ព័ត៌មានទាន់ហេតុការណ៍៖

ករណីជនជាតិចិនម្នាក់ផ្ទុះអាវុធចំនួន២គ្រាប់ ខឹងសន្តិសុខហាមមិនឲ្យជក់បារី ប្រឈមជាប់គុកពី៦ខែទៅ ទៅ២ ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំ ពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥  បានឲ្យដឹងថា ករណីជនជាតិចិនម្នាក់ផ្ទុះអាវុធចំនួន២គ្រាប់ ខឹងសន្តិសុខហាមមិនឲ្យជក់បារី ត្រូវបានតំណាងអយ្យការបើកការស៊ើបសួរលើជនសង្ស័យឈ្មោះ លី ជែម៉ុង ភេទប្រុស ពីបទ.កាន់កាប់ ប្រើប្រាស់ លក់ ទិញ នូវអាវុធគ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត តាមមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ។ 

យោងតាមមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ជនណាដែលបំពាក់ដាក់តាមខ្លួន កាន់កាប់ ប្រើប្រាស់ លក់ ទិញឲ្យខ្ចី ផ្ទេរ ចែកចាយ ជួល កែច្នៃតម្លើង ជួសជុល នូវអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ដល់ ២ឆ្នាំ និងត្រូវពិន័យជាប្រាក់ពី ៥០ ម៉ឺនដល់២ លានរៀល ដោយពុំទាន់គិតពីបទល្មើសព្រហ្មទណ្ឌផ្សេងទៀត ។ 

 សូមជម្រាបថា ៖ បុរសជនជាតិចិនខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចនប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងព្រលិត នៃអធិការដ្ឋាននគរបាលខណ្ឌ៧ មករា ធ្វើការឃាត់ខ្លួន បន្ទាប់ពីផ្ទុះអាវុធចំនួន០២គ្រាប់ ដោយបាញ់គំរាមសន្តិសុខ ដែលហាមមិនឲ្យជក់បារីពេលចូលក្នុងភោជនី យដ្ឋានផឹកស៊ី ។ ហេតុការណ៍នោះបង្កឡើងកាលពីវេលាម៉ោង២ និង៥០ នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២ ០២៥ នៅចំណុចមុខហាងចិនមួយកន្លែងយីហោ (ផ្ទះបាយ ជៀ ស៊ាំង) ស្ថិតនៅផ្លូវ២៣២ កែង១១១ សង្កាត់បឹងព្រលិត ខណ្ឌ៧ មករា រាជធានីភ្នំពេញ ។ ជនបង្កមានឈ្មោះ លី  ជែម៉ុង ភេទប្រុសអាយុ៣៤ ឆ្នាំ មុខរបរ ជាបុគ្គលិក ហួយវ័នផេ និងស្នាក់នៅបន្ទប់លេខ៥០៤ ជាន់ទី៥ អគារហួយវ័នផេ សង្កាត់បឹងព្រលឹត ខណ្ឌ៧ មករា ។ តាមសាក្សីបុគ្គលិកហាងលក់ដូរខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនជាតិចិនម្នាក់នោះ ដកបារីចេញពីហោប៉ាវរួចទាញដែកកេះអុចបម្រុងជក់ ប៉ុន្តែឃើញដូច្នោះសន្តិសុខយាមនៅទីនោះ ក៏បានដើរទៅហាមមិនជក់បារីនៅពេលចូលក្នុងភោជនីយដ្ឋាន ។ ភ្លាមៗ នោះបុរសជាជនជាតិចិនស្រាប់ តែទាញកាំភ្លើងខ្លីចេញពីចង្កេះ បាញ់ឡើងលើចំនួន០២គ្រាប់ជាការបាញ់គម្រាមសន្តិសុខ ធ្វើឲ្យមានការភ្ញាក់ផ្អើលឈូឆរ ស្របពេលនោះបុគ្គលិកបម្រើការងារនៅហាង បានរាយការណ៍ទៅសមត្តកិច្ចឲ្យចុះជួញអន្តគមឃាត់ខ្លួន និងឃាត់ខ្លួនខ្មាន់កាំភ្លើងយកទៅសាកសួរ ។ ជាក់ស្តែងសមត្តកិច្ចបានដកហូតសម្ភារៈ និងវត្ថុតាងរួមមាន ៖

.អាវុធខ្លីម៉ាក GLOCK19 មួយដើម

.គ្រាប់កាំភ្លើងចំនួន០៨ គ្រាប់

.សំបកគ្រាប់ចំនួន០២ គ្រាប់

.នឹងទូរស័ព្ទដៃម៉ាកអាយIPHONE 7 ពណ៌ផ្កាឈូក ១គ្រឿង

.ទូរស័ព្ទដៃម៉ាក IPHONE 15promax ពណ៌ខ្មៅ ១គ្រឿង ។ 

 ជនសង្ស័យត្រូវបានសមត្តកិច្ចនគរបាលខណ្ឌ៧មករា កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖