ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ត្រូវរន្ទះបាញ់ស្លាប់ពេលកំពុងព្រួសស្រូវនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ស្ត្រីម្នាក់ត្រូវបានរន្ទះបាញ់បណ្តាលឱ្យស្លាប់ភ្លាមៗ នៅពេលកំពុងព្រួសស្រូវក្នុងវាលស្រែ ខណៈអាកាសធាតុមានភ្លៀង និងផ្គរលាន់ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រមាណ ១៤ និង១០នាទី រសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចវាលស្រែក្បាលអូរក្រូច ភូមិទំនប់ថ្មី ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះឈ្មោះ ជឿន ដាលីន ភេទស្រី អាយុ ២៩ ឆ្នាំ មានទីលំនៅក្នុងភូមិអង្កែរ ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ព័ត៌មានពីប្រភពក្នុងតំបន់បញ្ជាក់ថា មុនពេលកើតហេតុ នាងបានចេញទៅព្រួសស្រូវជាមួយបងប្អូន ។ នៅពេលមេឃចាប់ផ្តើមស្រទុំ ហើយបន្ទាប់ មកមានភ្លៀងខ្យល់ និងផ្គរលាន់។ ក្រោយមកមានរន្ទះ បាញ់ បណ្តាលឲ្យនាងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ខណៈដែលបងប្អូនថ្លៃដែលព្រួសស្រូវជាមួយគ្នានោះមិនរងគ្រោះទេ។

បច្ចុប្បន្ន សពនាងត្រូវបានដឹកមកដល់ផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណីជាតិខ្មែរ៕

ដោយ៖ សូរិយា


ចែករំលែក៖