ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តើ ទិវាជាតិនៃការចងចាំ២០ឧសភា មានអត្ថន័យយ៉ាងណា?

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ទិវាជាតិនៃការចងចាំ២០ឧសភា បានរំលឹកឲ្យប្រជាពលរដ្ឋរួមគ្នាថែរក្សាសុខសន្តិភាពឱ្យបានដាច់ខាត ដើម្បីកុំឲ្យមានការវិលត្រឡប់នៃរបបខ្មែរក្រហមមកកម្ពុជាសារជាថ្មី មកបំផ្លាញសេចក្តីសុខរបស់ប្រជាជនកម្ពុជាម្តងទៀត។

នៅក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការរោងចក្រផលិតស៊ីម៉ងត៍របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្ងៃ២០ឧសភា ជា «ទិវាជាតិនៃការចងចាំ» និងជាទិវាបុណ្យជាតិផ្លូវការដែលត្រូវបានកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ សម្រាប់ជាការរំឭកដល់ជនរងគ្រោះនឹងការឈឺចាប់ពីឧក្រិដ្ឋកម្មដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ទិវាជាតិនៃការចងចាំ ២០ ឧសភា បង្កើតឡើងក្នុងគោលបំណងលើកតម្កើងការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, លើកតម្កើងការរំឭកដល់ជនរងគ្រោះ ការស្តារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិតឬបានបាត់បង់ជីវិតក៏ដោយ, ប៉ះប៉ូវការឈឺចាប់ខាងផ្លូវចិត្តនិងផ្នែកសង្គមរបស់ជនរងគ្រោះនិងក្រុមគ្រួសារ, ចូលរួមចំណែកដល់ ការផ្សះផ្សាជាតិនិងជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា, និងលើកកម្ពស់ការផ្សព្វផ្សាយនិងការយល់ដឹង អំពីអំពើឃោរឃៅដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យកុំឱ្យកើតមានឡើងសាជាថ្មី។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែររំលឹកដល់ថ្ងៃឈឺចាប់២០ឧសភា នេះ ទៅជាការទប់ស្កាត់កុំឱ្យមានការបែកបាក់ជាតិដូចកាលពីអតីតកាលដែលអាចធ្វើឱ្យប្រទេស ជាតិយើងធ្លាក់ចូលក្នុងទុក្ខវេទនានៃសង្រ្គាមដូចកាលពីអតីតកាល៕

ដោយ ៖ សិលា


ចែករំលែក៖