ព័ត៌មានទាន់ហេតុការណ៍៖

ឃុំចំនួន២ត្រូវបានភ្លៀងមួយមេលាយនិងខ្យល់កន្ត្រាក់ផ្គររន្ទះរងផលប៉ះពាល់ផ្ទះពលរដ្ឋស្មើ១៤ខ្នងនិងគោ២ក្បាលងាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ យ៉ាងហោចណាស់ក៏មានផ្ទះប្រជាពលរដ្ឋចំនួន១៤ខ្នង  ជង្រុកស្រូវ២ និង រោង៤ បានខូចខាតដោយខ្យល់កន្ត្រាក់ នៅវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅក្នុងស្រុកអូរជ្រៅ 

លោកវរសេនីយ៍ទោ អ៊ឹម សុភារៈ អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា៖ នៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅស្រុកអូរជ្រៅ មានភ្លៀងរលឹមស្រិចៗ លាយឡំនិងខ្យល់កន្ត្រាក់បង្កឲ្យផ្ទះប្រជាពលរដ្ឋចំនួន២ឃុំ គឺឃុំសំរោង២ខ្នង និងឃុំចង្ហា១២ខ្នង បានរងនូវការប៉ះពាល់សរុបចំនួន១៤ខ្នង ជាមួយនោះក៏មាន ជង្រុក ២ខ្នង និងរោង៤ខ្នងខូចខាតផងដែរ  ។

ជាមួយគ្នានោះ លោកអធិការបានក៏បានណែនាំដល់ប្រជាពលរដ្ឋ ពេលមានភ្លៀង ផ្គររន្ទះនិងខ្យល់ សូមឲ្យមានការប្រុងប្រយ័ត្ន គឺត្រូវរកទីកន្លែងមានសុវត្ថិភាព ៕

   ដោយឡែក សត្វគោ២ក្បាលបានងាប់ភ្លាមៗក្រោយពីរន្ទះបាញ់ បាតុភូតដ៏អាក្រក់នេះបានកើតឡើងនៅម៉ោង៣និង១០នាទីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ត្រង់ចំណុចវាលខាងលិចភូមិរំពាក់ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ   ប្រហែល១០០០ម៉ែត្រ ។

នគរបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុសត្វគោញីទាំង២ក្បាលដែលមានម្ចាស់ឈ្មោះ ជា ប៉ក់ អាយុ៦៥ឆ្នាំ ប្រពន្ធឈ្នោះ ប៉ិ លីន អាយុ៦៧ឆ្នាំ នៅភូមិរំពាក់ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ   បានចងឲ្យស៊ីស្មៅនៅឯវាលស្រែចម្ងាយប្រហែល១០០ម៉ែត្រខាងលិចភូមិ ស្របពេលនោះក៏មានភ្លៀងធ្លាក់លាយឡំជាមួយនិងផ្គររន្ទះយ៉ាងខ្លាំងបានបាញ់សត្វគោញីទាំង២ក្បាលនោះងាប់ភ្លាមៗមួយរំពេចនៅនឹងកន្លែង៕

ដោយ៖ វណ្ណា


ចែករំលែក៖