ព័ត៌មានទាន់ហេតុការណ៍៖

អតីត​មិត្តរួមក្រុម Arsenal ពីររូបកំពុងដឹកនាំក្លឹបម្នាក់មួយនៅ Championship

ចែករំលែក៖

អតីតមិត្តរួមក្រុមកាំភ្លើងធំ Arsenal កីឡាករ Jack Wilshere និង Aaron Ramsey កំពុងតែកាន់តួនាទីជាអ្នកដឹកនាំក្លឹបបាល់ទាត់រៀងខ្លួននៅក្របខ័ណ្ឌអង់គ្លេស Championship ។

Wilshere ត្រូវ​បាន​ប្រកាស​ជា​គ្រូ​បង្វឹក​បណ្ដោះ​អាសន្ន​របស់ Norwich City កាល​ពី​ថ្ងៃ​អង្គារ បន្ទាប់​ពី​ក្លឹបបាន​បណ្តេញ​លោក Johannes Hoff Thorupចេញពីតំណែង។

ចំណែក Ramsey បានក្លាយជាអ្នកចាត់ការ បណ្តោះអាសន្នរបស់ក្លឹប Cardiff City កាលពីថ្ងៃសៅរ៍ បន្ទាប់ពីការសម្រេចចិត្តរបស់ក្លឹបប្រទេសវេលក្នុងការចែកផ្លូវជាមួយ គ្រូបង្វឹកOmer Riza ។

Norwich នឹងធ្វើជាម្ចាស់ផ្ទះប៉ះក្រុម Cardiff នៅថ្ងៃចុងក្រោយនៃរដូវកាល – ថ្ងៃទី 3 ខែឧសភា – មានន័យថាអតីតមិត្តរួមក្រុម Arsenal ទាំងពីរនឹងប្រឈមមុខគ្នាក្នុងនាមជាអ្នកចាត់ការទូទៅ។ 

Wilshere និង Ramsey ដែលធ្លាប់លេងជាមួយគ្នានៅខ្សែបម្រើរបស់ Arsenal ស្គាល់គ្នាយ៉ាងច្បាស់មិនគួរឲ្យជឿ ដោយសារពួកគេធ្លាប់លេងជាមួយគ្នាជាច្រើនឆ្នាំនៅទឹកដី Emirates របស់ក្រុមកាំភ្លើងធំ។

Ramsey លេងឱ្យ Arsenal ពីឆ្នាំ 2008 ដល់ 2019 ដោយស៊ុតបញ្ចូលទីបាន 64 គ្រាប់ និងផ្តល់បាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន 60 ដងក្នុងការប្រកួតចំនួន 369 នៅគ្រប់ការប្រកួតទាំងអស់។Ramsey វ័យ 34 ឆ្នាំ បានផ្លាស់ទៅ Juventus និង Nice ហើយថែមទាំងបានចំណាយពេលខ្ចីជើងនៅ Rangers ផងដែរ បន្ទាប់ពីចាកចេញពីទីក្រុងឡុងដ៍ភាគខាងជើងមុនពេលគាត់ផ្លាស់ទៅ Cardiff ។

Wilshere វ័យ 33 ឆ្នាំលេងឱ្យក្រុម West Ham, AFC Bournemouth និងក្រុមដាណឺម៉ាក AGF បន្ទាប់ពីចាកចេញពី Arsenal ដោយព្យួរស្បែកជើងរបស់គាត់កាលពី 3 ឆ្នាំមុន ៕

ដោយ៖ ភារៈ


ចែករំលែក៖