលរំជួលចិត្តពេកក្រៃចំពោះការបាត់បង់មិត្តសម្លាញ់នេះ តែនាងខំសម្រួលឥរិយាបថវិញដើម្បីកុំឲ្យគេចាប់ថ្នាក់នាងបាន។ប្រជាជនរាប់រយនាក់ នៅក្នុងរោងបាយបានហូបបាយម្នាក់មួយកូនចានជាមួយនឹងសម្លដែលគេឱ្យមួយចានមួយក្រុម។ អាហារនេះមានរសជាតិឆ្ងាញ់ណាស់ចំពោះជនដែលស្រេកឃ្លានអាហារក្នុងពេលនេះ។ គ្មានសម្លវិសេសឯណាជាងសម្ល ម្ជូរត្រកួន សម្លប្រហើរសម្លល្វែត្រពាំង សម្លកកូរដែលស្លទាំងខ្ទះៗ ឱ្យពួកទាសករជាងរយនាក់បរិភោគនោះទេ ។
ក្រោយសម្រាកថ្ងៃត្រង់រួច សម្អាតបានត្រឡប់ទៅធ្វើការនៅការដ្ឋានវិញទាំងក្នុងខ្លួនធីងធោង។សែងសូរិយាពេលរសៀល បានកំពុងដុតចំហុយប្រជាជនខ្មែរឲ្យរងទារុណកម្មរឹតតែអស់កម្លាំងថែមទៀត។ សំអាត បានរបូតចបពីដៃហើយរាងកាយដួលទាំងជំហរទៅលើដីដោយរោគខ្យល់មួយរំពេច។ មិត្តនារីឯទៀតឃើញដូច្នេះ ក៏មកមើលជួយយកអាសាដោយក្តីអាណិត តែត្រូវមេកងនារីស្រែកបន្ទោសដោយសំដីកំណាចថា ” នែមិត្តទាំងអស់គ្នា ឆាប់ចេញភ្លាមទៅ ទៅធ្វើការតាមមុខនាទីរៀងខ្លួនទៅ មិត្តមិនមែនគ្រូពេទ្យទេ ចេះដឹងអី សក់អ្នកណាក្បាលអ្នកហ្នឹង ” ។ មិត្តនារីទាំងអស់ក៏បែកគ្នាទៅធ្វើការជីកប្រឡាយ រៀងៗខ្លួនវិញ។ មេកងនារីបាននាំសំអាត មកសម្រាកនៅផ្ទះវិញ។ល្ងាចឡើង សំអាត បានដឹងខ្លួនធូរពីជំងឺបន្តិចងើបឡើងអង្គុយហូបបបររាវដែល ចាន់ ជាមិត្តនារីរស់នៅផ្ទះជាមួយលួចយកអង្ករមកដាំឲ្យនាង។ សំអាត ហូបបណ្ដើរសួរទៅចាន់ជាមិត្តបណ្ដើរថា ” ចាន់ឯងបានបបរនេះពីណាមកឲ្យខ្ញុំ? ខ្ញុំអរគុណណាស់” ។ចាន់ ឆ្លើយតបយ៉ាងទន់ភ្លន់ទៅវិញថា ” គ្មានគុណស្រ័យអីទេបងអាត បងខំហូបទៅឱ្យមានកម្លាំងនឹងបានទៅធ្វើការនៅការដ្ឋានយើងបន្ត បើបងមិនធូរទេ អង្គការនឹងបញ្ជូនបងទៅពេទ្យហើយ។ បើបងទៅទីនោះដូចរង់ចាំស្លាប់ដដែលហ្នឹង ព្រោះនៅពេទ្យនោះគ្មានថ្នាំអ្វីទេ គឺមានតែថ្នាំអាចម៍ទន្សាយជួយអីមិនបានទេ ឈឺអីក៏ថ្នាំហ្នឹងដែរបងអើយ” ។
ល្ងាចមួយ ក្រោយបរិភោគបាយរួច មេកងបានហៅ សំអាត ទៅប្រជុំជាមួយមិត្តនារីផ្សេងៗទៀតដែលគ្មានមូលហេតុ។ តាមការពិតគេហៅមកប្រជុំពីបញ្ហារៀបការគូស្រករទេតើ។ ឈ្មោះរបស់សំអាត ព្រមជាមួយឈ្មោះមិត្តនារីនារីឯទៀត ត្រូវបានអង្គការស្នើដាក់ក្នុងបញ្ជីរៀបការជាមួយយុវជនផ្សេងទៀតដែលអង្គការរៀបចំឡើង។ សំអាត ត្រឡប់មកពីប្រជុំវិញដោយចិត្តមួរម៉ៅក្នុងអារម្មណ៍។
រៀបការ?…តើខ្ញុំពិតជាត្រូវរៀបការមែនឬ? កូនកំលោះជានរណា? នៅឯណា? គេរៀបការយ៉ាងដូចម្ដេចទៅ បើឪពុកម្ដាយរបស់ខ្ញុំមិនដឹងផងនោះ។ សំណួរទាំងនេះបានផុសពេញខួរក្បាលរបស់សំអាត។
ថ្ងៃកំណត់ពិធីរៀបការចូលមកដល់ អង្គការបានរៀបចំវគ្គរៀបការនេះចំនួន ៣០ គូ ដោយគ្មានឪពុកម្ដាយចូលរួមសោះឡើយ។ មេកងក្នុងសហករណ៍បានឈរនៅចំពោះមុខជនប្រុសស្រីទាំងឡាយដែលរៀបបម្រុងផ្សំផ្គុំឲ្យ។ មុននឹងចាប់ផ្ដើមហៅឈ្មោះមិត្តយុវជន និងមិត្តនារីទាំងនោះឡើងប្តេជ្ញាយកគ្នាជាប្ដីប្រពន្ធតាមបំណងរបស់អង្គការកំណត់នោះ ប្រធានសហករណ៍បានពោលឡើងថា ” បងប្អូនឃើញទេការសម័យមុនបើបងប្អូនគ្មានប្រាក់ កុំស្មានថាបងប្អូនរៀបការបានអ៊ីចឹង។ ឥឡូវនេះទោះបងប្អូនគ្មានលុយក៏បងប្អូនអាចរៀបការចាប់ដៃគ្នាបានដែរ ហើយមិនរវល់ដល់ក្រុមគ្រួសារទៀតផង។ ប្រធានសហករណ៍បញ្ចប់សំដីនេះរួច បានចាប់ហៅឈ្មោះអ្នកដែលត្រូវរៀបការឲ្យឡើងមកចាប់ដៃគ្នា ប្ដេជ្ញាចំពោះមុខប្រធានសហករណ៍ក្នុងបរិយាកាសស្ងប់ស្ងាត់។ សំអាត ត្រូវផ្សំផ្គុំជាមួយមិត្តយុវជនម្នាក់ដែលមានអាយុស្របាលៗគ្នាហើយមានរូបរាងសង្ហាគ្រាន់បើ តែត្រូវរបួសពិការដៃឆ្វេងក្នុងគ្រាធ្វើបដិវត្តន៍។ យុវជននោះឈ្មោះសុផល បានឡើងចាប់ដៃមិត្តនារីសំអាតប្ដេជ្ញានៅចំពោះមុខអង្គការកំណាចខ្មែរក្រហម។ ក្រោយពីបានបញ្ចប់ពិធីរៀបការនេះហើយ អង្គការបានឲ្យគូស្វាមីភរិយាថ្មីថ្មោងទាំងនេះទៅសម្រាកក្នុងកូនខ្ទមតូចៗ ដែលសង់ពីឈើប្រក់ស្បូវដែលជាផ្ទះសម្រាប់ការផ្សំដំណេក។ ទោះបីស្រឡាញ់ ឬមិនស្រឡាញ់ក៏ដោយ ប្ដីប្រពន្ធទាំងអស់ដែលទើបនឹងរៀបការត្រូវតែសម្រាកនៅជាមួយគ្នាក្រោមការឃ្លាំមើលដោយកងឈ្លប។ ថ្ងៃនោះសំអាតអង្គុយស្ងៀមនៅក្នុងខ្ទមដោយមិនចេញស្ដីថែមទាំងមានទឹកមុខព្រួយបារម្ភ ស្រាប់តែមានសំដីស្រាលត្រជាក់រសាត់មកប្រលោមសោតារបស់នាងថា ម៉េចមិនមកសម្រាក? នាងខ្លាចខ្ញុំឬ? យើងទាំងពីរជាប្ដីប្រពន្ធគ្នាហើយ។មកសម្រាកមក កុំឱ្យមានបញ្ហាជាមួយអង្គការណា។ ចា៎! មិនអីទេខ្ញុំចូលដេកឥឡូវហើយ។ សំអាតឆ្លើយតបដោយក្តីគួរសម។
ទោះបីរស់នៅជាមួយគ្នាដោយគ្មានមនោសញ្ចេតនាយ៉ាងណាក្តី សំអាត និងសុផល អាចរស់នៅជាមួយគ្នា ចុះសម្រុងជាធម្មតា។ប្រហែលជានិស្ស័យហើយទើបបណ្ដាលឱ្យសុផល និងសំអាត រស់នៅចុះសម្រុងគ្នាយ៉ាងនេះ។
* និរាសលុះអវសាន :
រយៈពេលជាងមួយឆ្នាំកន្លះហើយដែលក្រុមគ្រួសារបានរស់នៅឃ្លាតពីគ្នា។ សំអាន ដែលទៅធ្វើការក្នុងកងចល័តយុវជនបានចល័តពីតំបន់មួយទៅតំបន់មួយ។ មកដល់ខែតុលាឆ្នាំ ១៩៧៦ សំអាន បានចល័តមកដល់ស្រុកស្នួលខេត្តក្រចេះ។ មកដល់ទីនេះបន្ទុកការងាររបស់សំអានកាន់តែធ្ងន់ទៅធ្ងន់ទៅ។ ចំណែករបបអាហារវិញកាន់តែតិចធ្វើឲ្យប្រជាជនបាក់កម្លាំងហើយឈឺស្លាប់ជារឿយៗ។ សំអាន ខំធ្វើការមិនហ៊ានប្រហែសសោះឡើយព្រោះក្នុងចិត្តសំអានតែងរំពឹងថាពេលណាមួយនឹងបានទៅជួបឪពុកម្ដាយវិញជាក់ជាមិនខាន។(នៅមានត)