ខេត្តបាត់ដំបង ៖ រថយន្តដឹកខ្សាច់លើសទម្ងន់១គ្រឿងដែលគេអះអាងថា ជារថយន្តបំរើការនៅក្រុមហ៊ុនមួយ ដែលកំពុងសាងសង់ទំនប់វារីអគ្គិសនីមួយកន្លែង នៅក្នុងឃុំតាតោក ស្រុកសំឡូត នឹងទទូលខុសត្រូវទាំង ស្រុង ចំពោះការសាងសង់ស្ពានដែក (ស្ពានបេឡេ) ឡើងវិញ ក្រោយពីរថយន្តដឹកខ្សាច់របស់ក្រុមហ៊ុនមួយនេះ ធ្វើឲ្យខូចខាតបាក់ស្រុតស្ពាននោះ រហូតមិនអាចឲ្យយានយន្តធ្វើដំណើរឆ្លងកាត់បាន។ នេះបើតាម លោក ព្រូញ រិទ្ធថា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី ១០ ឧសភា នេះ ។
លោក ព្រូញ រិទ្ធថា បាននិយាយថា ស្ពានដែកមួយខ្សែនោះ បានបាក់ស្រុតខូចខាត ដោយសារតែរថយន្តដឹកខ្សាច់ឲ្យក្រុមហ៊ុន «សាងសង់ទំនប់ស្ទាក់ទឹក» មួយកន្លែង នៅឃុំតាតោក ដឹកខ្សាច់លើសទម្ងន់បើកឆ្លងកាត់ ធ្វើឲ្យបាក់ស្រុតក្បាលស្ពានខូចខាតយ៉ាងធ្ងន់ធ្ងរ។ លោកប្រធានមន្ទីរ បានបញ្ជាក់ថា ក្រោយស្ពានបាក់ស្រុត ខូច ខាតមិនអាចធ្វើដំណើរឆ្លងកាត់បាន ភាគីក្រុមហ៊ុនបានរូសរាន់ប្រើប្រាស់គ្រឿងចក្រកាយសម្រូលផ្លូវវាងឆ្លងអូរ ដើម្បីសម្រូលចរាចរណ៍បណ្ដោះអាសន្ន។
ប៉ុន្តែយ៉ាងណាក៏ដោយ បើតាមលោកប្រធានមន្ទីរដដែល នៅតែទាមទារឲ្យភាគីក្រុមហ៊ុន ត្រូវតែទទូលខុសត្រូវ ចំពោះការខូចខាតស្ពានដែកមួយខ្សែនេះ ហើយត្រូវតែសាងសង់ស្ពានដែកនេះទាំងស្រុងឡើងវិញ។ ពីព្រោះបើតាមពិនិត្យលើស្ថានភាពជាក់ស្ដែង ដែលមន្ត្រីជំនាញបានចុះពិនិត្យ ស្ពាននេះមិនអាចជួសជុលបានប្រើប្រាស់ទេ មានតែសាងសង់ថ្មី ទើបធានាគុណភាព។
គេមិនទាន់ដឹងពីប្រវែងស្ពាននេះជាក់លាក់នៅឡើយទេ។ បើតាមមន្ត្រីមូលដ្ឋាន បានទទួលស្គាល់ថា ស្ពានដែកដែលរងការខូចខាតនេះ គឺពិតជាខូចខាតដោយសារតែរថយន្តដឹកខ្សាច់លើសទម្ងន់បើកឆ្លងកាត់ប្រាកដមែន។ ស្ពាននេះមានទីតាំងនៅចំណុច«អូរថ្ម» ស្ថិតក្នុងភូមិអូរតាទាក ឃុំតាតោក ស្រុកសំឡូត ហើយបានបាក់ខូច ខាតកាលពីវេលាថ្ងៃត្រង់ ថ្ងៃទី ០៩ ឧសភា ពេលដែលរថយន្តដឹកខ្សាច់លើសទម្ងន់នោះបើកឆ្លងកាត់ ។
ប្រជាពលរដ្ឋដែលស្ថិតក្នុងហេតុការណ៍នោះនិយាយថា រថយន្តដឹកខ្សាច់បំផ្លាញស្ពាននោះ បានព្យាយាមបើកឆ្លងកាត់ដល់ក្បាលស្ពានម្ខាងទៅហើយ ក៏ស្រាប់តែបាក់ស្រុតក្បាលស្ពានផុងជាប់ទាំងរថយន្តតែម្ដង។ ប្រភពដដែលនេះបានបញ្ជាក់ថា ក្រោយធ្វើឲ្យបាក់ស្ពានទៅមុខលែងរួច អ្នកបើកបរសម្រេចចាក់ខ្សាច់រាប់សិបម៉ែត្រគូបចោលនៅក្បែរក្បាលស្ពាននោះ រួចហើយបើករថយន្តគេចបាត់ ដែលទំនងបើទៅកាន់ទីតាំងក្រុមហ៊ុន។
នៅកន្លែងកើតហេតុ ក្រោយពីស្ពានរងការខូចខាត យាន យន្តគ្រប់ប្រភេទមិនអាចធ្វើដំណើរឆ្លងកាត់បានឡើយ ដែលនាំឲ្យមានការកកស្ទះចរាចរណ៍មួយរយៈ។ ប៉ុន្តែភ្លាមៗ ក្រោយបាត់រថយន្តដឹកខ្សាច់បំផ្លាញស្ពាន ស្រាប់ តែលេចរថយន្តដឹកគ្រឿងចក្រអេស្ការវទ័រ១គ្រឿងមក ដល់។ គ្រឿងចក្រនោះ ទំនងជារបស់ក្រុមហ៊ុនសាងសង់ទំនប់ទឹក នៅតំបន់ឃុំតាតោកនោះ។
គេឃើញគ្រឿងចក្រនោះ បានចាប់ផ្ដើមធ្វើការឈូសឆាយធ្វើផ្លូវវាងឆ្លងអូរ ក្បែរស្ពាននោះភ្លាមៗដែរ ដើម្បីប្រញាប់ប្រញាល់ឲ្យអ្នកដំណើរបានឆ្លងកាត់។ ចំណែកស្ពានដែកដែលខូចខាត មិនអាចឆ្លងកាត់បានទេ បើទោះជាគ្រឿងចក្រនោះព្យាយាមកាយដីចាក់ពង្រាបឲ្យស្មើក្ដី។ យានយន្តអាចធ្វើដំណើរបានតាមផ្លូវវាងឆ្លងកាត់អូរក្បែរស្ពានតែប៉ុណ្ណោះ។
ប៉ុន្តែបើមានភ្លៀងជោកជាំ យានយន្តមិនអាចឆ្លងកាត់បានឡើយ។ នេះបើតាមប្រជាពលរដ្ឋ នៅតំបន់នោះនិយាយប្រាប់។ ជុំវិញករណីនេះ លោក ព្រូញ រិទ្ធថា ប្រធានមន្ទីរសាធារណៈ និង ដឹកជញ្ជូនខេត្ត បានមានប្រសាសន៍ដែរថា មន្ត្រីជំនាញរបស់លោក បានចុះពិនិត្យស្ថានភាពស្ពានដែក ដែលរងការខូចខាតដោយសាររថយន្តដឹកខ្សាច់លើសទម្ងន់នោះរួចហើយ។
លោកថា បើតាមស្ថានភាពនៃការខូចខាត ស្ពាននោះមិនអាចគ្រាន់តែធ្វើការជួសជុល ដើម្បីប្រើប្រាស់បានឡើងវិញនោះទេ គឺត្រូវសាងសង់ជាថ្មី ទើបអាចប្រើប្រាស់បាន។ ពេលនេះយើងកំពុងតាមរកភាគីរថយន្តបំភ្លេចបំផ្លាញស្ពាននេះ ឲ្យមកទទូលខុសត្រូវ និង ធ្វើឲ្យបានឆាប់បំផុត មុនពេលមានជំនន់ទឹកភ្លៀងមកដល់ ព្រោះពេលនេះជារដូវភ្លៀងធ្លាក់ហើយ។ ដូច្នេះ លោកត្រូវតែទាមទាឲ្យភាគីរថយន្តបំផ្លាញស្ពានខាងលើនេះ ចេញមុខដោះ ស្រាយឲ្យទាន់ពេលវេលា ដើម្បីបានប្រជាពលរដ្ឋ និងយានយន្តគ្រប់ប្រភេទបានឆ្លងកាត់ឡើងវិញ៕

ដោយ៖ សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច